ហេតុអ្វី​ក៏​ពង្រត់​ប្រពន្ធ​ខ្ញុំ​?

, , Leave a comment

​នេះ​ជា​រឿងរ៉ាវ​ស្នេហា​ពិត​មួយ​របស់​បុរស​ម្នាក់​ឈ្មោះ សុច វុទ្ធី ដែល​បាន​ស្រឡាញ់​នារី​ម្នាក់​ឈ្មោះ ស្រីរ័ត្ន ស្មើនឹង​ជីវិត​របស់ខ្លួន​ហើយ​សេចក្តីស្នេហា​របស់​ពួកគេ​ទាំងពីរ​នាក់ ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែ​មាន​ភាព​ផ្អែមល្ហែម និង​មាន​ចំណង​កាន់តែ​រឹងមាំ​ទៅៗ រហូតដល់​បែក​មុខ​គ្នា​មិនបាន ប៉ុន្តែ​សេចក្តីស្នេហា​របស់​អ្នក​ទាំងពីរ​ត្រូវបាន​រារាំង​ដោយ​បងប្អូន​ខាង​ស្រី​ដែល​ពួកគេ​មិន​ចង់​ឲ្យ​កូន ឬ​ប្អូនស្រី​របស់​ពួកគេ​បាន​ជួប វុទ្ធី ឡើយ​។ ដោយ​សេចក្តីស្នេហា​របស់​ពួកគេ​មាន​ជម្រៅ​ជ្រៅ​ជាង​ទឹកសមុទ្រ​ទៅទៀត​នោះ ទោះបីជា​មានការ​រារាំង ពី​ឪពុកម្តាយ និង​បងប្អូន​យ៉ាងណាក្តី ដើម្បី​សម្រេច​តាម​បំណង​របស់ខ្លួន​នៅ​ថ្ងៃមួយ ដែលជា​ឱកាស​មកដល់ ស្រីរ័ត្ន បានសម្រេច​ចិត្តរ​ត់ម​កនៅ​ផ្ទះជួល​ជាមួយ​ខាង​ប្រុស​នៅ​ម្តុំ បឹង​ក្រពើ​ក្នុង​ខណ្ឌមានជ័យ រហូតដល់​ពួកគេ​ឈានទៅ​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​នៅ ឯ​ផ្ទះ​ខាង​ប្រុស​ក្នុង​ទឹកដី​ខេត្តស្វាយរៀង ដោយ​មិនមាន​បងប្អូន​ខាង​ស្រី​ចូលរួម​ម្នាក់​ឡើយ​។​

 

​ទោះបីជា​ពួកគេ​ទាំងពីរ​នាក់​បាន​រៀប អាពាហ៍ពិពាហ៍​ជាមួយគ្នា​ហើយ​ក្តី​ជញ្ជាំង​វណ្ណៈ​នៅតែ​ខណ្ឌ​ចែក ឬ​រារាំង​មិន​ឲ្យ​ក្តី​ស្នេហ៍​ដ៏​ភក្តី​របស់​អ្នក ទាំងពីរ​បាន​ជួបគ្នា ឬ​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​សេចក្តីសុខសាន្ត និង​សុភមង្គល​បានឡើយ ។ វុទ្ធី ជា​កូន​គ្រួសារ​កសិករ​ក្រីក្រ​មួយ​នៅ​ខេត្តស្វាយរៀង មកដល់ពេលនេះ វុទ្ធី មាន​អាយុ​សាមសិប​ឆ្នាំ​ហើយ​។ នៅពេល​រំឭក​ដល់​អនុស្សាវរីយ៍​ពី​អតីតកាល​គ្រា​ដែល ពួកគេ​ទាំងពីរ​នាក់​បាន​សាង​ភក្តីភាព​ស្នេហ៍​ដ៏​ល្អូកល្អិន និង​ផ្អែមល្ហែម​ជាមួយគ្នា វុទ្ធី បាន​និយាយ​បណ្តើរ​បង្ហូរទឹកភ្នែក​ប​ណ្តើ​រ ទាំង​អារម្មណ៍​អួលណែន​ក្នុង​ឱរា រក​វាចា​ស្តី​ស្ទើរ​ពុំ​ចេញពី​ព្រោះ​រូបគេ​កើតទុក្ខ​ទោម្នេញ ក្នុង​ចិត្ត​នឹក​ទន្ទេញ​តែ​ឈ្មោះ “​អូន​រ័ត្ន​” ដែលជា​ម្ចាស់ជីវិត​របស់គេ​។​

 

​ចំណុច​ចាប់ផ្តើម​ដែល​នាំ​ឲ្យ​ពួកគេ​ជួបគ្នា​
​ក្នុង​ដំណើររឿង​ដែល​នាំ​ឲ្យ វុទ្ធី បាន​ជួប ស្រីរ័ត្ន ខណៈពេលដែល វុទ្ធី ទៅ​សម្តែង​សិល្បៈ​នៅក្នុង​ខេត្តកំពង់ស្ពឺ ដែលជា​ស្រុកកំណើត​របស់ ស្រីរ័ត្ន​។ វុទ្ធី ជា​អ្នកសិល្បៈ​សៀក​រហស្សកម្ម នៅពេល​សម្តែង​សៀក​រហស្សកម្ម​បាន​បន្តិច វុទ្ធី បាន​ចុះមក​ខាងក្រោម​ឆាក ហើយក៏​បាន​ជួប ស្រីរ័ត្ន ដែល​កំពុង​ឈរ​ទស្សនា​ការសម្តែង​សៀក​រហស្សកម្ម​របស់​ក្រុម​គេ​នៅ​ផ្នែក​ម្ខាង​នៃ​ឆាក​។ នៅ​ខណៈពេល​ឃើញ វុទ្ធី ចុះ​ពីលើ​ឆាក មកឈរ​ក្បែរ ស្រីរ័ត្ន ក៏​បញ្ច​ញ​អាកប្បកិរិយា​ញញឹមញញែម​ដាក់ វុទ្ធី បាន​បន្តិច​ពួកគេ​ទាំងពីរ​នាក់​ក៏​សាសង​គ្នា ហើយក៏​បាន​សុំ​លេខ​ទូរស័ព្ទ​គ្នា​ទៅវិញ​ទៅ មក​។ បន្ទាប់ពី​បាន​លេខ​ទូរស័ព្ទ​ពីគ្នា​ទៅវិញទៅមក​ហើយ វុទ្ធី និយាយថា មិនយូរប៉ុន្មាន​រយៈពេល​ប្រហែល​ជាមួយ​សប្តាហ៍​ក្រោយមក​ស្រីរ័ត្ន ក៏បាន​ទូរស័ព្ទ​មករក ហើយ​ក៏បាន​អញ្ជើញ​រូបគេ​ឲ្យ​ទៅ​សម្តែង​សៀក​រហស្សកម្ម​ក្នុង​ពិធី​ខួបកំណើត​របស់​ក្មួយ​នាង​។​

 

​ភ្លាមៗ​នោះ​រូបគេ​ក៏បាន​ឆ្លើយតប​ទៅ​នាង​វិញ​ថា រូបគេ​មិនអាច​ទៅ​សម្តែង​បានទេ ព្រោះ​ជាប់​កម្មវិធី​ទៅ​សម្តែង​នៅ​ខេត្ត​ឆ្ងាយ​។ រយៈពេល​បី​ថ្ងៃ​ក្រោយមកទៀត ស្រីរ័ត្ន ក៏បាន​ទូរស័ព្ទ​មកជា​ថ្មី​ម្តងទៀត ដោយ​បបួល​រូបគេ​ទៅ​ដើរលេង​នៅ​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ ពេលនោះ​គេ​ក៏​យល់ព្រម​ភ្លាម​។ ការ​ទៅ​ដើរលេង​នៅ​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ​នោះ​ហើយ​ដែលជា​ចំណុច​ចាប់ផ្តើម​នៃ​ពន្លក​ស្នេហ៍​របស់​ពួកគេ​ទាំងពីរ​នាក់​។​

 

​សាង​ស្នេហ៍​ផ្អែមល្ហែម​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ​
​រយៈពេល​ពេញ​មួយ​ព្រឹក​ដែល​ពួកគេ​ទាំងពីរ​នាក់​បាន​ដើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ បន្ទាប់ពី​បាយ​ថ្ងៃត្រង់ នៅ​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ​ហើយ វុទ្ធី បាន​ឲ្យ​ដឹងថា រូបគេ​បាន​ជូន ស្រីរ័ត្ន ទៅផ្ទះ​របស់​នាង​នៅ​ស្រុក​ឧដុង្គ​វិញ ប៉ុន្តែ​នៅពេលនោះ ស្រីរ័ត្ន មិនទាន់​ចូល​ផ្ទះ​ភ្លាម​នោះទេ ដោយ​ពួកគេ​ទាំងពីរ នាក់​នាំគ្នា​ចូលទៅ​លេង​ភ្នំ​ព្រះរាជ​ទ្រព្យ​បន្តទៀត​។ ខណៈពេល​ចូល​លេង​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ក្នុងស្រុក​ឧដុង្គ​នោះដែរ នៅវេលា​ម៉ោង​ប្រហែលជា​បី​រសៀល សេចក្តីស្នេហា​របស់​ពួកគេ​ក៏បាន​ចាប់ផ្តើម​ពុះកញ្ជ្រោល ហើយ​ក៏បាន​ឆាបឆេះ​ឡើង​រហូតដល់​រូបគេ​បាន​ខ្លួនប្រាណ ស្រីរ័ត្ន គឺ​នៅ​ផ្នែក​ខាងលិច​នៃ​ភ្នំ​ព្រះរាជ​ទ្រព្យ​ដែល​បាំង​ទៅដោយ​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​ដុះ​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​ធំៗ ជា​ឱកាស​ធ្វើ​ឲ្យ​ពួកគេ​សាង​ស្នេហ៍​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។ បន្ទាប់ពី​សាង​ស្នេហ៍​ដ៏​ស៊ីជម្រៅ​នៅ​នឹង​ជើងភ្នំ​នោះ​ហើយ​រូបគេ​ទាំងពីរ​នាក់ ក៏បាន​នាំគ្នា​ឡើងទៅ​ធ្វើការ​ស្បថស្បែ​នៅខាងមុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​វត្ថុ​ដ៏​ស័ក្តិសិទ្ធិ​ដទៃទៀត​នៅឯ​ខាងលើ​កំពូលភ្នំ​នោះ​។​

 

​នៅក្នុង​ពាក្យសម្បថ​នោះ វុទ្ធី និយាយថា រូបគេ​បាន​ស្បថ​នៅ​ចំពោះមុខ ស្រីរ័ត្ន ថា “​ប្រសិនបើ​បង​ក្បត់ ឬ​មានចិត្ត​វៀចវេរ​ពី​អូន សុំ​ឲ្យ​ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​វត្ថុ​ស័ក្តិសិទ្ធិ​ដែល​ថែរក្សា​នៅទីនេះ​បរាមុខ​បង​ចុះ បើ​បង​ជិះ​រថយន្ត​ឲ្យ​ក្រឡាប់​រថយន្ត បើ​បង​ជិះ​យន្តហោះ​ឲ្យ​ធ្លាក់​យន្តហោះ​ស្លាប់​”​។ មូលហេតុ​ដែល​នាំ​ឲ្យ​រូបគេ​ស្បថ​ដូច្នេះ ពីព្រោះ​នៅ​ខែធ្នូ​ខាងមុខនេះ រូបគេ​ត្រូវ​យាយ​របស់គេ​ធានា​ឲ្យ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ។ ចាប់ពីពេលនោះ​មក​សេចក្តីស្នេហា​របស់​ពួកគេ​កាន់តែ​មាន​ភាព​ល្អូកល្អិន និង​ស្អិតល្មួត​បន្ថែមទៀត​។​

 

​ក្រោយមកទៀត ពួកគេ​តែងតែ​ណាត់​ជួបគ្នា​ដើរលេង​ជាមួយគ្នា​ជា​ញឹកញាប់​រហូតដល់​ឪពុកម្តាយ និង​បងប្អូន​របស់ ស្រីរ័ត្ន បានដឹង​ហើយក៏​បាន​ព្យាយាម​បង្ខាំង ស្រីរ័ត្ន មិន​ឲ្យ​មកជួប​រូបគេ​។​

 

​ដល់​ពេលដែល​ត្រូវ​បែក​គ្នា​
​ដោយសារតែ​ក្តី​ស្រឡាញ់​ពេញ​បេះដូង​ស្មើនឹង​ជីវិត និង​ភាព​ទទួលខុសត្រូវ​រប​ស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​លើ​ស្រីរ័ត្ន នោះ វុទ្ធី និយាយថា​“​ខ្ញុំ​មានបំណង​ចូល​ស្តីដណ្តឹង​នាង​ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ប៉ុន្តែ​ឮ​បងប្អូន​ខាង ស្រីរ័ត្ន បាន​បោះសម្តី​មក​ថា “​ពួកគាត់​មិន​ឲ្យ​រូបគេ​ទាំងពីរ​នាក់​បាន​ជួបគ្នា​ឡើយ​”​។ ចាប់តាំងពី​ពេល​នោះមក​បងប្អូន​របស់ ស្រីរ័ត្ន បាន​តាមដាន ស្រីរ័ត្ន មិន​ឲ្យ​មកជួប​ខ្ញុំ​ឡើយ​” ។ ទោះបីជា​មានការ​បង្ខាំង ឬ តាមដាន​ពី​បងប្អូន​ឪពុកម្តាយ​យ៉ាងណាក្តី ដោយសារតែ​ការ​នឹក​អាណិត​ស្រឡាញ់ គូស្នេហ៍​ដែល​មិនអាច​បាត់​មុខ​បាន​នៅ​ពាក់កណ្តាល​ខែមិថុនា​កន្ល​ង​ទៅនេះ ស្រីរ័ត្ន បាន​រត់​ចេញពីផ្ទះ​រប​ស់​ខ្លួន​មក​នៅ​ផ្ទះជួល​ជាមួយ វុទ្ធី ហើយ​ពួកគេ​ទាំងពីរ​នាក់​ក៏បាន​ស្បថស្បែ​សច្ចា​ថា​នឹង​រួម​រស់នៅ​ជាមួយគ្នា​អស់​មួយជីវិត ទោះបី​ជាមាន​អ្នកណា​មក​បំបែកបំបាក់​យ៉ាងណា​ក៏ដោយចុះ ក៏​ពួកគេ​តស៊ូ​រស់នៅ​ជាមួយគ្នា​ឲ្យ​ខាងតែបាន​។​

 

​រយៈពេល​នៃ​ការរស់នៅ​ជាមួយគ្នា​ជាង​បី​ខែ វុទ្ធី និយាយថា រូបគេ​មិនដែល​មានការ​ល្អក់កក​រ​ជាមួយគ្នា​ម្តងណា​ឡើយ គឺមាន​សុភមង្គល​យ៉ាងខ្លាំង​រហូតដល់​រូបគេ​ទាំងពីរ​នាក់​បាន​រៀបការ​ជាមួយគ្នា​នៅ​ខេត្តស្វាយរៀង​ដែលជា​ស្រុកកំណើត​របស់ វុទ្ធី​។ ទោះបីជា​បានដឹងថា គូស្នេហ៍​ទាំងពីរ​នាក់​បាន​រៀបការ​ជាមួយគ្នា​ហើយ​ក្តី​ក៏​ឪពុកម្តាយ និង​បងប្អូន​របស់ ស្រីរ័ត្ន នៅតែ​ព្យាយាម​បំបែកបំបាក់​ពួកគេ​ទាំងពីរ​នាក់​មិន​ឲ្យ​រស់នៅ​ជាមួយគ្នា​ដោយ​ក្តី​សុខសាន្ត​បានឡើយ ដោយ​បងប្អូន​ខាង ស្រីរ័ត្ន បា​នរក​គ្រូមន្តអាគម អន្ទង​យក ស្រីរ័ត្ន ទៅវិញ​ទាល់តែ​បាន​។ តាម​អ្វីដែល វុទ្ធី និយាយប្រាប់​នៅ​ថ្ងៃ​ដែល ស្រីរ័ត្ន ចាក​ចេញពី​រូបគេ​ទៅនោះ​ស្រីរ័ត្ន ចេះតែ​និយាយថា “​នៅថ្ងៃនេះ​អូន​មាន​អារម្មណ៍​រសាប់រសល់​ក្នុង​ខ្លួន​យ៉ាង ខ្លាំង ហើយ​ចេះតែមាន​អារម្មណ៍​លន្លង់លន្លោច​នឹក អ្វី​ម្យ៉ាង​ដោយ​រក​មូលហេតុ​មិនឃើញ​មាន​អារម្មណ៍​ចង់​ឲ្យ​ទៅ​តែ​ផ្ទះ​”​។ នៅពេល​និយាយបាន​បន្តិច ស្រីរ័ត្ន ក៏បាន​សុំ វុទ្ធី ទៅលេង​ផ្ទះ​នៅ​ស្រុក​ឧដុង្គ ដោយ​និយាយថា​“​អូន​នឹង​ត្រឡប់មកវិញ​នៅ​ថ្ងៃស្អែក​”​។​

 

​នៅពេល​គូស្នេហ៍​របស់ខ្លួន​បាន​ចេញទៅ វុទ្ធី បាន​ដេក​សន្ធឹកសន្ធៃ​តែម្នាក់ឯង​នៅក្នុង​បន្ទប់​ផ្ទះជួល​ដ៏​តូច​មួយ​នៅ​បឹង​ក្រពើ ក្នុង​ខណ្ឌមានជ័យ ដើម្បី​រង់ចាំ​ម្ចាស់​ថ្លៃ​វិល​មកវិញ ប៉ុន្តែ​ការទន្ទឹងរង់ចាំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មិនឃើញ​ម្ចាស់​ស្នេហ៍​វិល​មកវិញ វុទ្ធី បានធ្វើ​ដំណើរ​ទៅកាន់​ស្រុក​ឧដុង្គ​ដើម្បី​ទៅ​ស៊ើបដំណឹង​ពី​ម្ចាស់​ស្នេហ៍​របស់ខ្លួន​។ ពេលទៅដល់​ឧដុង្គ វុទ្ធី ក៏បាន​ចូលទៅ​សួរ​ផ្ទះ​ជិតខាង​របស់​គូស្នេហ៍​ខ្លួន ពេលនោះ​ពួកគេ​និយាយ​ប្រាប់ថា “​ឥឡូវនេះ​ឪពុកម្តាយ និង​បងប្អូន​របស់ ស្រីរ័ត្ន មិន​ឲ្យ​ចេញ​ទៅណា​រហេតរហូត​ឡើយ ជាពិសេស​មិន​ឲ្យ​មកជួប​រូបគេ​ឡើយ​”​។​នៅ​ពេលឮ​គេ​និយាយប្រាប់​ដូច្នេះ វុទ្ធី ស្ទើរតែ​ស្លុត​ស្មារតី​ដោយ​នឹក​គិតថា ចាប់ពីពេលនេះ​តទៅ​រូបគេ​មានការ​អស់សង្ឃឹម​ក្នុង​ចិត្ត​យ៉ាងខ្លាំង និង លែង​បាន​ជួប​មុខ​ម្ចាស់​ស្នេហ៍​ទៀតហើយ​។​

 

​រហូតមកដល់​ពេលនេះ វុទ្ធី នៅតែ​មិនទាន់បាន​ជួប​គូស្នេហ៍​ភក្តី​របស់គេ​ឡើយ ឥឡូវនេះ វុទ្ធី កំពុងតែ​មានការ​អន្ទះសា​ក្នុង​ចិត្ត​យ៉ាងខ្លាំង​ដើម្បី​ចង់​ជួប​គូស្នេហ៍​ដែល​ស្រឡាញ់​ស្មើនឹង​ជីវិត​របស់គេ​។ ទោះបីជា​យ៉ាងណាក្តី វុទ្ធី មិនមាន​ការខឹង​សម្បា​គូស្នេហ៍ របស់គេ​បន្តិច​ឡើយ ពីព្រោះ វុទ្ធី បានដឹង​យ៉ាងច្បាស់​ថា ម្ចាស់​ស្នេហ៍​របស់គេ​មានការ​ស្ម័គ្រស្មោះ និង​ស្រឡាញ់​រូបគេ​យ៉ាងខ្លាំង ប៉ុន្តែ​ធ្វើ​យ៉ាងម៉េច​បើ ឪពុកម្តាយ​នាង​ចាប់​បង្ខាំង​នាង​មិន​ឲ្យ​មកជួប​ខ្លួន​។​

 

​វុទ្ធី ជា​កូនចៅ​គ្រួសារ​កសិករ​ក្រីក្រ​មួយ​នៅ​ខេត្តស្វាយរៀង ចំណែកឯ ស្រីរ័ត្ន ដែលជា​ម្ចាស់​ស្នេហ៍​របស់គេ​មាន​អាយុ​ម្ភៃ​ប្រាំមួយ​ឆ្នាំ​ជា​កូនចៅ​អ្នកជំនួញ​ម្នាក់​នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមាន​សាច់ឈាម​ភ្លឺ​ថ្លា​សមជា​កូនចៅ​អ្នកមាន​ចំណែក វុទ្ធី មាន​សម្បុរ​ខ្មៅ និង​ពិការ​ជើង​ម្ខាង ហើយ​មិនសូវមាន​រូបរាង​សង្ហា​នោះទេ ។ ប្រហែលជា​ដោយសារ​គ្រួសារ វុទ្ធី ក្រីក្រ និង​រូបរាង​មិនសូវ​សង្ហា​នេះហើយ​ធ្វើ​ឲ្យ​ភាគី​បងប្អូន ស្រីរ័ត្ន មិន​ពេញចិត្ត​ហើយ​ចាប់​បំបែក​ពួកគេ​ចេញពី​គ្នា​។​

 

​ទោះបីជា​គ្រួសារ​របស់ខ្លួន​មាន​ឋានៈ​តូច​ទាប​ក៏ពិតមែន វុទ្ធី និយាយថា រូបគេ​មាន​ទឹកចិត្ត​បរិសុទ្ធ និង ស្មោះស្ម័គ្រ​បំផុត​ចំពោះ​ភក្តីភាព​ស្នេហ៍​របស់ខ្លួន​។ វុទ្ធី បានធ្វើការ​ផ្តាំផ្ញើ​ជា​ពាក្យសម្តី​យ៉ាង​ផ្អែមល្ហែម​ទៅកាន់​ម្ចាស់​ស្នេហ៍​របស់ខ្លួន​ថា “​ជា​រៀងរាល់​យប់ នេះ​បង​ដេក​មិន​លក់​ទេ ពីព្រោះ​បង​នឹក​ដល់​អូន​ខ្លាំងពេក ហើយ​បង​នឹង​នៅ​រង់ចាំ​អូន​ជា​រៀងរហូត គឺ​រហូតដល់​ពេលណា​ដែល​យើង​បាន​ជួបគ្នា​វិញ​”៕

12-8-2015

 

Leave a Reply

(*) Required, Your email will not be published