ខេត្តកំពង់ធំ : បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកប្រាសាទសំបូរធ្វើការចាប់ឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៥ឆ្នាំ មានសតិមិនគ្រប់។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិច្រម៉ាស ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពងធំ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យកំណើតថ្មីដឹងថា ជនសង្ស័យមានឈ្មោះ មាស ម៉េត អាយុ៤៩ឆ្នាំ រស់នៅភូមិគគីថ្មី ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៥ឆ្នាំ មានសតិមិនគ្រប់គ្រាន់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យបានមកលេងផ្ទះបងប្អូននៅក្នុងភូមិកើតហេតុខាងលើ។ ខណៈដែលឃើញក្មេងស្រីរងគ្រោះនៅម្នាក់ឯង ជនសង្ស័យបានឆ្លៀតឱកាសបបួលក្មេងស្រីទៅទិញនំដោយឲ្យប្រាក់៥០០០រៀល។ លុះបបួលក្មេងស្រីដើរបានចម្ងាយប្រមាណ៣០០ម៉ែត្រ ក្នុងចម្ការស្វាយចន្ទីស្ងាត់នោះ ជនសង្ស័យបានផ្តួលក្មេងស្រីហើយចាប់រំលោភរហូតដល់បានសម្រេច។ ដោយឃើញសភាពកូនមិនស្រួល ម្តាយបានធ្វើការសាកសួរ ទើបក្មេងស្រីបានប្រាប់ថា ជនសង្ស័យខាងលើចាប់រំលោភ។ ក្រោយពីកើតហេតុម្ដាយ បាននាំក្មេងស្រីទៅកាន់មន្ទីរពេទ្យបង្អែក ដើម្បីធ្វើកោសល្យវិច្ច័យថា ពិតជាមានការរំលោភមែន។
ជនល្មើសត្រូវសម្ថកិច្ចបានឃុំខ្លួនបណ្ដោះអាសន្ន និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការខេត្តចាត់តាមច្បាប់បន្ដ៕