ជាធម្មតាឪពុកម្តាយគ្រប់រូបតែងតែប្រាថ្នាចង់ឲ្យកូនជាទីស្រឡាញ់របស់ខ្លួនក្លាយជាមនុស្សល្អ វៃឆ្លាត ពូកែ អាចពឹងពាក់ខ្លួនឯងបានក្នុងសង្គម និងប្រាថ្នាចង់ឃើញអនាគតដ៏ស្រស់បំព្រងរបស់កូនៗ ។ ដូច្នេះការចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតាសុទ្ធតែមានសភាពខុសៗគ្នា ប៉ុន្តែនេះគឺគ្រាន់តែចំណុចខ្លះៗ ដែលសារព័ត៌មានកំណើតថ្មី ចង់ជួយពង្រឹងស្មារតីរបស់លោកអ្នកក្នុងការថែរក្សាបុត្រធីតារបស់លោកអ្នកតែប៉ុណ្ណោះ ៖
១-ធ្វើឲ្យទារកមានការភ្ញាក់ផ្អើល
ពេលខ្លះភាពរីករាយរបស់ទារកអាចកើតឡើងដោយយើងគ្រាន់តែយកដៃបក់នៅលើផ្ទៃមុខ ដៃ ឬពោះ ពេលនោះទារកនឹងមានអារម្មណ៍ថាមានខ្យល់ប៉ះពោះខ្លួនរបស់គេ។ រំពេចនោះគេនឹងមានប្រតិកម្មឆ្លើយតបមកវិញដោយសារការព្រិចភ្នែក ឬការសើច។
២-បង្រៀនទារកឲ្យចេះចំណាំ
អ្នកម្តាយអាចបង្រៀនកូនដោយការកាន់រូបភាព ដែលមានលក្ខណៈស្រដៀងគ្នា ខុសត្រង់ៗ ឬ៣ចំណុច ប៉ុណ្ណោះ ព្រោះវិធីនេះនឹងធ្វើឲ្យក្មេងតូចឆាប់ចំណាំ។
៣-ច្រៀងឲ្យក្មេងស្តាប់
ច្រៀងចម្រៀង ឬសូត្រកំណាព្យផ្សេងៗឲ្យក្មេងស្តាប់។
៤-បង្រៀនទារកឲ្យចេះដោះស្រាយបញ្ហា
ទម្រេតខ្លួនក្មេងតូចនៅលើក្តារ ឬក៏លើឥដ្ឋ ហើយអនុញ្ញាតិឲ្យគេធ្វើការវារកាត់ចុះឡើងដោយខ្លួនឯង។ វិធីនេះនឹងជួយឲ្យគេមានលទ្ធភាពរកវិធីដោះស្រាយបញ្ហាផ្សេងៗ តាមដែលគេអាចធ្វើទៅបាន។
៥-ប្រាប់ទារកពីមូលហេតុយ៉ាងមានប្រសិទិ្ធភាព
កូនតូចស្ទើរតែទាំងអស់ភ័យខ្លាចភាពងងឹតជាទីបំផុត ដូច្នេះរាល់ពេលដែលត្រូវការបិទភ្លើង អ្នកគួរតែពន្យល់ប្រាប់មូលហេតុនេះឲ្យគេបានដឹងផង។
៦-បង្រៀនកូនឲ្យចេះសន្សំលុយ
នៅពេលកូនតូចមានអាយុអាចស្គាល់លុយ អ្នកជាឪពុកម្តាយគួរតែបង្រៀនពួកគេឲ្យចេះសន្សំលុយ ដោយអ្នកធ្វើឲ្យកូនមើលមុនដោយការដាក់លុយចូលក្នុងប្រអប់(កូនជ្រូក) ជាប្រចាំឲ្យគេមើល ពេលនោះកូនតូចនឹងរៀនពីអ្វី ដែលបានឃើញជារៀងរាល់ថ្ងៃជាក់ជាមិនខានឡើយ។
៧-ការបង្កើតជាអាល់ប៊ុមរូបថតគ្រួសារ
ការបង្កើតជាអាល់ប៊ុមរូបថតគ្រួសារ ក៏អាចចាត់ទុកជារឿងសំខាន់មួយផងដែរ ព្រោះវានឹងធ្វើឲ្យកូនលោកអ្នកឆាប់មានការចងចាំ និងស្គាល់នូវសមាជិកគ្រួសារ ឬសាច់ញាតិដែលនៅជិតឆ្ងាយថែមទៀតផង៕