ហេតុអ្វីបានជាស្ត្រីចូលចិត្តពាក់ស្បែកជើងកែងចោត? តើវាអាចជួយឲ្យពួកនាងមើលទៅខ្ពស់ស្រឡះ និងស្រស់ស្អាតបានមែនដែរឬទេ? ឬក៏វាអាចមើលទៅកាន់តែមានភាពទាន់សម័យ និងពេញនិយម ? មូលហេតុនោះគឺថា វាអាចមានច្រើនដោយសារតែវាផ្អែកទៅលើអត្តចរិតផ្ទាល់ខ្លួនរបស់សុភាពនារីម្នាក់ៗ ។ ដូច្នេះសូមបន្តអាននូវមូលហេតុជាទូទៅដែលធ្វើឲ្យស្ត្រីចូលចិត្តពាក់ស្បែកជើងកែងចោត ពេលចេញខាងក្រៅផ្ទះម្តងៗ ៖
១-ដើម្បីធ្វើឲ្យជើងរបស់នាងមើលទៅឃើញវែងស្រឡូន និងសិចស៊ី
ស្ត្រីជាច្រើនចូលចិត្តពាក់ស្បែកជើងកែងចោត គឺដោយសារតែមូលហេតុមួយនេះ។ ស្បែកជើងដែលមានកែងចោត គឺអាចធ្វើឲ្យជើងរបស់នាងមើលទៅឃើញវែងស្រឡូនល្អ និងសិចស៊ី ជាពិសេសជាមួយនឹងឈុតសម្លៀកបំពាក់រ៉ូប ឬសំពត់ខ្លី។ ចំពោះស្ត្រីដែលមានកម្ពស់មិនសូវខ្ពស់ គឺពួកគេធ្វើការជ្រើសរើសស្បែកជើងប្រភេទនេះដោយសារតែពួកគេចង់ធ្វើឲ្យជើងរបស់ខ្លួនមានភាពស្រឡូនល្អ និងឆាប់ទទួលបាននូវចំណាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន។
២-ជំរុញនូវភាពមានទំនុកចិត្តលើខ្លួនឯង
មានស្ត្រីជាច្រើនជឿថា ការពាក់ស្បែកជើងកែងខ្ពស់ គឺនឹងអាចជួយជំរុញនូវកម្រិតនៃទំនុកចិត្តលើខ្លួនឯងចំពោះពួកគេបាន។តែគំនិតមួយនេះ គឺអាស្រ័យទៅតាមការយល់ឃើញរបស់បុគ្គលម្នាក់ៗ។ យោងតាមមតិយោបល់របស់ស្ត្រីមួយចំនួនបានឲ្យដឹងថា ការពាក់ស្បែកជើងកែងចោត គឺនឹងអាចធ្វើឲ្យពួកនាងមានអារម្មណ៍ល្អ កត្តានេះហើយដែលធ្វើឲ្យពួកនាងចូលចិត្តពាក់វា។
៣-ដើម្បីឆាប់ទទួលបាននូវចំណាប់អារម្មណ៍ពីមនុស្សប្រុស
នេះគឺជាការពិតមួយដែលបុរសភាគច្រើន ចូលចិត្តស្ត្រីដែលមានរាងខ្ពស់។ ដូចនេះដើម្បីអាចទាក់ទាញមនុស្សប្រុសបាន គឺស្ត្រីតែងតែពាក់ស្បែកជើងកែងចោត នៅពេលដែលនាងត្រូវទៅចូលរួមក្នុងកម្មវិធីអ្វីមួយ។
៤-ដើម្បីធ្វើឲ្យពួកគេ មើលទៅឃើញខុសប្លែកពីមុន
ស្ត្រីដែលបានពាក់ស្បែកជើងកែង គឺនឹងមើលទៅឃើញខុសពីពេលធម្មតាដែលនាងមិនបានពាក់វា។ បើទោះជាពេលដែលនាងត្រូវខោខូវប៊យ និងអាវយឺតដ៏សាមញ្ញមួយ ជាមួយនឹងការពាក់ស្បែកជើងកែងចោតនោះវាក៏នឹងអាចធ្វើឲ្យរូបរាងរបស់នាងមានការផ្លាស់ប្តូរបានដែរ។ ដូច្នេះគឺស្ត្រីចូលចិត្តធ្វើការពាក់ស្បែកជើងកែងចោតមិនថា ក្នុងឱកាសធម្មតា ឬពិសេសណាមួយនោះទេ តាមដែលវានឹងធ្វើឲ្យពួកនាងមានលក្ខណៈខុសប្លែកបន្តិចបន្តួចបានពីសភាពរូបរាងធម្មតារបស់នាង។
៥-ដើម្បីមើលទៅឲ្យមានស្ទីលទាក់ទាញ
មានស្ត្រីជាច្រើនបានជឿថា ការពាក់ស្បែកជើងសង្រែក កែងខ្ពស់ក៏នឹងធ្វើឲ្យពួកគេមើលទៅមានស្ទីលទាក់ទាញប្លែកភ្នែកបានដែរ។ តែគឺថា ការយល់ឃើញនេះអាស្រ័យទៅតាមគំនិតរបស់ស្ត្រីម្នាក់ៗប៉ុណ្ណោះ។
៦-ដើម្បីតម្រូវការខាងផ្នែកអាជីពការងារ
មានស្ត្រីជាច្រើនចូលចិត្តពាក់ស្បែកជើងកែងចោត នៅពេលដែលពួកនាងត្រូវទៅធ្វើការខាងផ្នែកជំនាញ អាជីពរបស់នាង នៅខាងក្រៅផ្ទះ។ សម្រាប់ព្រឹត្តិការណ៍មួយចំនួនដូចជា ការធ្វើបទបង្ហាញ និងព្រឹត្តិកាណ៍សំខាន់ៗមួយចំនួននោះ គឺថា ការពាក់ស្បែកជើងកែងនឹងធ្វើឲ្យពួកនាង មើលទៅហាក់ដូចជា មានទំនុកចិត្តលើខ្លួនឯង និងទទួលបានផងដែរនូវការមើលទៅឃើញទាន់សម័យក្នុងពេលតំណាលគ្នានេះបានផងដែរ។
៧-ដើម្បីទទួលបាននូវស្ថានភាពរាងកាយត្រឹមត្រូវ
មានស្ត្រីជាច្រើនចូលចិត្តពាក់ស្បែកជើងកែងចោត ដើម្បីធ្វើឲ្យស្ថានភាពរាងកាយរបស់ពួកគេមើលទៅឃើញសមសួនជាងមុន។ ពួកគេជឿថា ការពាក់ស្បែកជើងកែងចោតនឹងធ្វើឲ្យដើមទ្រូងរបស់ពួកគេមើលទៅឃើញល្អឥតខ្ចោះបាន។
៨-ដើម្បីធ្វើឲ្យភ្លៅ និងត្រគាកពើងបានល្អ
តើអ្នកមានដឹងទេថា ការពាក់ស្បែកជើងកែងចោតនឹងអាចធ្វើឲ្យភ្លៅរបស់អ្នកមើលទៅស្រឡូនជាងមុនបាន? មានស្ត្រីជាច្រើនយល់ស្របតាមគំនិតនេះដូច្នេះពួកគេក៏បានជ្រើសរើស នូវការប្រើស្បែកជើងកែងចោត។
៩-ដើម្បីធ្វើឲ្យសម្រស់នាង កាន់តែមានភាពទាក់ទាញ
មូលហេតុដ៏ច្បាស់លាស់មួយនោះគឺ ដើម្បីធ្វើឲ្យនាងមើលទៅស្រស់ស្អាត និងមានភាពទាក់ទាញបានជាងមុន។ ស្ត្រីបានជឿថា ការពាក់ស្បែកជើងកែងចោតនឹងជួយធ្វើឲ្យរូបរាងរបស់ពួកគេបានប្រសើរ និងឆាប់ទទួលបាននូវចំណាប់អារម្មណ៍ពីអ្នកដទៃ។
ខាងលើនេះ គឺជាហេតុផលជាទូទៅដែលធ្វើឲ្យស្ត្រី ជ្រើសរើសយកស្បែកជើងកែងចោតយកមកពាក់នឹងជើងរបស់ពួកនាង។ស្ត្រីមួយចំនួនចូលចិត្តយកវាមកពាក់ស្ទើរតែរាល់ក្នុងកម្មវិធីទាំងអស់ ហើយវាក៏មានជាច្រើនប្រភេទ និងផ្តល់នូវផាសុខភាពខុសៗគ្នាចំពោះស្ត្រីបានផងដែរ៕