តម្លៃ​ដើម​របស់​ក្រុមហ៊ុន​នាំ​ប្រេង​ចូលមក​កម្ពុជា ក្រសួងពាណិជ្ជកម្ម​កំពុង​សិក្សា​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រសួងពាណិជ្ជកម្ម​បាន​អះអាងថា​ខ្លួន​កំពុង​មើល​សិក្សា​តម្លៃ​ដើម​នៃ​ការ​នាំចូល​ប្រេង ពី​បណ្ដា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ធំៗ​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​ដើម្បី​មាន​វិធានការ និង​លទ្ធភាព​ក្នុងការ​បញ្ចុះតម្លៃ​ប្រេង ឲ្យ​សមស្រប​តាម​តម្លៃ​ទីផ្សារ​ប្រេង​នៅលើ​ទីផ្សារ​អន្ដរជាតិ​។ ការ អះអាង​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ តែ​តម្លៃ​ប្រេង​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​តិចតួច និង​យឺតយ៉ាវ​បំផុត​។​

 

​លោក ប៉ែន សុ​វិជាតិ អគ្គនាយក​ពាណិជ្ជកម្ម​ក្នុងប្រទេស​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​នៅ​កាល​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥​ម្សិលមិញ​ថា ក្រសួង​នឹង​ចាប់ផ្ដើម​សិក្សា​អំពី​តម្លៃ​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំងអស់​នៅ​កម្ពុជា​ថា​តើ​ការទិញចូល​មានតម្លៃ​ប៉ុន្មាន​ការចំណាយ​ល់​ការដឹកជញ្ជូន​អស់​ប៉ុន្មាន និង​ការចំណាយ លើ​ការប្រើប្រាស់​កម្មករ​សរុប​ក្នុង​ក្រុមហ៊ុន​នីមួយៗ ចំនួន​ប៉ុន្មាន ដើម្បី​បានដឹង​នូវ​ទិន្នន័យ​ពិតប្រាកដ​ដែល​ក្រុមហ៊ុន​ចំណាយ​។​

 

​លោក ប៉ែន សុ​វិជាតិ បាន​បញ្ជាក់ថា​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន​ប្រេង​ដែល​កំពុង​ដំណើរ​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ឲ្យ​ក្រសួង​មានលទ្ធភាព​ក្នុងការ​ទទួលបាន​នូវ​ទិន្នន័យ និង​តួលេខ​ច្បាស់លាស់​ព្រមទាំង​អាច​ពិភាក្សាគ្នា​ជាមួយ​ក្រុមហ៊ុន​ប្រេង​ទាំងអស់​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ចេះតែ​និយាយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​ក្នុង​ការដាក់​តម្លៃ​លក់​នៅលើ​ទីផ្សារ​។ នេះ​គឺជា​របត់​នៃ​យន្តការ​ថ្មី​របស់​ក្រសួងពាណិជ្ជកម្ម​លើ​ការងារ​សិក្សា​តម្លៃ​ប្រេង​នៅតាម​ក្រុមហ៊ុន​ប្រេង​ទាំងអស់ ដើម្បី​ចូលរួម​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​លំនឹង​ទីផ្សារ​ប្រេង​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ដែល​ធ្វើ​ឲ្យ​អ្នកលក់​ក៏​អាច​លក់បាន ហើយ​អ្នកទិញ​ក៏​អាច​ទិញ​បាន​ដូចគ្នា​។​

 

​លោក ប៉ែន សុ​វិជាតិ បាន​អះអាងថា​ក្រសួងពាណិជ្ជកម្ម​មិនអាច​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នាំចូល​ប្រេង​យកមក​លក់​លើ​ទីផ្សារ​កម្ពុជា​ធ្វើការ​ចុះ​តម្លៃ​តាម​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​នោះទេ​ពីព្រោះថា​វា​គឺជា​ទីផ្សារសេរី ប៉ុន្តែ​ក្រសួង​នឹងធ្វើ​ការណែនាំ​តាមរបៀប​រដ្ឋបាល​ដែល​មានន័យថា​ភាគី​ឯកជន​គួរតែមាន​សន្តាន​ចិ​ត្ដ​ចូលរួមចំណែក​ក្នុង​ការកសាង​សេដ្ឋកិច្ច​ប្រទេស​តាមរយៈ​ការបញ្ចុះ​តម្លៃ​លក់រាយ​នៅតាម​ស្ថានីយ​។​

 

​គួរ​កត់សម្គាល់ថា តម្លៃ​ប្រេង​លក់​នៅលើ​ទីផ្សារ​កម្ពុជា​មិនមាន​ការប្រែប្រួល ឬ​លក់​បញ្ចុះតម្លៃ​ភ្លាម​ស្របទៅតាម​តម្លៃ​ប្រេងសាំង​នៅ​ទីផ្សារ​អន្ដរជាតិ​ដែល​បាន​ធ្លាក់ចុះ​នោះទេ ហើយ​តាម​ស្ថានីយ​ប្រេង​ទាំងអស់​នៅ​កម្ពុជា​មានការ​ដាក់លក់​ក្នុងតម្លៃ​ខុសៗ​គ្នា​ដោយ​លក់​ទៅតាម​ការកំណត់​របស់​ស្ថានីយ​ប្រេង​នីមួយ​។​

 

​គួរ​បញ្ជាក់ថា​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាថ្មី​ម្តងទៀត មក​នៅក្រោម​៥០​ដុល្លារ​អាមេរិក ឬ​ក្នុង​១​ធុង​បារ៉ែល ក៏ប៉ុន្តែ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​មិនបាន​ចុះ​តម្លៃ​នោះទេ​។ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​បាន​បន្ដ​ធ្លាក់ចុះ រហូតដល់​៤៤,៦៦​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល ហើយ​ចំណែក​នៅ​កម្ពុជា​វិញ​គិត​ត្រឹម​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥​នេះ តម្លៃ​លក់​ប្រេងឥន្ធនៈ​ដែល​បានដាក់​លក់​នៅតាម​ស្ថានីយ​ឥន្ធនៈ​នីមួយៗ គឺ​ក្នុងតម្លៃ​ថ្លៃ​ដដែល​ដោយ​មិនមាន​ការបញ្ចុះ​តម្លៃ​នោះទេ​។ ក្នុងនោះ​ស្ថានីយ​កាល់​តិច​(​តម្លៃ​សាំង​Super ក្នុង​មួយ​លីត្រ​តម្លៃ​៤៣០០​រៀល​, សាំង​ធម្មតា​តម្លៃ​៤០៥០​រៀល​) ស្ថានីយ​ប្រេង​តូ​តា​ល់​(​តម្លៃ​សាំង Super ក្នុង​មួយ​លីត្រ​តម្លៃ​៤៣៥០​រៀល​, សាំង​ធម្មតា​តម្លៃ​៤០៥០​រៀល​) និង​ស្ថានីយ​សូគីម៉ិច (​តម្លៃ​សាំង​Super ក្នុង​មួយ​លីត្រ​តម្លៃ ៤៣០០​រៀល ហើយ​សាំង​ធម្មតា តម្លៃ​៤០៥០​រៀល​)៕

11-8-2015

 

Leave a Reply

(*) Required, Your email will not be published