គណបក្ស​មាន​អាសនៈ​ក្នុង​សភា យក​បញ្ហា​៤​ចំណុច​មក​ពិភាក្សា ក្នុងជំនួប​បិទទ្វារ​ជិត​២​ម៉ោង​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជំនួប​បិទទ្វារ​អស់​ពេល​ជិត​២​ម៉ោង នា​ល្ងាច​ថ្ងៃទី​១០ ខែសីហា ម្សិលមិញ​នេះ នៅ​វិមាន​រដ្ឋសភា​ថា្នក់​ដឹកនាំ​នៃ​ក្រុមតំណាងរាស្ត្រ​ភាគច្រើន ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង  និង​តំណាង​ក្រុម​សភា ភាគតិច​ដឹកនាំ​ដោយ​លោក កឹម សុខា បាន​លើកយក​នូវ​បញ្ហា​មួយចំនួន និង​មានការ​ព្រមព្រៀងគ្នា​លើក​នូវ​គោលការណ៍​ចំនួន​៤​ចំណុច​មក​ពិភាក្សាគ្នា​។​

 

​លោក សក់ សេដ្ឋា តំណាង​ឲ្យ​សភា ភាគច្រើន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ល្ងាចម្សិលមិញ​ថា ក្រុមតំណាងរាស្ត្រ​សភា​ទាំងពីរ​បាន​លើក​បញ្ហា​ចំនួន​៤​ចំណុច​មក​ពិភាក្សាគ្នា​ក្នុងនោះ ទី​១-​ការពិនិត្យ​ឡើងវិញ​នូវ​សមិទ្ធផល​នៃ​ការអនុវត្ត​កិច្ច​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ជាពិសេស​បន្ទាប់ពី​ការព្រមព្រៀង​គ្នា​បង្កើតឡើង​នូវ​វប្បធម៌​សន្ទនា​រវាង ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ និង​ការបង្កើត​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា ដើម្បី​ធានា​នូវ​ប្រក្រតីភាព និង​និរន្តរភាព​របស់​ជាតិ នឹង​រួមគ្នា​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ស្របតាម​ច្បាប់​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​កំពុង​បន្តធ្វើ​ដោយ​មានការ​ព្រមព្រៀងគ្នា​។​

 

​បញ្ហា​ទី​២-​បាន​ពិភាក្សាគ្នា​អំពី​ច្បាប់​ស្តី ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​បាន​ព្រមព្រៀងគ្នា​ថា​ឥឡូវនេះ សេចក្តី ព្រាង​ច្បាប់​នេះ​កំពុងតែ​ស្ថិត​ក្នុងការ​ពិនិត្យមើល​ធម្មនុញ្ញភាព ទៅតាម​នីតិវិធី​ហើយ​ពិនិត្យមើល​រាល់​ចំណុច​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និង​ដើម្បី​នឹង​ឈានទៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ​។ ទី​៣-​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ពិនិត្យ​រឿង​បញ្ហា​ព្រំដែន និង​បាន​ព្រមព្រៀងគ្នា​ថា​ជា​រឿង​របស់​ជាតិ​ទាំងមូល​ដោយ​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ដទៃទៀត ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​កុំ​យក​បញ្ហា​ព្រំដែន​ធ្វើជា​រឿង​ដោយឡែក​របស់​ក្រុម​នេះ​ក្រុម​នោះ និង​ធ្វើជា​រឿង​នយោបាយ​។ បញ្ហា​ទី​៤-​ទាក់ទង​ការ​បរិច្ឆេទ​នៃ​ការបោះឆ្នោត​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ពិនិត្យ និង​ពិចារណា​គ្នា​ដោយ​ផ្អែកទៅលើ​ច្បាប់​ដែលមាន​បច្ចុប្បន្ន និង​បាន​ឯកភាពគ្នា​ថា នឹង​ពិភាក្សា​កាល​បិ​ច្ឆេ​ទ​នៃ​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ការបោះឆ្នោត​សកល​ទៅតាម​រដ្ឋធម្មនុញ្ញ​ដែលមាន​ស្រាប់​។ បន្ទាប់ពី​ការលើកឡើង​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ឯកភាព និង​គាំទ្រ​សម្ដី​គ្នា​ទៅវិញទៅមក​ថា បន្ត​ពង្រឹង​វប្បធម៌​សន្ទនា​ដែល​មេដឹកនាំ​ទាំងពីរ​បាន​បង្កើត​មក​។ ក្នុង​កិច្ចពិភាក្សា​ក៏បាន​លើកឡើង​ពី​បញ្ហា​ការចាប់ខ្លួន​របស់​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ដោយ​ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​រក​វិធី​ដោះស្រាយ​ធ្វើយ៉ាងណា​ឲ្យ​ស្របតាម​នីតិវិធី​ច្បាប់ និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ​ដែរ​។​

 

​ជាមួយគ្នា​នោះដែរ​លោក អេង ឆៃអ៊ាង បាន​មានប្រសាសន៍ថា ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ពន្ធនាគារ​ចំនួន​១១​នាក់​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្តឹងទៅ​សាលាឧទ្ធរណ៍ ចំណែក​បីនាក់​ដែល​ទើបនឹង​ជាប់ពន្ធនាគារ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រក​មេធាវី​ការពារ​ព្រមទាំង​រក​វិធី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​

 

​លោក សក់ សេដ្ឋា បាន​លើកឡើងថា ក្រុមតំណាងរាស្ត្រ​ភាគច្រើន​បានផ្តល់​យោបល់​ជូន​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​សកម្មជន​ដែល​កំពុង​ជាប់ពន្ធនាគារ តែ​យ៉ាងណា​លោ​កថា​ការដោះស្រាយ​នេះ​កុំ​ឲ្យ​ខុស​ទៅនឹង​នីតិវិធី​របស់​តុលាការ​នោះទេ​។ លោក អេង ឆៃអ៊ាង បាន​គាំទ្រ​ចំពោះ​ការលើកឡើង​នេះ​ព្រមទាំង​បាន​លើកឡើងថា ចំពោះ​បញ្ហា​សមាជិក​រដ្ឋសភា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិតនៅ​ដៃ​តុលាការ​ជា​នីតិវិធី​របស់​តុលាការ តែ​ពួកគេ​ជា​សមាជិកសភា​មាន​អភ័យឯកសិទ្ធិ​រួចទៅហើយ​។ យ៉ាងណាក្តី​ទាំងពីរ​ភាគី​បាន​ព្រមព្រៀងគ្នា​បន្ត​កិច្ចពិភាក្សា​នៅ​ថ្ងៃ​ខាងមុខ​ទៀត និង​ថា​នៅតែ​រក្សា​វប្បធម៌​សន្ទនា ជាមួយគ្នា​ដោយ​បង្កើន​ឲ្យ​មាន​ការជួបពិភាក្សាគ្នា​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ពិសេស​តម្កល់​បញ្ហា​ប្រទេសជាតិ​ជាធំ​៕

11-8-2015

 

Leave a Reply

(*) Required, Your email will not be published