ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៥​ពាន់​លាន​រៀល​ស្មើនឹង​ជាង​១​លាន​ដុល្លារ​អាមេរិក សម្រាប់​ការប្រឡង​ឌី​ប្លូ​ម​ឆ្នាំនេះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៥​ពាន់​លាន​រៀល​ស្មើនឹង​ជាង​១​លាន​ដុល្លារ​អាមេរិក​សម្រាប់​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យ​សិក្សា​ម​ឋ​ម​ភូមិ​(​ឌី​ប្លូ​ម​)​។​

 

​លោក ឈុន ចាន់​ណារិន អ្នកទទួលខុសត្រូវ​កា​រងារ​ប្រឡង​អូ​ឡាំ​ព្យា​ដ នៃ​ក្រសួង អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាល​ថ្ងៃទី​១០ ខែសីហា​ថា ប្រឡង​ឌី​ប្លូ​ម​នៅ​ឆ្នាំនេះ​ក្រសួង​រៀបចំ​ប្រឡង​នៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែសីហា ដោយមាន​បេក្ខជន​ចូលរួម​ប្រលង​ប្រមាណ​១៤​ម៉ឺន​នាក់​ដែល​ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំមុន​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា​ដែរ ហើយ​ការចំណាយ​សម្រាប់​ដំណើរការ​ប្រឡង​ក្រសួង​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៥​ពាន់​លាន​រៀល​ស្មើនឹង​ជាមួយ​លាន​ដុល្លារ​អាម៉េរិក​។​

 

​លោក ឈុន ចាន់​ណារិន បាន​បន្តថា ការប្រឡង​មធ្យមសិក្សា​បឋមភូមិ​កាលពី​ឆ្នាំទៅ​ក្រសួង​បានរៀបចំ​ប្រឡង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៤​និង​១៥ ខែកក្កដា ឆ្នាំ​២០១៤ ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​ប្រមាណ​១៤​ម៉ឺន នាក់​នៅតាម​សាលា​ចំនួន​១៥៧៦​សាលា​នៅ​ទូទាំងប្រទេស ហើយ​ក្រសួង​បាន​ចំណាយ​ថវិកា​ប្រមាណ​៥​ពាន់​លាន​រៀល​។ ចំពោះ​សាលា​ឯកជន​ដែលមាន​សិស្ស​ត្រូវ​ប្រលង​ឌី​ប្លូ​ម​ដែរនោះ ក្រសួង​បាន​អនុញ្ញាតិ​ឲ្យ​សាលា​បញ្ជូន​សិស្ស​ចូលរួម​ប្រឡង​នៅតាម​សាលា​ណា​ដែល​នៅ​ជិត​សាលា​របស់ខ្លួន​តែម្តង​។ លោក​បាន​បន្ថែមថា ចំពោះ​ការចំណាយ​សម្រាប់​ការប្រលង​នៅ​ឆ្នាំនេះ​ក៏​មិន​ខុសពី​ឆ្នាំមុន​នោះទេ គឺ​ក្រសួង​គ្រោង​ចំណាយ​ប្រមាណ​៥​ពាន់​លាន​រៀល​ស្មើនឹង​ជាង​១​លាន​ដុល្លារ​អាមេរិក​។​

 

​នេះ​ជា​ឆ្នាំ​លើក​ទី​២​ហើយ​បន្ទាប់ពី​ក្រសួង អប់រំ យុវជន និង​កីឡា មានការ​កែទម្រង់​ដោយ​ឲ្យ​សាលា​នីមួយៗ​ជា​អ្នករៀបចំ​ការប្រឡង​ដោយ​ខ្លួនឯង​។ ការកែទម្រង់​នេះ​បានធ្វើ​ឲ្យ​ការចំណាយ​លើ​ការប្រឡង​ឌី​ប្លូ​ម​មានការ​ថយចុះ​គួរ​ឲ្យ​គត់​សម្គាល់​។ ជាងនេះទៀត​ការដែល​ឲ្យ​សាលា​នីមួយៗ ជា​អ្នករៀបចំ​ដោយ​ខ្លួនឯង​នេះ​បានធ្វើ​ឲ្យ​អាណាព្យាបាល​ក៏ដូចជា​សិស្សានុសិស្ស និង​សាធារណជន ហាក់​មិនមាន​ការចាប់អារម្មណ៍​នោះទេ ព្រោះ​គិតថា​ការប្រឡង​វា​ទៅជា​រឿង​ធម្មតា​ទៅហើយ​ពោល គឺ​ដូចជា​ប្រឡង​ឆមាស ឬ​ប្រឡង​ប្រចាំខែ​អ៊ីចឹង​ដែរ​។ ប្រឡង​ឌី​ប្លូ​ម​នៅ​ឆ្នាំនេះ​ក្រសួង អប់រំ យុវជន និង​កីឡា​បានចេញ​សេចក្តីជូនដំណឹង​រួចហើយ​ដោយ​ឲ្យ​សាលា​នីមួយៗ​ជា​អ្នករៀបចំ​ការប្រឡង​ចំណែក​ក្រសួង​ជា​អ្នកត្រួតពិនិត្យ​ពីលើ​តែប៉ុណ្ណោះ​។​

 

​លោក​បាន​បន្ថែមថា «​ការថយចុះ​នូវ​ការចំណាយ​នេះ​គឺ​ដោយសារតែ​ក្រសួង​បាន​ផ្លាស់ប្តូរ​ការប្រលង​ពី​ការ​ឲ្យ​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ខេត្ត រៀបចំ​ជំនួស​ឲ្យ​សាលា​នីមួយៗ​ជា​អ្នករៀបចំ​វិញ​។ ការដែល​ឲ្យ​សាលា​រៀបចំ​ការប្រលង​ដោយ​ខ្លួនឯង​នេះ​បាន​កាត់បន្ថយ​ការ​ចំណាយបាន​យ៉ាងច្រើន ដោយ​ជា​រៀងរាល់ឆ្នាំ​ក្រសួង​ត្រូវ​ចំណាយ​លើ​ការរៀបចំ​ប្រឡង​ឌី​ប្លូ​ម​ប្រមាណ​ជា​១៥​ពាន់​លាន​រៀល​»​។​

 

​លោក ឈុន ចាន់​ណារិន បាន​បញ្ជាក់ថា ថវិកា​ទាំងនោះ​ក្រសួង​ត្រូវ​ចំណាយ​ទៅលើ​ការរៀបចំ​សម្រាប់​ដំណើរការ​ប្រលង​ដូចជា​ប្រធាន​គណៈកម្មការ​ប្រឡង​ទទួលបាន​៩​ថ្ងៃ​ក្នុង​១​ថ្ងៃ​៣៨០០០​រៀល គណៈកម្មការ​កំណែ​ទទួលបាន​៤​ថ្ងៃ ក្នុង​១​ថ្ងៃ​៣៨០០០​រៀល និង​គណកម្មការ​សំណេរ​ទទួលបាន​៣​ថ្ងៃ​ក្នុង​១​ថ្ងៃ​៣៨០០០​រៀល​។ បន្ទាប់ពី​ប្រលង​ឌី​ប្លូ​ម​រួច​ក្រសួង​បន្ត​រៀបចំ​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ដែល​នឹង​ប្រព្រឹត្ត​ទៅនា សម័យ​ប្រឡង​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ ២០១៥ ដែលមាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​រួមមាន​បេក្ខជន​ប្រឡង​សរុប​៨៨៤ ៨៨​នាក់ និង​មាន​មណ្ឌល​ប្រឡង ១៤៩​មណ្ឌល​ចែកចេញជា​៣៥៧៦​បន្ទប់​នៅ​រាជធានី​ខេត្ត​ទាំង​២៥​រាជធានី​ខេត្ត​ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​១២​ពាន់​លាន​រៀល​ស្មើនឹង​ចំនួន​៣​លាន​ដុល្លារ​អាមេរិក​មានការ​ថយចុះ​មួយ​លាន​ដុល្លារ​បើ​ធៀប​ទៅនឹង​ការប្រឡង​កាលពី​ឆ្នាំមុន​៕

11-8-2015

 

Leave a Reply

(*) Required, Your email will not be published