រាជធានីភ្នំពេញ : ខ្ញុំមិនខ្លាច នឹងថតឈុតសិចស៊ីបែបអាក្រាតល្វែងលើ ឬឈុតនៅលើគ្រែនោះទេ ប្រសិនបើមានអ្នកដឹកនាំរឿងគេទាក់ទង ខ្ញុំនឹងទទួលសម្តែងហើយ នឹងបង្ហាញពីទេពកោសល្យសម្តែងឲ្យអស់ពីសមត្ថភាពតែម្តង!។ តារាសម្តែងស្រីចិត្តសឿង កញ្ញា ទិត្យ រីយ៉ា បានបញ្ជាក់ទៀតថា ខ្ញុំអាចសម្តែងបានដូចកញ្ញា ឌុច លីដា ក៏ដូចជាកញ្ញា ឌី សូនីតា ទោះបីជាត្រូវថតស្រាតក៏ដោយ។ ប៉ុន្តែសូមកុំឲ្យតែហួសហេតុខ្លាំងពេកដែលអ្វីៗទាំងអស់មហាជនអាចទទួលយកបាន និងមិនខុសឆ្ងាយពីវប្បធម៌ប្រពៃណីរបស់ខ្មែរ ។
យ៉ាងណាក៏ដោយគិតត្រឹមមួយរយៈពេល ប្រមាណជាង១ឆ្នាំចុងក្រោយនេះ ពោលគឺ បន្ទាប់ពីសម្រេចចិត្តត្រលប់ចូលមកដើរនៅលើគន្លងនៃវិថីសិល្បៈជាថ្មី នាពេលនេះនាង ទិត្យ រីយ៉ា មានឱកាសក្រសោបបានការងារ សម្តែងជាច្រើនមិនថា ថតខារ៉ាអូខេ ស្ប៉ត ផ្សព្វផ្សាយពាណិជ្ជកម្មបង្ហាញម៉ូត ក៏ដូចជា ថតខ្សែភាពយន្ត ។ តារារូបនេះបន្តថា ចាប់តាំងពីខ្ញុំវិលមកកាន់វិស័យសិល្បៈវិញ ខ្ញុំបានចូលរួមថតភាពយន្តប្រមាណជា៥-៦រឿងរួច មកហើយ ដែលក្នុងនោះរួមមានរឿង“រលក បោកខ្សាច់,កំលោះចាប់ហួយ, កូនប្រសាទីក្រុង,និងរឿងនិស្ស័យស្នេហ៍ខ្ញុំ” ជាដើម ។ នៅក្នុង ចំណោមរឿងទាំងនោះ ខ្ញុំសម្តែងភាគច្រើន ជាតួរងកាចឆ្នាសឆ្នើមប៉ុណ្ណោះ ដោយមិនទាន់ មានឱកាសបានសម្តែងជាតួឯកដូចមុននោះ ឡើយ ។
គួរបញ្ជាក់ដែរថា នាង ទិត្យ រីយ៉ា តារាឯកនៅក្នុងរឿង “វិទ្យាល័យខ្មោច” និងរឿង “ជីវិតនាងកែវ” ជាអតីតកញ្ញាឯកជាប់ចំណាត់ថ្នាក់លេខ៣ នាអំឡុងឆ្នាំ២០០៧ ជំនាន់តារាសម្តែង និងបង្ហាញម៉ូតដែលកំពុង មានទីផ្សារកញ្ញា ម៉ាក់ សែនសូនីតា ហៅ តូតា ។ ប៉ុន្តែក្រោយមកនាង ក៏បានបាត់មុខ ពីពិភពសិល្បៈរយៈពេលប្រមាណជាង២ឆ្នាំ ជា មួយនឹងហេតុផលថា ដោយសារតែលោកឪពុក របស់នាងមិនពេញចិត្តឲ្យកូនស្រីចាប់យកអាជីព រស់ដោយសារតែរូបសម្រស់មួយនេះ ។ ពេលនេះនាងបានវិលមកចាប់ការងារដែលជាចំណូល ចិត្តរបស់នាងឡើងវិញហើយ បន្ទាប់ពីលោកឪពុកបានបើកភ្លើងខៀវ៕