រាជធានីភ្នំពេញ : បច្ចុប្បន្ននេះគេសង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ដោយទន្ទឹមនឹងនោះវប្បធម៌បរទេសក៏បានជ្រៀតចូលក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរផងដែរ ជាពិសេសគឺយុវវ័យតែម្ដង ដែលយុវវ័យសម័យនេះហាក់ដូចជាមានភាពជ្រួលជ្រើមជាងយុវវ័យសម័យមុន។
ភាពជ្រួលជ្រើមបានធ្វើឲ្យយុវវ័យមួយចំនួនយកពេលសិក្សារៀនសូត្រ ទៅរាំលេងកម្សាន្ដសប្បាយ នៅក្នុងក្លឹបកម្សាន្ត ដោយពួកគេស្លៀកពាក់បែបឡូយឆាយ ជាពិសេសក្មេងស្រីៗ ហ៊ានស្លៀកពាក់លេចលើលេចក្រោម រាំក្រលែង ចង្កេះយ៉ាងទំនង។ ជាមួយគ្នានោះ តាមការសង្កេតចំនួនក្លឹបកម្សាន្ដ ក៍មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្លឹបកម្សាន្ដនីមួយៗប្រឹងប្រែងបង្កើននូវភាពទាក់ទាញរបស់ខ្លួនតាមរយៈការដាក់ភ្លើងពណ៌ឆ្វេចឆ្វាច និងដាក់សម្លេងបាសឲ្យកាន់តែញ័រញាក់ដល់បេះដូងយុវវ័យភ្លើតភ្លើនទាំងនោះថែមទៀតផង។
ដើម្បីមានភាពទាក់ទាញដល់បណ្ដាយុវវ័យដ៏ទៃទៀត យុវវ័យថ្មីចំនួនបានស្លៀកពាក់បែបឡូយឆាយ ជាពិសេសក្មេងស្រីៗដល់ថ្នាក់ស្លៀកសម្លៀកបំពាក់ដែលមិនសមរម្យលេចលើលេចក្រោម មានអ្នកខ្លះហ៊ានដល់បញ្ចេញគល់សុដន់ទាំងដុលដោយមិនមានភាពខ្មាសអៀនទាល់តែសោះ។
ទង្វើទាំងនេះសង្គមហាក់ដូចជាមិនទាន់អាចទទួលយកបាននូវឡើយទេ ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើននៅប្រកាន់យកប្រពៃណីដ៏ល្អផូរផង់ពីដូនតា ហើយទង្វើទាំងអស់នេះ បានធ្វើឲ្យខូចខាតដល់កិត្តិយសក្រុមគ្រួសារ នឹងមានចាស់ៗមិនតិចទេដែលរិះគន់ដល់សកម្មភាពដ៏គឃ្លើនរបស់យុវវ័យទាំងនោះ ជាពិសេសគឺក្មេងស្រីៗតែម្ដង៕