ខេត្តព្រះវិហារ : បុរសម្នាក់ដែលជានាយរងការិយាល័យពន្លត់អគ្គីភ័យ បានបើកឡានបុកប្រពន្ធឈរពីខាងមុខរថយន្តស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិ អណ្ដូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនបង្កមានឈ្មោះ ឡូញ សុភក្រ័ ជាប៉ូលិសពាក់ស័ក្តិ៤ និងជានាយរងការិយាល័យ ពន្លត់អគ្គីភ័យ ខេត្តព្រះវិហារ បានជិះរថយន្ដ លុចស៊ីស ៣០០ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-8222 ជាមួយមិត្តភក្ត័ចូលមកផ្ទះ បំរុងហៅប្រពន្ធទៅដើរលេង តែដោយប្រពន្ធឃើញប្ដីស្រវឹងពេក បានប្រកែកថា មិនទៅទេឯងស្រវឹងហើយ។
ពេលនោះប្រពន្ធក៏បានឃាត់ប្ដី មិនឲ្យទៅទៀត តែជនសង្ស័យមិនបានស្ដាប់ជនរងគ្រោះក៏ទាញសោរពីម្ចាស់រថយន្ដ ដែលត្រូវជាមិត្តភក្តិ ឡើងបើករថយន្ដ បំរុងថយក្រោយ តែដោយជនសង្ស័យ មានភាពស្រវឹង ហើយមិនសូវប៉ិនប្រសព្វផងនោះ ក៏បានបញ្ជារថយន្ដទៅមុខ បណ្ដាលឲ្យបុកប្រពន្ធខ្លួនឯង តាំងពីមុខផ្ទះរហូត ធ្លាយជញ្ជាំងខាងក្រោយផ្ទះស្លាប់ភ្លាមៗ ហើយរថយន្ដបានខូចខាតផ្នែកខាងមុខយ៉ាងដំណំ ត្រូវយកមករក្សាទុក នៅអធិការដ្ឋាន ក្រុងព្រះវិហារ។ ក្រោយពេលកើតហេតុ ជនសង្យ័យបាននៅធ្វើបុណ្យឲ្យជនរងគ្រោះជាប្រពន្ធ តាមប្រពៃណីដោយបន្សល់ទុក កូនប្រុសម្នាក់ត្រូវរស់នៅកំព្រាម្តាយ៕