រាជធានីភ្នំពេញ : គណបក្សសង្គ្រោះជាតិនឹងប្រគល់ផែនទីដែលខ្លួនបានទិញមកពីប្រទេសបារាំងទៅដល់រាជរដ្ឋាភិបាលកម្ពុជា ព្រះមហាក្សត្រ និងរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃចន្ទទី១០ ខែសីហាឆ្នាំ២០១៥ នេះ ដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជរដ្ឋាភិបាល និងផែនទីដែលខ្ចីពីអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ថា មួយណាជាផែនទីដែលត្រឹមត្រូវ។ នេះបើយោងតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់គណសង្គ្រោះជាតិ។
លោក អ៊ូ ច័ន្ទឫទ្ធិ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងនៅថ្ងៃសៅរ៍ ទី៨ សីហា ឆ្នាំ២០១៥ ថា គណបក្សសង្គ្រោះជាតិនឹងប្រគល់ផែនទីដែលខ្លួនបានទិញនៅក្នុងប្រទេសបារាំងទៅដល់រាជរដ្ឋាភិបាលកម្ពុជាព្រះមហាក្សត្រ និងរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ។ ការផ្តល់នេះ គឺដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជរដ្ឋាភិបាល និងផែនទីដែលខ្ចីពីអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ថាមួយណាជាផែនទីដែលត្រឹមត្រូវ។ ផែនទីដែលគណបក្សសង្គ្រោះជាតិគ្រោងផ្តល់ឲ្យស្ថាប័នពាក់ព័ន្ធទាំងនេះ គឺជាផែនទីបង្ហាញពីព្រំដែនកម្ពុជាវៀតណាមខ្នាត ១/១០០.០០០(មួយលើមួយរយពាន់) បែបឌីជីថល(Digital) ចំនួន២៦ផ្ទាំង ដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានទិញនៅក្នុងប្រទេសបារាំងក្នុងតម្លៃ១៦៨ដុល្លារអាមេរិក។ ការសម្រេចផ្តល់ផែនទីរបស់គណបក្សសង្គ្រោះជាតិនេះ គឺបានធ្វើឡើងបន្ទាប់ពីលោក បានគីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៥ បានសម្រេចឲ្យរដ្ឋាភិបាលកម្ពុជាខ្ចីផែនទីដែលខ្លួនបានតម្កល់ទុក នៅអង្គការសហប្រជាជាតិ និងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យគណបក្សប្រឆាំងបង្ហាញនូវផែនទីដែលខ្លួនមាននេះផងដែរ។
លោក អ៊ូ ច័ន្ទឫទ្ធិ បានបញ្ជាក់ថា ការប្រគល់ផែនទីនេះ គឺដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់សព្វថ្ងៃ និងផែនទីដែលអង្គការសហប្រជាជាតិឲ្យរាជរដ្ឋាភិបាលខ្ចី ដើម្បីបញ្ជាក់ថាមួយណាត្រឹមត្រូវនិងរកចំណុចរួមមួយដែលអាចទទួលយកបានទាំងអស់គ្នា។
គួរបញ្ជាក់ថាកន្លងមកក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានចោទរាជរដ្ឋាភិបាលកម្ពុជាថា ប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម ដែលបានធ្វើឲ្យកម្ពុជាខាតបង់ទឹកដី។ ការលើកឡើងរបស់សមាជិកតំណាងរាស្ត្របក្សប្រឆាំងធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តខ្ចីផែនទីពីអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចចំនួន៣ ដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់ជាមួយផែនទី ដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការចំពោះកិច្ចមួយដែលមាន លោក ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង ជាប្រធាន, លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន និងលោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដីជាអនុប្រធាន។ គណៈកម្មការនេះនឹងចាត់ចែងសម្របសម្រួលការទទួលប្រគល់និង ការពិនិត្យផ្ទៀងផ្ទាត់ផែនទីរបស់អង្គការ សហប្រជាជាតិ ដោយមានការចូលរួមពីគណបក្សប្រឆាំង រាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញការងារផែនទីជាតិ និងអន្តរជាតិផងដែរ ដើម្បីឲ្យការផ្ទៀងផ្ទាត់ធ្វើឡើងប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវ។
លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ក្រុមស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា នៃរាជ្យបណ្ឌិត្យសភានឹងយកផែនទីនេះមកផ្ទៀងផ្ទាត់ជាមួយផែនទីចំនួន៦ទៀតដែលយកពីប្រភពផ្សេងៗគ្នា។ ជាមួយគ្នានេះលោកបណ្ឌិត សុខ ទូច ក៏បានបកស្រាយពីមូលហេតុដែលលោកស្នើឲ្យមានការធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញផងដែរ។ លោកបណ្ឌិតបានឲ្យដឹងថា ផែនទីដែលទទួលបានពីអង្គការសហប្រជាជាតិនាពេលនេះវាមិនមែនជាផែនទីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជានោះទេ។ ក៏ប៉ុន្តែវាជាផែនទីដែលកម្ពុជាបានដាក់ប្តឹងទៅអង្គការសហប្រជាជាតិអំពីការឈ្លានពានរបស់ប្រទេសជិតខាង និងការទម្លាក់គ្រាប់បែករបស់អាមេរិកចូលក្នុងទឹកដីកម្ពុជានៅឆ្នាំ១៩៦៤មាន១៨ផ្ទាំង។ លោកបន្តថា យើងត្រូវការយកផែនទីទាំងនោះមកធ្វើការផ្ទៀងផ្ទាត់រវាងផែនទី ដែលយកចេញពីបណ្ណាល័យខុនហ្គ្រេស នៅអាមេរិក និងផែនទីដែលយកមកពីប្រទេសបារាំងថា តើយើងត្រូវយកផែនទីមួយណាមកអនុវត្តហើយមកប្រៀបធៀបជាមួយផែនទីដែលរាជរដ្ឋាភិបាលបានប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ដើម្បីរកឲ្យឃើញចំណុចខុស និងត្រូវហើយបើខុស តើវាចំណេញដល់ជាតិទេ បើចំណេញយើងយក បើមិនចំណេញយើងមិនយកទេ។
លោកបណ្ឌិត សុខ ទូច បានឲ្យដឹងទៀតថា បច្ចុប្បន្នរាជបណ្ឌិត្យសភាកម្ពុជាមានផែនទីមកពី៦ប្រភពជ្សេងគ្នា ផែនទីមួយមកពីបារាំង ផែនទីមួយមកពីអាមេរិក(យកចេញពីបណ្ណាល័យ ខុនហ្គ្រេស) ផែនទីពីរាជរដ្ឋាភិបាលកម្ពុជា ផែនទីពីអង្គការសហប្រជាជាតិ ផែនទីបានមកពីលោក ស៊ាន ប៉េងសែរ និងផែនទីមួយទៀត បានមកពីបណ្តាសារ ជាតិ ហើយនៅថ្ងៃចន្ទ ទី១០ ខែសីហានេះគណបក្សសង្គ្រោះជាតិបានសន្យាថា នឹងផ្តល់ផែនទីមកប្រគល់ឲ្យរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យផ្ទៀងផ្ទាត់។ ពាក់ព័ន្ធនឹងការស្នើសុំឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២នោះលោកបណ្ឌិត សុខ ទូច បានលើកឡើងថា លោកបានបន្តថា លោកពុំទាន់បានសិក្សានៅលើផែនដីទេ តែបានសិក្សាទៅតាមឯកសារគឺរដ្ឋធម្មនុញ្ញមាត្រាទី២ អត់បានឆ្លើយតបទៅនឹងអ្វីជាការពិតនោះទេ។ ឧទាហរណ៍បើយកតាមមាត្រា ២ ដែលផែនទីបានបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន នៅឆ្នាំ១៩៣៣-១៩៥៣។ ប៉ុន្តែបើមើលដាក់ ហ៊ូត គឺនៅឆ្នាំ ១៩១៤គឺបាត់ៗទៅហើយ យើងប្រើផែនទីបោនខ្នាត១លើ១០០.០០០ គឺខុសបាត់ទៅហើយ គឺប្រើបានតែជាមួយ វៀតណាម ចុះជាមួយឡាវ ជាមួយថៃ និងព្រំដែនសមុទ្រ គឺខុសបាត់ទៅហើយ បើ មិនកែរដ្ឋធម្មនុញ្ញ។ ជាចុងក្រោយលោក បានបន្តអំពាវនាវឲ្យមានការឯកភាពជាតិជាមុនៗ និងទៅធ្វើការចរចាជាមួយប្រទេស វៀតណាម៕