ទឹកភ្នែក​រងកម្ម ជា​បណ្តាំ​ស្ត្រី​បាន​ប្តី​ជា​ជនរ​បទេស​

, , Leave a comment

08-8-2015

​អំណាច​នៃ​ប្រាក់​ដុល្លារ​បាន​អូសទាញ​នារី ខ្មែរ​រាប់មិនអស់​ឲ្យ​ធ្លាក់​ទៅក្នុង​ស្នេហ៍​ដ៏​ជូរចត់​និង​ឈឺចាប់​។ អំណាច​នៃ​ប្រាក់​ដុល្លារ​បានធ្វើ​ឲ្យ​ឪពុកម្តាយ​ស្រី​មួយចំនួន​សម្រេចចិត្ត​លើក​កូន​ឲ្យ​ទៅ​ជនបរទេស ដើម្បី​ជា​ថ្នូរ និង​ប្រាក់​ដុល្លារ​ដ៏​ក្រាស់ក្រែល និង​ខ្លះទៀត​ដោយមាន​ក្តី​ស្រមៃ​ចង់​ឲ្យ​កូន​បាន​ទៅ​រស់​នៅឯ​បរទេស ឬ​ក្រុមគ្រួសារ​បាន​ទៅ​រស់នៅ​បរទេស​។ ខាងក្រោម​នេះ​ជា​ដំណើររឿង​ចំណងស្នេហា​រវាង​បុ​ប្ឆា​មួយទង​នៅ​ខេត្តកំពង់ធំ និង​បុរស​ជនជាតិ​បែលហ្ស៊ិក​ដែល​បាន​កន្លងផុត ទៅ​ប៉ុន្មាន​ឆ្នាំ​ហើយ​តែ​បានធ្វើ​ឲ្យ​នាង​ទទួលរង​នូវ​ទុក្ខសោក​យ៉ាង​វេទនា​ក្រៃលែង​។ រឿង​កម្សត់​របស់​នាង​មាន​ដូចតទៅ​នេះ ៖

 

​ដប់​ប្រាំ​មួយឆ្នាំ​រង់ចាំ​ស្នេហ៍​បានត្រឹមតែ​ក្តី​ឈឺចាប់​ពើត​ផ្សា ដោយសារតែ​ស្វាមី​ជា​ជនបរទេស​ឥត​ក្តី​ប្រណី​មេត្តា ចាត់ទុក​ភរិយា​ដូចជា​ទាសី​សម្រាប់​បម្រើ​តណ្ហា​។ អង្គុយ​លើ​អង្រឹង​នៅ​ពីមុខ​ផ្ទះ​ឈើ​ដ៏​ចំណាស់​តូច​មួយ​ប្រកបដោយ​ទឹកមុខ​ក្រៀមក្រំ លាយឡំ​ជាមួយ​ទឹកភ្នែក​ហូរ​ជ្រែក​ផែនថ្ពាល់ ខណៈដែល​នាង​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន​យើង គឺជា​តួអង្គ​ពិត ហើយក៏​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ធ្លាប់​ត្រូវបាន​ស្វាមី​ជនបរទេស​ធ្វើបាប​ចាត់ទុកជា​ទាសី​សម្រាប់​បម្រើ​ផ្លូវភេទ​។​

 

​ជាមួយនឹង​ទឹកមុខ​ក្រៀមក្រំ​បង្កប់​នូវ​ក្តី​ខកចិត្ត​ឈឺចាប់​ក្តៅ​ងំ​ពេញ​ក្នុង​បេះដូង ចិន្តា [​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​] ស្រដី​រ៉ាយរ៉ាប់​ប្រាប់​ពី​ដំណើរ​ជីវិត​ដ៏​គ្រោតគ្រាត របស់ខ្លួន​ដោយ​ឥត​លាក់លៀម​ថា នាង​ខ្ញុំ​ជា​ស្ត្រី​ខ្មែរ​មួយរូប​ដែល​គោរព​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​ទំនៀមទម្លាប់​ពុំដែល​មាន​ល្អៀង​ម្តងណា​ឡើយ​។ ក្តី​ឈី​ចាប់ ខកចិត្ត​របស់​នាង​ខ្ញុំ ខ្ញុំ​មិនគួរណា​យំ​រៀបរាប់ និង​លើក​យកមក​បរិយាយ​នូវ​រឿង​អាថ៌កំបាំង​របស់ខ្លួន មក​លាតត្រដាង​ប្រាប់​គេឯង​យ៉ាង​ដូច្នេះ​ទេ ប៉ុន្តែ​ដោយសារតែ​ក្តី​ឈឺចាប់​ក្នុង​ចិត្ត​កាន់តែ​ក្តៅ​ងំ​ទ្រាំលែងបាន​ទៀត​នោះ ទើប​នាង​ខ្ញុំ​សម្រេចចិត្ត​បង្ហើប​រឿង​វិបត្តិ​ដួងចិត្ត​ឡើង ដើម្បី​ទុកជា​មេរៀន​ជីវិត​សម្រាប់​នារី​ខ្មែរ ជាពិសេស​យុវតី​ស្រករ​ក្រោយ និង​ដើម្បី​ឲ្យ​ធូរស្បើយ​ដើមទ្រូង​ខ្លះ​ផង​។​

 

​សញ្ជឹង​បន្តិច​អ្នកស្រី​ពោល​បន្តថា នាង​ជា​កូន​ទី​បី​ក្នុងចំណោម​បងប្អូន​បួន​នាក់​ក្នុងនោះ​ប្រុស​ពីរ​ស្រី​ពីរ​នាក់ កំព្រា​ឪពុក​រស់នៅ​ជាមួយ​ម្តាយ​ជា​ស្រី​មេម៉ាយ​តាំងពី​កុមារភាព​។ បន្ទាប់ពី​បងៗ មាន​ស្វាមីភរិយា​បែក​ទៅ​ទីទៃ​នោះ ភារៈ​រកស៊ី​ចិញ្ចឹម គ្រួសារ​ត្រូវ​ធ្លាក់​មកលើ​នាង​ខ្ញុំ​ទាំងស្រុង​។ កាល​វេលា​ចេះតែ​វិល​ទៅមុខ​ឥតឈប់ឈរ គ្រា​ដែល​ខ្ញុំ​មាន​វ័យ​ម្ភៃ​ប្រាំ​ឆ្នាំ ប្រកបដោយ​រូប​សម្រស់​ស្រស់​សោភា បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​អង្គការ​មួយ​ក្នុងស្រុក​។ ដោយសារតែ​គ្រួសារ​មាន​ជីវភាព​ខ្សត់ខ្សោយ នាង​ខ្ញុំ​ពុំដែល​នឹក​ដល់​ឡើយ រឿង​ស្នេហ៍ គឺ​ដឹង​តែ​ពី​ខំប្រឹង​ធ្វើការ​រកប្រាក់​ទ្រទ្រង់​ជីវភាព​តែប៉ុណ្ណោះ​។ គ្រានោះ​ប្រហែលជា​ព្រហ្ម​លិខិត កម្រិត​ហើយ​មើល៍ទៅ​ទើប​តម្រូវ​ឲ្យ​ក្រមុំ​ស្ទឹងសែន​រូបខ្ញុំ​នេះ​ជួប​នូវ​គូរ​កម្ម ដោយបាន​ជួប​ប្រសព្វ​នឹង​បុរស​បរទេស​ចំណាស់​ម្នាក់​ឈ្មោះ ហ្វ៊ី​លី​ព ជនជាតិ​បែលហ្ស៊ិក មានមុខ​ងារ និង​តួនាទី​ជា​វេជ្ជបណ្ឌិត និង​ជា​ប្រធាន​គ្រប់គ្រង​បុគ្គលិក បាន​តាម​សុំ​ស្នេហ៍ និង​ចូល​ស្តីដណ្តឹង​រូបនាង​ខ្ញុំ​។​

 

​អ្នកស្រី​បាន​បរិយាយ​បន្តទៀតថា បុរស​បែលហ្ស៊ិក​នោះ គាត់​ជា​ពោះម៉ាយ​ដែល​គ្រានោះ​មាន​វ័យ​សែសិប​ប្រាំ​ឆ្នាំ ដំបូង​ឡើយ​យើង​គ្រាន់តែ​រាប់អាន​គ្នា​ធម្មតា​ក្នុងនាម​ចៅហ្វាយនាយ និង​កូនចៅ​ប៉ុណ្ណោះ លុះ​យូរៗ​ទៅ​ក៏​ចាប់ផ្តើម​មាន​មនោ​ស​ញ្ចោ​ត​នា​វេញ​ត្របាញ់​ចូលគ្នា​រហូត​ក្លាយទៅជា​គូសង្សារ​ដ៏​ស្អិតល្មួត​។ ក្រោយពេល​ក្លាយជា​គូស្នេហ៍ លោក​ហ្វ៊ី​លី​ព តែង​ព្យាយាម​លួងលោម​អង្វរ​សុំ​រួមភេទ​ជាមួយ​ខ្ញុំ​ជារឿយៗ ហើយ​ដោយសារតែ​ខ្ញុំ​ពុំ​ព្រម​ប្រគល់​ព្រហ្មចារី​ឲ្យ​ទើប​បុរស​បរទេស នោះ​ចូល​ស្តីដណ្តឹង​រូបនាង​ខ្ញុំ​រៀបការ​តាម​ប្រពៃណី​ខ្មែរ​។ អ្នកស្រី​បាន​បន្ថែមថា ដោយសារតែ​លួងលោម​យក​ខ្លួនប្រាណ​នាង​មិនបាន ហើយ​ចង់​ឈ្នះ​ចិត្ត និង​ឮ​សម្តី​របស់​នាង​និយាយថា “​លុះត្រាតែ​រៀបការ​តាម​ទំនៀមទម្លាប់​ប្រពៃណី​រួច​ទើប​នាង​ព្រម​ប្រគល់​ខ្លួនប្រាណ​នោះ​” និង ដោយសារតែ​ជាម​នុស្ស​ស្រេកឃ្លាន​តណ្ហា និង​ចង់បាន​ព្រហ្មចារី​ផង​នោះ​លោក ហ្វ៊ី​លី​ព ក៏​រក​ចាស់ទុំ​ខ្មែរ និង​លោក​អភិបាលខេត្ត​ផង​នោះ​ចូលមក​ស្តីដណ្តឹង​រូបនាង​តាម​សំណើ​។​

 

​អាពាហ៍ពិពាហ៍​មួយ​ត្រូវបាន​រៀបចំឡើង​រវាង​ក្រមុំ​ស្ទឹងសែន និង​ពោះម៉ាយ​បែលហ្ស៊ិក ដែលមាន​ភ្ញៀវ​ចូលរួម​អបអរ​យ៉ាងច្រើន​កុះករ​ទាំង​ខ្មែរ និង ជនបរទេស ហើយ​វា​ជា​ថ្ងៃមួយ​ដែល​រូប​អ្នកស្រី​នឹកស្មាន​នឹងមាន​មោទកភាព​បំផុត​។ ក្រោយពេល​រៀបការ​ចាប់ដៃគ្នា​សាង​ក្បួន​ជីវិត​ក្នុងនាម​ស្វាមីភរិយា អ្នកស្រី​បាន​លួច​ញញឹម​សង្ឃឹម និង​សរសើរ​ខ្លួនឯង​ថា ពិតជា​មានសំណាង សុភមង្គល ស្គាល់​តែ​ភាព​រីករាយ​សប្បាយ​នៅក្នុង​ជីវិត​ជាក់​ជាមិនខាន​។ ផ្ទុយទៅវិញ​ក្តី សង្ឃឹម​ត្រូវ​រលាយបាត់​អស់រលីង​ដោយសារតែ​គំនុំសងសឹក​ស្វាមី​ល្មោភកាម​ចាត់ទុក​ភរិយា​ជា​ទាសី​កំដរ​កាមារម្មណ៍​។​

 

​លើកដៃ​ជូត​ទឹកភ្នែក សញ្ជឹង​បន្តិច ទើប​ស្រដី​ទាំង​សម្តី​អួលដើមក​ថា ការពិត​លោក ហ្វ៊ី​លី​ព រៀបការ​ជាមួយ​នាង​នោះ គឺ​ពុំមែន​ដោយ​មនោ​ស​ញ្ចោ​ត​នា​ជា​ស្វាមីភរិយា​នោះទេ ក៏​ព្រោះតែ​គេ​ចង់បាន​ប្រាណ​នាង ព្រោះ​គេ​ខឹង​រូបនាង​ពុំ​ព្រម​ប្រគល់​ខ្លួនប្រាណ​ឲ្យ​គេ​កាលពី​នៅ​ជា​សង្សារ​គ្នា​នោះ​។ ដោយ​ឃើញ​គ្រួសារ​ក្រលំបាក និង​រស់នៅ​ជាមួយ​ម្តាយ​ជរា​ផង​នោះ ធ្វើ​ឲ្យ​ស្វាមី​ធុញទ្រាន់ ហើយ​តែង​និយាយ​ប្រមាថ​មាក់ងាយ​មកលើ​គ្រួសារ​របស់​អ្នកស្រី​ដែល​ស្តាប់ឮ​ម្តងៗ​ស្ទើរតែ​ពុំ​អាច​ទ្រាំទ្រ​បាន​។ ជាងនេះទៅទៀត​ប្តី​របស់​នាង​ពុំដែល​ចាត់ទុក​នាង​ជា​ប្រពន្ធ​ឡើយ ដោយ​ទុកដូចជា​ទាសី​សម្រាប់​បម្រើ​ផ្លូវភេទ​រាល់ពេល​រួមភេទ​ម្តង​គេ​តែងតែ​ប្រើ​ស្ទីល​ប្លែកៗ​ដូច​ការ​រួមភេទ​ជាមួយ​ស្រីពេស្យា​អ៊ីចឹង​។​

 

​លុះ​ពេល​ដឹងថា​អ្នកស្រី​មានគភ៌​ស្វាមី​របស់​អ្នកស្រី​រឹតតែ​ពុំ​ខ្វល់ខ្វាយ​ពី​សុខភាព​របស់​អ្នកស្រី និង​កូន​ក្នុង​ផ្ទៃ​ដោយ​ថែមទាំង​បង្ខំ​ឲ្យ​យក​កូន​ចេញ​ទៀតផង ហើយ​លួងលោម​ថា បើ​មាន​កូនចៅ​ពេល​ចប់​អា​ណិ​ត្ត​នៅ​កម្ពុជា គឺ​ពិបាក​ធា​នាយក​រូបអ្នក​ស្រី​ទៅ​នៅ​ប៊ែ​ល​ហ្ស៊ិ​ក​ជាមួយ​ណាស់ តែ​ទោះជា​យ៉ាងណា​ក៏​អ្នកស្រី​ក៏​ពុំ​ធ្វើតាម​ពាក្យលួងលោម និង​គំរាម​របស់​ស្វាមី​ដែរ​។​

 

​រួមរស់​ជាមួយគ្នា​ពុំទាន់​បាន​ប្រាំ​មួយខែ​ផង ប្តី​បរទេស​របស់​អ្នកស្រី​ក៏​លួច​រត់ចោល​ភរិយា​ដែល​កំពុង​ពពោះ​កូន​ក្នុង​ផ្ទៃ​បាត់​ទៅដោយ​មិន​ទាំង​បាន​លា​មួយ​ម៉ាត់​ឡើយ​។ លុះ​ក្រោយមក​ទើប​ដឹង​ការពិត ប៉ុន្តែ​ហួសពេល​អស់​ទៅហើយ អ្នកស្រី​ត្រូវ​ពពោះ​សម្រាលកូន​ម្នាក់ឯង គួរ​ឲ្យ​អាសូរ​ជាងនេះទៅទៀត​បន្ទុក​កាន់តែ​ធ្ងន់​ត្រូវ​ធ្លាក់​មកលើ​នាង​ខ្ញុំ​ដែល​ត្រូវ​ចិញ្ចឹម​បីបាច់​កូនស្រី​ម្នាក់ទៀត​។​

 

​កាលពី​កូន​នៅ​តូច នាង​តែង​សួររក​ឪពុក​ជារឿយៗ ហើយ​ឲ្យ​តែ​ឮ​សួរ​ម្តងៗ​ខ្ញុំ​ស្ទើរតែ​ប្រេះ​បែក​ដើមទ្រូង ព្រោះ​ត្រូវ​រក​ពាក្យ កុហក​លួងលោម​កូន​រាល់​លើក​។ សព្វថ្ងៃនេះ​កូន​របស់​អ្នកស្រី​មាន​វ័យ​ដប់​ប្រាំមួយ​ឆ្នាំ​ហើយ ដែល​អ្នកស្រី​អះអាងថា មានមុខមាត់​រូបរាង​ដូច​ប៉ា​ប៉ា​របស់​នាង​បេះបិទ​។ តាំងពី​តូច​ដល់​ធំ​កូន​របស់​អ្នកស្រី​តែង​សួររក និង​ចង់​ជួប​មុខ​ប៉ា​របស់គេ​ជានិច្ច ប៉ុន្តែ​ប៉ា​បែរជា​គ្មាន​មេត្តា​ពុំដែល​នឹករឭក​សួរដំណឹង​មកលេង ឬ​ផ្តល់​ប្រាក់កាស ចិញ្ចឹម​កូន​ក្នុងនាម​ឪពុក​សោះឡើយ​។ អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា តាំងពី​ដឹងថា​ស្វាមី​ត្រឡប់​ទៅ​ស្រុក​វិញ​អ្នកស្រី​បាន​ព្យាយាម​ផ្ញើ​សំបុត្រ​ទាក់ទង​ជា​ញយៗ​ដែរ ហើយ​ការ​តបសំបុត្រ​នោះ គឺជា​ការបដិសេធ​មិន​ទទួល​របស់​ស្វាមី​រឿង​ចិញ្ចឹម​កូន​ដោយ​គេ​បដិសេធថា មិន​មានកូន​ជាមួយ​អ្នកស្រី​នោះទេ​៕

 08-8-2015 (1)

 

Leave a Reply

(*) Required, Your email will not be published