ខូចចិត្ត​ដ្បិត​ប្រុស​ព្រាន​

, , Leave a comment

06-8-2015 (1)

​ស្នេហា​ទីមួយ​ប៉ះ​លើ​ប្រុស​ព្រាននារី​ស្នេហា​ទី​ពីរ​ប៉ះចំ​ប្រុស​ចិត្តល្អ​តែ​អាយុ​ខ្លី​ស្នេហា​ទី​បី​ប៉ះ លើ​ប្រុស​បង្កប់​ដោយ​ចិត្ត​ពិសពុល ដែល​បង្កឡើង​ដោយ​ប្រុស​ព្រាន​ញៀន​ល្បែង​ស្រី​ស្រា​ឥត​ក្តីមេត្តា​នោះ​ហើយ​ទើប​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ឈឺចាប់​ខូច ចិត្ត​យក​ស្រា​ធ្វើជា​មិត្ត​បន្លប់​ទុក្ខព្រួយ ទីបំផុត​បានក្លាយ​ជាម​នុស្ស​ប្រមឹក​ផឹក​ឥត​ស្វាង​ស្ទើរ​ក្លាយជា​មនុស្ស​វិកលចរិត​។ ខាងក្រោម​នេះ​ជា​ខ្សែជីវិត​របស់​ស្ត្រី​ដែល​ខក​ស្នេហ៍​ប្រទះ​តែ​ប្រុស​ព្រាន​មាន​ស្រុកកំណើត​ក្នុង​ទឹកដី​នៃ​ខេត្តកំពង់ចាម​។​

 

​ជាមួយនឹង​ខ្សែជីវិត​ល្វីង​ជូ​ចត់​នេះ ម្តាយ​ស្ត្រី​អភ័ព្វ​ស្នេហ៍​បាន​រៀបរាប់​អំពី​ប្រវត្តិ​ពិត និង​ដំណើរ​ជីវិត​ស្នេហា​របស់​កូនស្រី​ថា រូបគាត់​មានតែ​កូនស្រី​ម្នាក់នេះ​ប៉ុណ្ណោះ​ដែលមាន​វាសនា​អភ័ព្វ​ខុសគេ​ជួបតែ​ប្រុស​មិនល្អ ទើប​ធ្វើ​ឲ្យ​នាង​ខូចចិត្ត​គិតតែ​ពី​ផឹកស្រា​។ អ៊ំស្រី​បាន​តំណាល​អំពី​ប្រវត្តិ​របស់ខ្លួន​ថា គាត់​បាន​រៀបការ​ជាមួយ​អតីត​នាយទាហាន លន់ នល់ ម្នាក់ ហើយ​បង្កើត​បានកូន​ម្នាក់នេះ ហើយ​ស្វាមី របស់គាត់​ត្រូវ​ខ្មែរក្រហម​បាញ់សម្លាប់​ខណៈពេល​ត្រូវ​ពួកវា​ចាប់បាន​។ លុះ​ក្រោយ​ឆ្នាំ ១៩៧៩ គាត់​បាន​នាំ​កូនស្រី​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ប៉ុន្តែ​ដោយសារ​ចេះតែ​ស្រមៃ​ឃើញ​ការស្លាប់​របស់​ស្វាមី ទើប​គាត់​នាំ​កូនស្រី​ចាកចោល​ស្រុកកំណើត​មក​នៅទីនេះ​រហូតមក​។​

 

​អ៊ំស្រី​បាន​ស្រដី​បន្តថា ដោយសារ​ការផ្លាស់​ទីលំនៅ​ពី​កន្លែង​មួយ​ទៅមួយ ទើប​បណ្តាល​ឲ្យ​កូនស្រី​របស់គាត់​ពុំបាន​ចូលរៀន​សូត្រ និង​ចេះអក្សរ​ដូច​គេ​ទេ​។ អ៊ំស្រី​បាន​បន្ថែមទៀតថា កាលពីដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ គាត់​បាន​នាំ​កូនស្រី​ដែល​គ្រានោះ​នាង​មាន​វ័យ​ម្ភៃ​ឆ្នាំ​ទៅហើយនោះ​ទៅ​រស់​នៅឯ​ខេត្តកំពង់ឆ្នាំង ប្រកប​របរ​លក់​ត្រី មុខរបរ​របស់គាត់​បាន​កាក់កប និង​រលូន​ល្អ​ណាស់​។ អ៊ំស្រី​បាន​ពោលថា ដោយសារ​មានកូន​តែ​ម្នាក់ ទើប​គាត់​រាង​ទម្រើស​បន្តិច​ដោយសារ​ភាព​ទម្រើស​នោះ ហើយ​ទើប​បណ្តាល​ឲ្យ​នាង​ធ្វើ​អ្វីៗ​ស្រេច​តែ​ទំនើងចិត្ត​រហូត​ជ្រុលជ្រួស​ស្រឡាញ់​ប្តី​គេ​ដោយ​ពុំ​ដឹងខ្លួន​។ នា​ពាក់កណ្តាល​ឆ្នាំ​១៩៩១ បុរស​ម្នាក់​ជា​អ្នករាជការ​ម្នា​ក់នៅ​ខេត្តកំពង់ឆ្នាំង​នា​សម័យ​នោះ បាន​តាម​សុំ​សេចក្តីស្នេហា​ពី​កូនស្រី​អ៊ំ​។ ដោយ​សង្កេត​ពី​វ័យ និង​ចរិតលក្ខណៈ គាត់​បាន​សន្និដ្ឋានថា បុរស​នោះ​ប្រាកដ​ជាមាន​ប្រពន្ធ​កូន បើទោះជា​គេ​មក​ប្រូ​ថា នៅ​ក​ម្លោះ​ក្តី​ហើយ​បាន​ហាម​កូន​មិន​ឲ្យ​ទាក់ទង​ទៀតផង តែ​ដោយ​ភាព​មានះ​រឹងរូស នាង [​កូនស្រី​] ពុំបាន​យក​ត្រចៀក​ស្តាប់​ពាក្យ​ទូន្មាន​របស់​ម្តាយ​ឡើយ ហើយ​ធ្វើ​ផ្គើន​ថែមទៀត ទីបំផុត​ក៏​ជ្រុលខ្លួន​បង់ប្រាណ​ទៅ​ឲ្យ​ប្រុស​នោះ​ទៅ​។​

 

​ដោយ​ឃើញ​អង្ករ​ក្លាយជា​បាយ​ទៅហើយនោះ រូបគាត់​ក៏​រូតរះ​ធ្វើ​ពិធីសែនព្រេន​បង្គ្រប់កិច្ច បើទោះជា​គ្មាន​សាច់ញាតិ​ណា​ម្នាក់​ខាង​ប្រុស​ចូលរួម​ក៏ដោយ​។ កូនប្រសា​រូបនោះ​តាំងពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ រូបគេ​ពុំដែល​រកប្រាក់​ឲ្យ​ភរិយា​មួយ​រៀល​ណា​ទេ មានតែ​យកប្រាក់​ពី​ផ្ទះ​ទៅ ឲ្យ​ប្រពន្ធ​របស់គេ​ដល់ពេល​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​កូន​ទី​ពីរ កូនប្រសា​ហេងស៊យ​នោះ​ក៏ត្រូវ​ប្រពន្ធដើម​មក​អូស​យកទៅ​បាត់​។ គ្រានោះ​ដោយ​ខ្មាស​គេ​ពេក​បន្ទាប់ពី​កូនស្រី​សម្រាល​បានកូន​ស្រី​មួយទៀត គាត់​ក៏​នាំ​កូន និង​ចៅ​មក​រស់នៅ​ទីនេះ​វិញ​។ រូបគាត់ និង​កូន​ខំប្រឹង​រកស៊ី​ចិញ្ចឹម​ចៅស្រី​ទាំង​ក្តី​រីករាយ បើទោះជា​ឪពុក​របស់​វា​ពុំ​ទទួលខុសត្រូវ​ក្តី លុះ​រហូតមកដល់​ឆ្នាំ ២០០០ ក៏មាន​ក​ម្លោះ​ម្នាក់​ឈ្មោះ សាវុធ បាន​ចូលខ្លួន​មកសុំ​ធ្វើជា​ឪពុក​កូន​របស់​នាង និង​ធានា​មើលថែ​រូបនាង​អស់​មួយជីវិត​ទៀតផង ។ អ៊ំស្រី​បាន​ពោលថា កាលពី​បែកបាក់​ពី​ប្តី​ទីមួយ​ដោយសារ​ភរិយា​ដើម​មក​អូ​សក​យក នោះ​កូនស្រី​របស់គាត់​ធ្លាប់បាន​សច្ចា​ថា ឈប់​ជឿ​ហើយ​ប្រុស ស៊ូ​រស់​ចិញ្ចឹម​កូន​ម្នាក់ឯង ព្រោះតែ​ពុំ​ចង់​ឈឺចាប់​ទៀត​ទេ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​បានជា​នាង​ចាញ់​ស្នេហ៍ ក​ម្លោះ សាវុធ ព្រម​ទទួលយក​រូបគេ​ជា​ស្វាមី​ដោយ​ពុំបាន​រៀបការ ឬ​សែនព្រេន​ឲ្យ​មេបា​ចាស់ទុំ​ដឹងឮ​នោះឡើយ​។​

 

​នៅក្នុង​ចំណោម​ប្តី​ទាំងបី​របស់​កូនស្រី អ៊ំស្រី​សង្កេតឃើញថា កូនប្រសា​ទី​ពីរ​នេះ​គ្រាន់បើ​ជាងគេ ពុំ​ល្មោភ​ស្រី​ញី​ទេ តែ​ទាស់​ត្រង់​ផឹកស៊ី និង​ប្រព្រឹត្ត​ល្បែងស៊ីសង​។ ទោះជា​យ៉ាងនោះ​ក្តី កូនប្រសា​រូប នោះ​ពុំដែល ធ្វើ​ឲ្យ​កូនស្រី​របស់គាត់​ពិបាកចិត្ត​នោះទេ គឺ​គេ​ពូកែ​រកប្រាក់​ណាស់​ហើយក៏​ពុំដែល រករឿង​បង្កជម្លោះ​វាយ តប់​ភរិយា​ដែរ រួមរស់​ជាមួយគ្នា​ជាង​បួន​ឆ្នាំ កូនស្រី​របស់ គាត់​សម្រាល​បានកូន​ប្រុស​ថែម​ពីរ​នាក់​ទៀត​។ ទ្រឹង​បន្តិច​ទើប​បន្តថា “​មនុស្ស​ល្អ​ពិត ជា​ឆាប់​ស្លាប់​មែន​”​ខណៈដែល​ប្រពន្ធ​មាន​ផ្ទៃ​ញេះ​កូនប្រុស​ទី​បួន​ចំនួន​ប្រាំ​ខែ សាវុធ បាន​ជួប​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​ស្លាប់​ដោយ​បន្សល់ទុក​នូវ​កូនប្រុសៗ​បន្ថែម​ពីរ​នាក់​ទៀត​ដែលជា​បន្ទុក​មួយ​កាន់តែ​ធ្ងន់​ទ្វេ​ឡើង​។​

 

​ក្រោយពី​កូនប្រសា​ទី​ពីរ​ស្លាប់ទៅ គាត់ និង​កូនស្រី​ខំប្រឹង​ទាំង​ត្រដាបត្រដួស​ចិញ្ចឹម​ចៅៗ​ទាំង​បួន​។ បន្ទាប់ពី​សម្រាលកូន​ទី​បួន​កូនស្រី​ទាំងពីរ​កើត​ជំងឺគ្រុនឈាម​យ៉ាងធ្ងន់ធ្ង​រ ចាំបាច់​ត្រូវ​រកប្រាក់​ដើម្បី​មក​ព្យាបាល​រោគ​កូនៗ គាប់​ជួន​គ្រានោះ​ក​ម្លោះ​ម្នាក់​ផ្សេងទៀត​ឈ្មោះ ដា​រ៉េត ជា​ទាហាន​ក្នុង​កងឯកភាព​ស្ថាបនា​ស្ពាន​ថ្នល់​មាន​បន្ទាយ​នៅ​ជិត​ផ្សារ​ផ្អាវ បាន​ឲ្យ​ខ្ចីប្រាក់ ហើយ​ពុំ​យក​វិញ​នោះ ព្រោះតែ​ស្រឡាញ់​រូបនាង​ទើប​ធ្វើ​ឲ្យ​នាង​ជាប់ជំពាក់​គុណ​គេ​។ ជាមួយគ្នា​នោះ​លោក ដា​រ៉េត តែង​ផ្តល់នូវ​ការឧបត្ថម្ភ​ជា​អង្ករ និង​ប្រាក់កាស​ជា​ញយៗ ទើប​បណ្តាល​ឲ្យ​រូបនាង​ស្ម័គ្រចិត្ត​ទទួល​ធ្វើជា​ស្រី​កំណាន់​របស់គេ​ដើម្បី​ជាការ​តបស្នង​គុណ និង​សម្រាប់​ជា​បង្គោល​ក្នុង​គ្រួសារ​ផងដែរ​។​

 

​ភាពស្និទ្ធស្នាល​ពី​គូសង្សារ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បាន​ក្លាយជា​ប្តី​ប្រពន្ធ ដោ​យក​ម្លោះ ដា​រ៉េត សុខចិត្ត​ទទួលយក​នាង​ជា​ភរិយា​ដោយ​ពុំ​រំឭក​ពី​រឿង​អតីត​ឡើយ បើទោះជា​នាង​មានកូន​បួន​នាក់​ក្តី​។ អ៊ំស្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជាមួយនឹង​ប្តី​ទី​បី​នេះ កូនស្រី​របស់គាត់​រួមរស់​ជាមួយគ្នា​បានតែ​ជាង​មួយឆ្នាំ​ប៉ុណ្ណោះ​ក៏​ព្រាត់ប្រាស​គ្នា​ទៅ ដោយសារតែ​ប្តី​របស់​នាង​មួយ​នោះ មាន​ស្រី​ច្រើនពេក ហើយក៏​ពុំមាន​កូនចៅ​ជាមួយគ្នា​ដែរ​។​

 

​កំពុង​ដេក​ស្តាប់​ម្តាយ​រ៉ាយរ៉ាប់​ទំនងជា​ស្វាង​ពី​សុរា​នោះ​នារី​អភ័ព្វ​នោះបាន​ក្រោក​អង្គុយ ហើយ​វាចា ដោយ​ទឹកមុខ​ក្រៀមក្រំ​លាយឡំ​នឹង​ក្តី​ឈឺចាប់​បង្កប់​ដោយ​ទុក្ខព្រួយ​ថា ក្នុង​មួយ​ឆាកជីវិត​នេះ​នាង​ពិតជា​អភ័ព្វ​ណាស់ ប្រទះ​តែ​ប្រុស​ព្រាននារី ស្នេហា​ទី​ពីរ​ជាម​នុស្ស​ល្អ​បែរជា​ឆាប់​ស្លាប់ ហើយ​អ្វីដែល​កាន់តែ​យ៉ាប់​នោះ​គឺ ប្តី​ទី​បី​ជា មនុស្ស​ល្មោភ​តណ្ហា​យក​ស្នេហា​ជា​ល្បែង​កម្សាន្ត​។ នាង​បាន​បន្តថា ដំណើរ​ជីវិត​របស់​នាង​គឺ​ពិត​ដូចជា​ម្តាយ​រៀបរាប់​អីចឹង ហើយ​ការដែល​ធ្វើ​ឲ្យ​នាង​ខូចចិត្ត​យក​ស្រា​ធ្វើជា​មិត្ត​នោះ គឺ​មកពី​ស្វាមី​ទី​បី​នោះឯង​ដែល​ធ្វើ​ឲ្យ​នាង​ចាកចេញ​ខណៈ ដែល​គេ​យក​ស្រី​ម្តង​ពីរ​បីនាក់​មក​ដេករួមរ័ក​ក្នុង​បន្ទប់​បញ្ឈឺ​រូបនាង​។ នាង​បាន​បញ្ជាក់ថា ការពិត​នាង​ពុំ​ចង់​ផឹកស្រា​នោះទេ តែបើ​មិន​ផឹក​ឲ្យ​ស្រវឹង​ទេ នោះ​នឹង​នឹក​ដល់​រឿង​អតីត​នាំ​ឲ្យ​ឈឺចាប់​។ បើ​ស្រវឹង​ទុក្ខព្រួយ​ទាំង​ប៉ុន្មាន​ត្រូវ​រសាយ​អស់​ផងដែរ​។ ជាមួយគ្នា​នោះ អ៊ំស្រី​បាន​ប្រាប់ថា សព្វថ្ងៃ​កូនស្រី​របស់គាត់​នេះ​ក្លាយ ជា​មនុស្ស​ញៀន​ស្រា​អត់​ពុំ​បានទេ ហើយក៏​ពុំដែល​ខ្វល់​អ្វី​ក្រៅពី​ស្រា​ដែរ ដែល​សព្វថ្ងៃនេះ​រូបគាត់ និង​ចៅស្រី​ច្បង ដើរ​ស៊ីឈ្នួល ដក​ស្ទូង កាប់​អុស ជីក​ដំឡូង បេះ​ផ្លែឈើព្រៃ​លក់ដូរ​អង្ករ ដោះស្រាយ​ជីវភាព ដែល បាន​ព្រឹក​ខ្វះ​ល្ងាច​នេះ ហើយ​ដី​ដែល​កំពុង​សង់​ខ្ទម​នៅ​នេះ​ក៏​ជា​ដី​របស់គេ​ដែរ ពួក គាត់​គ្រាន់តែ​សុំ​គេ​រស់នៅ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​៕

 

Leave a Reply

(*) Required, Your email will not be published