ខេត្តត្បូងឃ្មុំ : បុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំធ្វើការចាប់ឃាត់ខ្លួន ក្រោយទទួលពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិព្រឹក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមប្រភពរបាយការណ៍សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យល្មោភកាម មានឈ្មោះ ឆេង សាន ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាជីតា កុមារីរងគ្រោះ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។ នៅថ្ងៃកើតហេតុ ជនសង្ស័យដែលត្រូវជាជីតា បានផឹកស្រានៅក្នុងភូមិ ក្រោយពេលស្រវឹងហើយជនសង្ស័យបានដើរសំដៅផ្ទះក្មេងស្រីរងគ្រោះ ខណៈម្តាយចេញទៅស៊ីឈ្មួលបង្កកជ័រកៅស៊ូឲ្យគេ ដោយទុកកូនស្រីនៅផ្ទះតែម្នាក់ឯង ក៏ធ្វើសកម្មភាពចាប់ក្មេងស្រីមានអាយុ៤ឆ្នាំម្នាក់ រំលោភសេពសន្ថវៈ។ ក្រោយពេលស្ត្រីជាម្តាយបានត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញកូនស្រីយំខុសប្លែកពីធម្មតា ក៏សួរនាំហើយត្រូវក្មេងស្រីនិយាយប្រាប់ថា ជនសង្ស័យខាងលើ ចាប់នាងរំលោភ (យកដៃលូកប្រដាប់ភេទ) ធ្វើឲ្យមានការឈឺចាប់។
បន្ទាប់ពីឮកូនស្រីនិយាយបែបនេះ ស្ត្រីជាម្តាយក៏ប្រញាប់ទៅប្តឹងប៉ុស្តិ៍រដ្ឋបាលឃុំក្រែកជួយ អន្តរាគមន៍តែម្តង។ ពេលដែលសមត្ថកិច្ចហៅជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នោះ ក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រិត្តទង្វើខាងលើនេះមែន។
សមត្ថកិច្ចបានឲ្យដឹងបន្តថា កុមារីរងគ្រោះគ្រូពេទ្យបានពិនិត្យរួច នាងបានទទួលរងរបួសជាធ្ងន់ធ្ងរ ក្នុងសកម្មភាពរំលោភផ្លូវភេទនេះ ដោយពេលនេះកំពុងទាក់ទងទៅអង្គការ និងពិភាក្សាជាមួយម្តាយក្មេងស្រីរងគ្រោះ ត្រូវបញ្ជូននាងទៅព្យាបាល។ ចំណែកជនសង្ស័យក្រោយឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី៕