ខេត្តបន្ទាយមានជ័យ : មន្ត្រីយោធាម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុចដើមស្នួលខាងកើតនាគទិព្វ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានឲ្យសារព័ត៌មានកំណើតថ្មីដឹងថា ជនសង្ស័យមានឈ្មោះ រស់ សារាជ អាយុ ២២ឆ្នាំ បម្រើការងារនៅអង្គភាពវរសេនា តូចលេខ៥១៣ កងពលតូចលេខ៥១។ មុនពេលកើតហេតុសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ដោយបានទទួលដំណឹងពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតបានរាយការណ៍មកថា តែងតែមានក្រុមឈ្មួញមកចែកចាយ និងជួញដូរគ្រឿង។ ស្រាប់តែឃើញជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿង ម៉ាកCPX ពាក់ ស្លាកលេខ ខ.ម 6525 មកធ្វើសមកម្មភាព ហើយត្រូវសមត្ថកិច្ចក៏ចាប់ឃាត់ខ្លួនតែម្តង។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថ្នាំញៀន ១២កញ្ចប់។
ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ធ្វើការនាំខ្លួនទៅអធិការដ្ឋាន រង់ចាំចំណាត់ការបន្ត៕