រាជនធានីភ្នំពេញ : យូរឆ្នាំណាស់មកហើយដែលប្រជាពលរដ្ឋទៅបញ្ជាក់លិខិតស្នាមដូចជា សំបុត្រ កំណើត សំបុត្រអាពាហ៍ពិពាហ៍ ធ្វើលិខិតទិញលក់ផ្ទះ ស្នើសុំសាងសង់ផ្ទះ ឬក៏ធ្វើសៀវភៅស្នាក់នៅ ធ្វើលិខិតផ្ទេរទីលំនៅ នៅសាលាឃុំសង្កាត់ និងនៅប៉ុស្តិ៍ប៉ូលិសឃុំសង្កាត់ ជាដើម គឺត្រូវបានមន្ត្រីនៅសាលាឃុំសង្កាត់ និងប៉ូលិសនៅប៉ុស្តិ៍ឃុំសង្កាត់ ទារលុយ មុននឹងស៊ីញ៉េលើលិខិតស្នាមទាំងនោះ។
មួយរយៈចុងក្រោយនេះរាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃដែលគ្រប់គ្រងមន្ត្រីរដ្ឋបាលភូមិ/ឃុំ សង្កាត់/ស្រុក ខេត្ត/រាជធានី និងគ្រប់គ្រងប៉ូលិសគ្រប់ជាន់ថ្នាក់ បានកំណត់ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់តម្លៃសេវាដ៏តិចតួចចាប់ពី១០០០រៀល ដល់យ៉ាងច្រើន ១០០០០រៀលប៉ុណ្ណោះ សម្រាប់ប្រជាពលរដ្ឋ បង់ថ្លៃធ្វើលិខិតស្នាមទាំងនោះ។
ប៉ុន្តែជាក់ស្តែងវិញ ប្រសិនបើប្រជាពលរដ្ឋទៅធ្វើសំបុត្រកំណើត នៅសាលាឃុំសង្កាត់ គឺមួយសន្លឹកត្រូវបង់លុយ១០ ទៅ១៥ដុល្លារ ហើយអាចដល់២០ដុល្លារ សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ។ ចំណែកតាមបណ្តាខេត្ត ត្រូវបង់លុយផ្សេងទៀត តាមតំបន់ និងទីកន្លែង ហើយហាងឆេងបង់លុយទាំងនោះ ដែលចេញពីបបូរលើមាត់របស់មន្ត្រីឃុំសង្កាត់។
ដោយឡែកលិខិតបញ្ជាក់ផ្លាស់ទីលំនៅនៅប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ក៏ត្រូវបានប៉ូលិសជំរិតទារលុយប្រមាណ១០ដុល្លារ ឬ២០ដុល្លារក៏មាន។ នៅពេលស្នើសុំធ្វើសៀវភៅស្នាក់នៅនៅប៉ុស្តិ៍ប៉ូលិសឃុំសង្កាត់ គឺត្រូវបង់លុយចាប់ពី៥០ដុល្លារ រហូតដល់១០០ដុល្លារ តាមតំបន់នីមួយៗ សម្រាប់អ្នកនៅភ្នំពេញ តែបើនៅតាមស្រុកភូមិជនបទ អាចតិចជាងនេះ។ បើមិនឲ្យលុយទេ លិខិតបញ្ជាក់ សំបុត្រកំណើត និងសៀវភៅស្នាក់នៅទាំងនោះ ច្បាស់ជាមិនទទួលបាន ហើយបើបាន ក៏យូរ រីឯអ្នកទៅធ្វើត្រូវស៊ាំចិត្តធុញទ្រាន់ចំពោះការចំណាយពេលវេលារង់ចាំ ព្រោះគេតម្រូវឲ្យទៅស៊ីញ៉េបញ្ជាក់គ្រប់កន្លែងតាំងពីមេក្រុម មេភូមិ ស្មៀន ចៅសង្កាត់រង ចៅសង្កាត់ មេប៉ុស្តិ៍រង និងមេប៉ុស្តិ៍ ហើយត្រូវឡើងទៅដល់ថ្នាក់ប៉ូលិសស្រុកខណ្ឌ។ ពោលគឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ដែលទៅធ្វើសៀវភៅស្នាក់នៅដោយខ្លួនឯងត្រូវរវល់ និងចំណាយលុយថ្លៃស៊ីញ៉េគ្រប់ជាន់ថ្នាក់។ ពេលខ្លះទៅរកមន្ត្រីទាំងនោះ នៅសាលាឃុំសង្កាត់ និងប៉ុស្តិ៍ប៉ូលិសឃុំសង្កាត់ មិនជួបទៀត។
ផ្ទុយទៅវិញ បើសិនជាប្រជាពលរដ្ឋឲ្យមន្ត្រីសាលាឃុំសង្កាត់ ឬក៏ប៉ូលិសឃុំសង្កាត់ រត់ការឲ្យនោះគឺគ្រាន់តែបង់លុយផ្តាច់តែម្តង ហើយយ៉ាងយូរលិខិតស្នាមបញ្ជាក់ និងសៀវភៅស្នាក់នៅនោះត្រឹមតែ១ អាទិត្យ ឬក៏២អាទិត្យ នឹងទទួលបានហើយ។ មន្ត្រីសាលាឃុំសង្កាត់ និងប៉ូលិសប៉ុស្តិ៍នោះយកឲ្យដល់ផ្ទះតែម្តង។
សរុបទៅការយកលុយលើសការកំណត់លើថ្លៃសេវា ហើយបើមិនឲ្យលុយមិនស៊ីញ៉េនៅតែបន្តកើតមានក្នុងសង្គមកម្ពុជាដដែល បើទោះបីជារាជរដ្ឋាភិបាលពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ខិតខំកាត់បន្ថយ និងលុបបំបាត់យ៉ាងណាក៏ដោយ។
ដូច្នេះដើម្បីដោះស្រាយអយុត្តិធម៌ សង្គមមួយនេះ ថ្នាក់ដឹកនាំខេត្ត រាជធានី ស្រុក ខណ្ឌ ក្រុង និងអាជ្ញាធរឃុំសង្កាត់ គួរតែមើលឡើងវិញ ហើយដាក់ចេញវិធានការច្បាស់លាស់ គឺត្រូវអនុវត្ត និងតាមដាន។ ការកាត់បន្ថយ និងឈានដល់លុបបំបាត់ការយកលុយនោះក្រៅផ្លូវការនោះបាន ក៏ទាល់តែថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គិតគូពីប្រាក់ខែរបស់មន្ត្រីឃុំសង្កាត់ និងប៉ូលិសប៉ុស្តិ៍។ ប្រាក់ខែ ត្រូវតែទទួលបានសមរម្យ អាចឲ្យពួកគេ ចំណាយគ្រប់គ្រាន់លើការរស់នៅប្រចាំថ្ងៃ។ សំខាន់មួយទៀត ទម្លាប់របស់មន្ត្រីឃុំសង្កាត់ និងប៉ូលិសពីមុន ក៏ត្រូវតែប្តូរ។
បើមិនដូច្នោះទេ ប្រជាពលរដ្ឋនៅតែចិញ្ចឹមចិត្ត គុំខឹងនឹងមន្ត្រីមូលដ្ឋានទាំងនោះ ហើយគំនុំរបស់ប្រជាពលរដ្ឋ នឹងបង្ហាញនៅពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨៕