សម្តេច​តេ​ជោ ហ៊ុន សែន ៖ អ្នកមាន​ផែនទី​ត្រឹម​ត្រូវយក​ចេញមក​បើ​មិន​ហ៊ាន​ទេ​បានសេចក្តីថា​បោកប្រាស់​

, , Leave a comment

​ខេត្តកណ្តាល : សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​អះអាងថា មាន​ផែនទី​ត្រឹមត្រូវ​នោះ​ដាក់​ចេញមក ដើម្បី​ផ្ទៀងផ្ទាត់​ទាំងអស់គ្នា ដោយ​សម្តេច​លើកឡើងថា បើ​អ្នកឯង​មិនមែនជា​អ្នកបោក​ប្រាស់​ប្រជាជន​ទេ សូម​បញ្ជូន​ចេញមក​ផែនទី​ពិត​នៅឯណា​បើ​មិន​បញ្ជូន​ឲ្យ​ហ៊ុនសែន​ទេ​ថ្វាយទៅ​ព្រះមហាក្សត្រ​ទៅ​។ សម្តេច​បន្តថា​ម្តងនេះ​លេង​ឲ្យ​ដល់ ទោះបី​ដោយ​តម្លៃ​ណាក៏ដោយ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ច្បាស់​។ នេះ​បើតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​៣ សីហា ឆ្នាំ​២០១៥ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តាខ្មៅ​។​

 

​សម្តេច​បាន​មានប្រសាសន៍​ទៀតថា ដោយសារតែ​មានការ​ចោទប្រកាន់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ទើប​សម្តេច​បាន​សរសេរ​ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុំ​ខ្ចី​ផែនទី​ដែល​កម្ពុជា​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​។ បន្ទាប់មក​បាន​សរសេ​រ​ទៅកាន់​ប្រធានាធិបតី​អាមេរិក​ដោយ​ដឹងថា អាមេរិក​ប្រាកដ​ជាមាន បើ​អីចឹង​ទេ ផ្តាំ​ទៅ​លោក​ប្រ​ធា​ធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ថា សុំ​ខ្ចី​តែ​ផែនទី​របស់​កម្ពុជា​ផ្ញើ​ទៅ​តែប៉ុណ្ណោះ និង​ចាត់​អ្នកជំនាញការ​ផែនទី​របស់​អាមេរិក​ម​ក​ជាមួយ​ផង​។ បន្ទាប់មក​សរសេរ​ទៅ​នាយករដ្ឋមន្ត្រី​អង់គ្លេស ដោយសារ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះ​ម​រម​រតន​កោដិ យើង​បាន​សរសេរ​ក្នុងន័យ​ស្នើសុំ​ខ្ចី ក្នុងករណី​ប្រសិន​ជាមាន​អម​ជាមួយ​អ្នកជំនាញ​មកជា​មួយ សម្រាប់​ប្រទេស​បារាំង​ប្រាក​ដ៏​ជាមាន​ហើយ ព្រោះ​បារាំង​ជា​អ្នក​គូរផែនទី​នោះ​ដូចនេះ​បារាំង​មិនអាច​បដិសេធ​បានទេ​។​

 

​សម្តេច​បន្តថា ព័ត៌មាន​ដែល​យើង​ទទួលបាន​គឺ UN បា​នរក​ឃើញតែ​ចំនួន​១៨​ផ្ទាំង​ទេ​ក្នុងចំណោម​២៦​ផ្ទាំង ហើយ​១៨​ផ្ទាំង​នោះ​ទៀតសោត គឺជា​ផែនទី​ដែល​កម្ពុជា​ដាក់​ប្តឹងទៅ​អង្គការសហប្រជាជាតិ​ពេលដែល​អាមេរិក និង​វៀតណាម​ខាងត្បូង ទម្លាក់​គ្រាប់បែក​ចូល​ដី​ខ្មែរ​។ ចំណែក​ផែនទី​កម្ពុជា​តម្កល់​នៅ​អង្គការសហប្រជាជាតិ​គេ និង​បន្តរ​កទៀត​ដរាបណា​គេ​មិនទាន់​ឆ្លើយតប​យើង​ក៏​ស្នើសុំ​១៨​ផ្ទាំង​នោះ​ផងដែរ​ឲ្យ​តែ​ជា​ផែនទី​កម្ពុជា​។​

 

​សម្តេច​បន្តថា​ផែនការ​របស់​សម្តេច​នៅពេលដែល​មានការ​ឆ្លើយ​តប​ជាក់លាក់​យើង និង​យក​ផែនទី​នោះមក​ដាក់​លើ​តុ​ទាំងអស់គ្នា​បើកទូលាយ​ឲ្យ​មានការ​ផ្ទៀងផ្ទាត់​ក្នុងនោះ​ក្រៅពី​តំណាង​រាជរដ្ឋាភិបាល​ខ្លួនឯង​តំណាង​ព្រឹទ្ធសភា​មកពី​គ្រប់​គណបក្ស​ចំនួន​រូបៗ តំណាងរាស្ត្រ​មកពី​គណបក្ស​មាន​អាសន្ន​នៅក្នុង​រដ្ឋសភា​តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ តំណាង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម រាជបណ្ឌិត្យសភា និង​សមាជិក​នៃ​គណបក្ស​ដែល​មិនមាន​អាស​ន្នៈ​នៅក្នុង​រដ្ឋសភា​ក៏​អាច​ចូលរួម​ពិនិត្យ​ទាំងអស់គ្នា​។​

 

​សម្តេច​តេ​ជោ​បន្តថា សម្តេច​មិនអាច​ទទួលយកបាន​ពាក្យ​ថា​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​នោះទេ​។ ឥឡូវ​អា​ពិត​នៅឯណា​? សម្តេច​បាន​លើក​ជា​សំណួរ​ទៅកាន់​ពលរដ្ឋ​ថា តើ​សម្តេច​មាន​កំហុស​អី​? សម្តេច​បាន​បន្តថា អ្នក​ដែលថា​ឲ្យ​សម្តេច​ប្តឹងទៅ​តុលាការ​ឡាអេ សម្តេច​បានស្នើ​ឲ្យ​អ្នក​ទាំងនោះ​ធ្វើ​សារ​ណាមួយ​ឲ្យ​បាន​ច្បាស់​ថា​តើ​កម្ពុជា​ត្រូវ​ប្តឹង​នៅ​កន្លែង​ណា​ស្វាគមន៍ នៅ​មតិ​នៃ​អ្នកច្បាប់​ដែល​បាន​លើក​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ប្តឹងទៅ​តុលាការ​ឡាអេ​សុំ​សិក្សា​ផ្លូវច្បាប់​លើ​ទិដ្ឋភាព​ទាំងអស់​មក​តើ​ប្តឹង​កន្លែង​ណា​បើ​ប្តឹង​ដើម្បី​សម្លាប់​ខ្លួនឯង​កុំ​ប្តឹង​។​

 

​សម្តេច​បន្តថា ថ្ងៃនេះ​សម្តេច​ត្រូវ​បើកចំហ​មួយទៀត​ក្នុងឋានៈ​ជា​ក្មេងជំនាន់ក្រោយ​ឆ្នាំ​១៩៦៤​យក​ផែនទី​ទៅ​ឲ្យ​អាមេរិកាំង ឬក៏​ផែនទី​បារាំង​កាលពីដើម ហើយ​ផែនទី​ដែល​យកទៅ​អង្គការសហប្រជាជាតិ​ដែល​ចុះហត្ថលេខា ដោយ​ឧ​ត្ត​ម​សេនីយ៍ ផាត់ មុន​ងិន​កា​រ៉េត​។​

 

​ឥឡូវ​អ្នកមាន​ផែនទី​ត្រឹមត្រូវ​សូម​បញ្ជូនមក បើ​មិន​ចង់​បញ្ជូន​ឲ្យ​រាជរដ្ឋាភិបាល ក៏​បញ្ជូនទៅ​រាជបណ្ឌិត្យសភា ព្រោះ​បណ្ឌិត សុខ ទូច កំពុងធ្វើការ​ស្រាវជ្រាវ​រាជរដ្ឋាភិបាល​បានផ្តល់​ជូន​អស់ហើយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ក្នុងឋានៈ​ជា​អ្នកវិទ្យាសាស្ត្រ​ឯករាជ្យ ខុស​ថា​ខុស ត្រូវ​ថា​ត្រូវ​។ សួរថា ហេតុ​អី​ព្រះករុណា មិន​ប្តឹងទៅ​តុលាការ​ឡាអេ​បែរ ជា​ប្តឹងទៅ​អង្គការសហប្រជាជាតិ អ្នកណា​ស្នេហា​ជាតិ​ជាង​ព្រះករុណា​ទៀត ម៉េច​បានជា​ព្រះករុណា​បិតា​មិន​ប្តឹង​ក្នុងពេលដែល​ព្រះករុណា បិតា​ប្តឹង​ថៃ​រឿង​ប្រាសាទព្រះវិហារ ចុះ​ហេតុអ្វី​មិន​ប្តឹង​វៀតណាម​រឿង​ព្រំដែន សួរ​បែបនេះ​ទៅវិញ​។​

 

​សម្តេច​បាន​បង្ហើប​រឿង​មួយ​ដែល​គេ​បាន​បង្ខំចិត្ត​ឲ្យ​សម្តេច​ត្រូវតែ​និយាយ ទោះបី​ផែនទី​មកពី​បារាំង ឬ​ផែនទី​មកពី​អង្គការសហប្រជាជាតិ ដែល​យើង​បាន​ថតចម្លង​នៅពេល​មុន​នោះ តែ​ឥឡូវ​យើង​អត់​ព្រមយក​អា​[​ផែនទី​]​ថតចម្លង​ទេ សូម​យក​អា​ដើម​យើង​បាន​ប្តឹងទៅ​អង្គការ សហប្រជាជាតិ​ថា អាមេរិក​បាន​ទម្លាក់​គ្រាប់ បែក​ចូល​ដី​ខ្មែរ​នៅ​តំបន់​ដាក់​ដាំ ក៏ប៉ុន្តែ​ដល់​ផែនទី​យក​ដើរ​តាម​ដាក់​ដាំ​អ៊ីចឹង​បានសេចក្តីថា​សម័យ​នោះ​រដ្ឋមន្ត្រីការបរទេស​ជំនាន់​នោះ​អ្នកចុះហត្ថលេខា​លើ​ផែនទី​ជំនាន់​នោះបាន​ប្រគល់​ទឹកដី​ចំនួន​៥១​គីឡូម៉ែត្រ​ការ៉េ ទៅ​ឲ្យ​ប្រទេស​វៀតណាម​រួច​បាត់ទៅហើយ​។​

 

​សម្តេច​តេ​ជោ​បានធ្វើ​ការពន្យល​ចំណុច​នេះ​ថា តើ​កម្ពុជា​គួរ​ប្តឹងទៅ​តុលាការ​ឡាអេ ឬ​មិន​ប្តឹង​នៅ​ឆ្នាំ​១៩១៤ អគ្គទេសាភិបាល​ឥណ្ឌូចិន​បានចេញ​សេចក្តីសម្រេច​មួយ​ថា ព្រំដែន​ត្រូវ​ដើរ​តាម​ទន្លេ​ដាក់​ហ៊ូ​តដល់​បារាំង​គូរផែនទី​ដើរ​ទៅតាម​ទន្លេ​ដាក់​ដាំ​។ តាំងពី​បារាំង​គូរផែនទី​តើ​ខ្មែរ​ដែល​តវ៉ា ឬ​អត់​គឺ​មិន​ដែរ​ទេ​បើ​លួច​គូរ​លួច​លុប​អាហ្នឹង​មាន​លុប​ហើយ​ទុក​នៅ​ភ្នំពេញ​រួចហើយ​ផ្ញើ​ទៅ​ឲ្យ​អាម៉េរិក័ង​ដាក់ថា​គូរ​តាម​សេចក្តីសម្រេច​របស់​អគ្គ​ទេសាភិបាល​ឥណ្ឌូចិន​ដល់​ផ្ញើរ​ទៅដល់​អង្គការសហប្រជាជាតិ​អត់​បាន​កែ​អី​ទាំងអស់​គឺ​ផែនទី​ដដែល​។ ហើយ​អា​ផែនទី​តម្លៃ​១៦៨​ដុល្លារ​ដែល​គេ​បង្ហោះ​ថា ទិញ​មកពី​បារាំង​នោះ​មើលទៅ​គឺ​ដាក់​ដាំ​នៅក្នុង​ដី​គេ​មែន​ឥឡូវ​សួរ​លោក​ឯង​ថា ប្តឹងទៅ​តើ​ឈ្នះ ឬ​ចាញ់​?​ឥឡូវនេះ​រាជរដ្ឋាភិបាល​កំពុងត​ស៊ូ​ជាមួយ​វៀតណាម​ជា​តំបន់​មិនទាន់​ដាច់ស្រេច ឥឡូវ​អស់លោក​ឲ្យ​យោបល់​មក​ថា​គួរ​ឲ្យ​វៀតណាម​តែម្តង ឬមួយ​តស៊ូ ។ សម្តេច​បន្តថា​សម្តេច​ទ្រាំលែងបាន​ហើយ ចំពោះ​ការឈឺចាប់​នេះ​ឆ្នាំ​១៩៦២ សម្តេច​ទើប​អាយុ​១២​ឆ្នាំ​ទេ​ហេតុ​អី​ទម្លាក់កំហុស​មកលើ​សម្តេច​។​

 

​ស​ម្កេ​ច​តេ​ជោ ក៏បាន​អំពាវនាវ ចំពោះ​គ្រប់​បក្សនយោបាយ​ទាំងអស់​ថា ដើម្បី​ឯកភាព​ជាតិ​ត្រូវតែ​ឯកភាព​នៅលើ​ផែនទី​ជាមុនសិន​ឥឡូវ​ផែន​ទីណា​ត្រឹមត្រូវ​សុំ​លើក​មក​។ បើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា ផែនទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រើប្រាស់​ផែនទី​ខ្នាត​១​លើ​៥០០០០ ខ្ញុំ​សុខចិត្ត​លុបចោល​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ជាមួយ​វៀតណាម​ដែរ​។ ក៏ប៉ុន្តែ​មាត្រា​ទី​២ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា ផែនទី​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជាមាន ចែង​នៅលើ​ផែនទី​ខ្នាត​១​លើ​១០០០០០ បោះពុម្ព​នៅ​ចន្លោះ​ឆ្នាំ​១៩៥៣ និង​ឆ្នាំ​១៩៣៣ ដែល​អន្តរជាតិ​ទទួលស្គាល់​ឆ្នាំ​១៩៦៣ ឆ្នាំ​១៩៦៩​។​

 

​ឥឡូវនេះ​យកចេញ​មក​ផែនទី​ទាំងអស់​បើ​អ្នកណា​ថា ផែនទី​ខ្លួន​ត្រឹមត្រូវ​បើ​មិន​ឲ្យ​ហ៊ុនសែន​ទេ​យកទៅ​ថ្វាយ​ព្រះមហាក្សត្រ​ក៏បាន​កុំមក​ធ្វើបាប ហ៊ុន សែន ហើយ​កុំមក​ប្រើប្រាស់​រឿង​ព្រំដែន ដើម្បី​ចំណេញ​នយោបាយ​។ បើ​អ្នកណា​មិន​ហ៊ាន​បញ្ចេញ​ផែនទី​ដែល​ចាត់ទុកថា​ផែនទី​ត្រឹមត្រូវ​អ្នកនោះ​ត្រូវ​ចាត់ទុកថា​បោកប្រាស់​ប្រជាជន​ហើយ​សម្តេច​ក៏​មិន​លើកលែង​ឲ្យ​ក្នុង​ទិដ្ឋភាព​ផ្លូវច្បាប់​ដែរ ។ ហើយ​មិនមែន​យក​ផែន​ទីនេះ ដើម្បី​មក​ផ្ទៀងផ្ទាត់​ធ្វើសង្គ្រាម​ជាមួយ​វៀតណាម​ទេ​។ សម្តេច​បាន​បន្តថា យើង​គឺជា​ប្រទេស​អាណា និគម​របស់​បារាំង ដូចនេះ​មុនពេល​បារាំង​ចាកចេញ​បារាំង​បាន​ទុក​ផែន​ទីនេះ​ឲ្យ​ប្រើប្រាស់​ជា មួយ​វៀតណាម​ផង ជាមួយ​ឡាវ​ផង​។​

 

​សម្តេច បាន​អំពាវនាវ​ថាបើ​អ្នកឯង​មិនមែនជា​អ្នកបោក​ប្រាស់​ប្រជាជន​ទេ​សូម​បញ្ជូន​ចេញមក​ផែនទី​ពិត​នៅឯណា​បើ​មិន​បញ្ជូន​ឲ្យ ហ៊ុន សែន ទេ​ថ្វាយទៅ​ព្រះមហាក្សត្រ​ទៅ​សម្តេច​បន្តថា​ម្តងនេះ​លេង​ឲ្យ​ដល់ ទោះបី​ដោយ​តម្លៃ​ណា ក៏ដោយ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ច្បាស់​។ បើ​អង្គការសហប្រជាជាតិ​មិន​អនុញ្ញាត​ឲ្យ​នាំ​ផែនទី​ចេញ​រាជរដ្ឋាភិបាល​ក៏​សូម​ចាត់តាំង​ប្រតិភូ​ទៅ​ពី​ភ្នំពេញ​ដោយ​នាំទៅ​ទាំង​គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ដូចជា​រាជបណ្ឌិត្យសភា ឬ​បក្សនយោបាយ​ណា​ទៀត រាជរដ្ឋាភិបាល​សុខចិត្ត​ចំណាយលុយ​ឲ្យ​ទៅធ្វើ​ការផ្ទៀងផ្ទាត់​នៅ​អង្គការសហប្រជាជាតិ​។ បើ​បារាំង​មិន​ព្រម​ឲ្យ អង់គ្លេស​មិន​ព្រម​ឲ្យ​យើង​ចេញ​លុយ​ឲ្យ​ទៅ​យ៉ាងច្រើន​អស់ ៥​លាន​ដុល្លារ​។ អ្នកឯង​លេង​ខូច​ម៉េះ​អស់​សន្លឹក​បៀ​លេង​មកលេង​អា​រឿង​ជាតិនិយម ហើយ​ខ្ញុំ​ក៏​មិន​លើកលែង​ទាល់តែសោះ​ហើយ​នៅពេល​ក្រោយ បើ​ខ្ញុំ​បើកទូលាយ​ប៉ុណ្ណឹង​ហើយ​អ្នកឯង​នៅ​បន្ត​យើង​លេង​គ្នា ។​

 

​សម្តេច​បាន​ប្ត​ថា ទៀតថា​គេ​មិនដែល​យក​ផែនទី​ទិញ​តាម​ផ្សារ​មក​ធ្វើ​កិច្ចការ​ប្រទេសជាតិ​នោះទេ អាហ្នឹង គឺ​ផែនទី​ខ្ចប់​មមីស​មាន់ មិនអាច​យកមក​លែង​សើច​បានទេ ហើយ កុំ​លេង​អា​របៀប​ចាប់ដៃ​ជាន់​ជើងបាន​ន័យ ថា សន្ទនា​គ្នា​ស្រួល​ណាស់​មេ ក៏ប៉ុន្តែ​ទៅ ប្រើ​អា​កូនចៅ​ឲ្យ​ធ្វើ​ឲ្យ​ជេរ​ឲ្យ​ញុះ​ញ៉​ង់​៕

04-8-2015

 

Leave a Reply

(*) Required, Your email will not be published