សម្តេច​តេ​ជោ ហ៊ុន សែន សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តាខ្មៅ ក្នុងចំណោម​សមិទ្ធផល​ធំៗ​ទាំង​១១ ដែល​ប្រើប្រាស់​ហិរញ្ញប្បទាន​ចិន​

, , Leave a comment

04-8-2015 (1)

​ខេត្តកណ្ដាល : នា​ឆ្នាំ​២០១៥​នេះ មាន​សមិទ្ធផល​ផ្លូវ​ស្ពាន​ដែល​សាងសង់ឡើង​ដោយ​ហិរញ្ញប្បទាន​របស់​ប្រទេស​ចិន​ចំនួន​១១ ដែល​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​និង​បើក​ការដ្ឋាន​ស្ថាបនា ដែល​ក្នុងនោះ​សម​ទ្ធ​ផល​ចំនួន​៨​ត្រូវបានធ្វើ​រួចហើយ នៅសល់​ចំនួន​៣​ទៀត និង​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ​។ នេះ​បើ​យោ​តាម​ការអះអាង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

 

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹង​បែបនេះ​ថា នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តាខ្មៅ នា​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៥​។ ក្នុង​ឆ្នាំ​២០១៥​នេះ​ឯកអគ្គរដ្ឋទូត​ចិន​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវមាន​កម្មវិធី​ចំនួន​១១ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រួមមាន​ផ្លូវ និង​ស្ពាន​។ សម្តេច​បាន​ឲ្យ​ដឹងថា​ចាប់ពី​ដើមឆ្នាំ​មក​មាន​ផ្លូវ និង ស្ពាន​ចំនួន​៨ ដែល​ប្រើប្រាស់​ហិរញ្ញប្បទាន​របស់​ប្រទេស​ចិន ត្រូវបាន​បើក​ការដ្ឋាន​និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រួចហើយ​។ នៅ​ចុង​ឆ្នាំនេះ នៅមាន​សមិទ្ធផល​ផ្លូវ​ស្ពាន និង​វា​រី​អគ្គិសនី​ចំនួន​៣​ទៀត​ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងនោះ​មាន​ស្ពាន​ជ្រោយចង្វា ថ្មី​, ផ្លូវ​ច្រក់​៤០០ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង និង​វា​រី​អគ្គិសនី​អា​តៃ នៅ ខេត្តកោះកុង​។​

 

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ឲ្យ​ដឹង​ទៀតថា នៅ​ចុង​ឆ្នាំនេះ​សម្តេច​ក៏មាន​ដំណើរ​ទស្ស​ន​កិច្ច​ទៅកាន់​ទីក្រុង​ម៉ា​កាវ និង​ទីក្រុង​ប៉េកាំង ផងដែរ ហើយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ពិតជា​មានរឿង​ច្រើន​ដែល​ត្រូវ​ស្នើ​ឲ្យ​មិត្ត​ចិន​ជួយ​ដល់​កម្ពុជា​បន្តទៀត​។​

 

​សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​មហាមិត្ត​ចិន ដែល​បាន​ខិតខំ​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​រួមជាមួយ​កម្ចី​សម្បទាន​ក្នុងការ​ផ្សារភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស និង​ភ្ជាប់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ហើយក៏​គាប់​ជួន​ជាមួយ និង​ផែនការ​ផ្លូវ​សូត្រ​របស់​ប្រទេស​ចិន​ក្នុង​ការតភ្ជាប់​បណ្តា​ញគ​មនាគ​មន៍​ក្នុង​តំបន់​។ ធនាគារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ត្រូវបាន​បង្កើតឡើង​ដែល​ក្នុងនោះ កម្ពុជា​ក៏​ជា​ស្ថាបនិក​មួយ​នៃ​ធនាគារ​នេះដែរ ដោយ​ក្នុង​ជំហាន​ដំបូង​មាន​ទុន​ប្រមាណ​១០០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ហើយ​កម្ពុជា​ក៏​សង្ឃឹមថា និង​ទទួលបាន​នូវ​ប្រាក់កម្ចី​សម្រាប់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​។​

 

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា  ដោយសារ​ជំនួយឥតសំណង និង​កម្ចីសម្បទាន​រួមជាមួយ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន ក្រោម​ការផ្តល់​កម្ចី​ពី​ធនាគារ​ចិន​ផង នោះបាន​ធ្វើ​ឲ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​និង​កំណើនសេដ្ឋកិច្ច​។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា ការរីកចម្រើន​របស់​កម្ពុជា ពិតជា​មិនអាច​កាត់ផ្តាច់​ចេញពី​ការជួយឧបត្ថម្ភ​របស់​ដៃគូ អភិវឌ្ឍន៍​ដែល​ក្នុងនោះ​ប្រទេស​ចិន​បាន​ដើរតួនាទី​ស្នូល​ក្នុងការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន​។​

 

​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បន្តថា ៖ «​សម្តេច​ពេញចិត្ត​ណាស់ ចំពោះ​ការជួយ​នានា​របស់​ប្រទេស​ចិន ព្រោះ​ជំនួយ​របស់​ប្រទេស​ចិន​មិនបាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​អ្វី​ឡើយ​។ ជំនួយ​របស់​ចិន​គឺ​គិតពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ច្រើនជាង​មិត្ត​ចិន​តែង​ផ្តល់នៅ​អ្វីដែល​កម្ពុជា​ចង់បាន​។ អ្វីដែល​កម្ពុជា​កំពុង​ប្រើប្រាស់​សម្រាប់​ស្តារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​នៅពេលនេះ​មាន​ជំនួយឥតសំណង​, ឥណទាន​គ្មាន​ការប្រាក់​, កម្ចីសម្បទាន និង​ការ​វិនិយោគឯកជន​មកពី​ប្រទេស​ចិន​។ សម្តេច​បាន​បន្តថា​ប្រភព​ទុន​ទាំង​បួន​ខាងលើនេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​អភិវឌ្ឍន៍​ព្រះរាជា​ណា​ច​កម្ពុជា​។ សម្តេច​បាន​អរគុណ​ដល់​ប្រទេស​ចិន ដែល​បាន​ខិតខំ​ជួយ​ភ្ជាប់​បណ្តាញ​ផ្លូវ​ក្នុងប្រទេស​កម្ពុជា និង​ត​ភ្ជាប់​ប្រទេសជិតខាង​កម្ពុជា​។ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តាខ្មៅ ឆ្លងកាត់​ទន្លេបាសាក់ និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២​ទៅ​ផ្លូវជាតិ​លេខ​១ បាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី ពូ ជៀន​គួ (Bu Jianguo) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​។ គម្រោង​នេះ​ចំណាយ​ថវិកា​សាងសង់​ចំនួន​៣២ ៨៩០ ០០០​ដុល្លារ ជា​កម្ចីសម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាជាង​១​លាន​ដុល្លារ​ទៀត​ដែល​ប្រើប្រាស់​ទៅលើ​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​។​

 

​របាយការណ៍​របស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តាខ្មៅ ឆ្លងកាត់​ទន្លេបាសាក់ មាន​ប្រវែង​៨៥៥​ម៉ែត្រ និង​ទទឹង​១៣​ម៉ែត្រ​កន្លះ ចំណែក​ផ្លូវ​ត​ភ្ជាប់​ស្ពាន​បំបែក​ពី​ផ្លូវជាតិ​លេខ​២​ត្រង់​គីឡូម៉ែត្រ​លេខ​១៤ ទៅ​ផ្លូវ ជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ​១២​ស្ថិតនៅ​ខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ​។​

 

​លោកស្រី​ឯកអគ្គរដ្ឋទូត​ចិន ពូ ជៀន​គួ បានកត់សម្គាល់​ឃើញ​ពី​ការអភិវឌ្ឍ​រីកចម្រើន​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា​ក៏ដូចជា​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា និង​ចិន​។ លោកស្រី​បន្តថា ការកសាង​ផ្លូវ និង​ស្ពាន​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដូច្នេះហើយ​ចិន​បានរួម​ចំណែក​ឧបត្ថម្ភ​ដល់​កិច្ចការ​អាទិភាព​នេះ​ដោយ​រហូតមក​ដល់ពេលនេះ ចិន​បានរួម​ចំណែក​កសាង​ស្ពាន​ឆ្លងកាត់​ទន្លេធំៗ​ចំនួន​៧​រួចមកហើយ​។​

 

​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​តាខ្មៅ នឹង​បំពេញ​តួនាទី​ថ្មី​មួយទៀត ជា​ផ្លូវ​វាង និង​ជា​ផ្នែក​មួយ​នៃ​ខ្សែក្រវាត់ យុទ្ធសាស្ត្រ​យ៉ាងសំខាន់​របស់​រាជធានី​ភ្នំពេញ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​២ និង​បន្តទៅ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៣ លេខ​៤ និង​លេខ​៥ ដែល​អាចជួយ​សម្រួល និង​បញ្ចៀស​ការកកស្ទះ​ចរាចរ​ដែល​មមាញឹករ​បស់​រាជធានី​ភ្នំពេញ និង​ជួយ​សម្រាល​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​ស្ពាន​ព្រះមុនីវង្ស​ទី​១ និង​ទី​២​។ បន្ថែម​ពីលើ​នេះ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តាខ្មៅ ក៏​នឹង​ជួយ​ដល់​ចរាចរណ៍​ដឹកជញ្ជូន​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​បម្រើ​ឲ្យ​ការងារ​សង្គមកិច្ច​ត​ភ្ជាប់​ផ្នែក​ខាងលិច​ទៅខាង​កើត​តំបន់​ទន្លេបាសាក់​ពិសេស​សមាហរណកម្ម​ពេញលេញ​របស់​ខេត្តកណ្ដាល​ត​ភ្ជាប់​តំបន់​ខាងកើត​ទន្លេបាសាក់​ដែលជា​មូលដ្ឋាន​សំខាន់​សម្រាប់​ការផ្គត់ផ្គង់ បន្លែ បង្ការ ផ្លែឈើ​សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ព្រមទាំង​ត​ភ្ជាប់​ភូមិភាគ​ខាងលិច​ទៅនឹង ភូមិភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​៕

 04-8-2015 (2) 04-8-2015 (3) 04-8-2015 (4) 04-8-2015 (5) 04-8-2015 (6) 04-8-2015 (7) 04-8-2015

 

Leave a Reply

(*) Required, Your email will not be published