រាជធានីភ្នំពេញ : មានរឿងរ៉ាវកូនកម្លោះរៀបការហើយ រត់ចោលកូនក្រមុំ ក៏ព្រោះតែគេមិនស្រឡាញ់នាងដែលជាប្រពន្ធឡើយ។ មិនស្រឡាញ់ ហើយត្រូវឪពុកម្តាយបង្ខំក៏ទ្រាំរៀបការបំពេញមុខឪពុកម្តាយទៅ ដូចពាក្យថា “ធ្វើផ្ទះតម្រូវចិត្តអ្នកនៅ ទុកដាក់កូនចៅលុះត្រាណាវាត្រូវរ៉ូវគ្នាសិន” មិនមែនសម័យនំមិនធំជាងនាឡិនៅសម័យទុំទាវឡើយ ពុំដូច្នោះទេ ឪពុកម្តាយត្រូវបាត់បង់កិត្តិយសមុខមាត់ដោយសារកូនមិនខាន។
រឿងហេតុនេះ តែងតែកើតមានជារឿយៗ នាសម័យអតីតកាល ដូចជាសម័យបច្ចុប្បន្ន។ ខាងក្រោមនេះគឺជារឿងស្នេហ៍របស់ មុយ គុំ។
យុវជនម្នាក់ឈ្មោះ ប្រុញ អាយុម្ភៃប្រាំឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ត្រូវឪពុកម្តាយបង្ខំឲ្យរៀបការជាមួយប្អូនជីដូនមួយដែលខ្លួនមិនស្រឡាញ់ ពេលរៀបការហើយក៏រត់ចោលនាង ផាន់ណា ជាប្រពន្ធមកផ្សំដំណេកជាមួយនាង មុយ គុំ នៅខេត្តកំពង់ស្ពឺទៅវិញដែលធ្វើឲ្យនាង ផាន់ណា រងការអាម៉ាស់យ៉ាងខ្លាំង។
នាង មុយ គុំ ដែលត្រូវគូដណ្តឹងរត់ចោលមិនផ្សំដំណេក អាយុសាមសិបពីរឆ្នាំ រស់នៅ ខេត្តកំពង់ស្ពឺ បានរៀបរាប់ពីប្រវត្តិស្នេហ៍ដ៏ជូរចត់ថា “រយៈពេលជាងមួយឆ្នាំមុននេះគ្រួសារក្រលំណាស់ ខ្ញុំក៏ធ្វើចំណាកស្រុកទៅធ្វើជាកម្មការិនីសំណង់នៅឯប្រទេសថៃ ដើម្បីយកប្រាក់មកជួយឪពុកចាស់ជរានៅចាំផ្ទះ។ មានថ្ងៃមួយនោះមានអ្នកធ្វើការជាមួយខ្ចី ទូរស័ព្ទខ្ញុំ ទូរស័ព្ទទៅស្រុកសួរសុខទុក្ខបងប្អូន។ តាំងពីពេលនោះមក ស្រាប់តែមានបុរសម្នាក់ឈ្មោះ ប្រុញ ស្គាល់លេខទូរស័ព្ទខ្ញុំ ក៏ទូរស័ព្ទមកនិយាយលេងរាល់ថ្ងៃ ហើយសារភាពតាមទូរស័ព្ទថា ស្រឡាញ់ខ្ញុំ។ បានមួយសប្តាហ៍ក៏ឃើញគេមកលេងខ្ញុំមែនពេលដែលបានជួបគ្នាដំបូង ហេតុតែនិស្ស័យពួកយើងទាំងពីរក៏ស្រឡាញ់គ្នាទៅតែពួកខ្ញុំនៅរក្សាប្រពៃណីខ្មែរបានល្អណាស់។
មួយខែក្រោយមកគាត់ក៏ឲ្យនាងខ្ញុំមក ផ្ទះមុនសិន កន្លះខែក្រោយមកគាត់មករកខ្ញុំ តាមសន្យាមែន ហើយរៀបចំការមួយព្រឹកទៅ។ ពេល រៀបចំរួចគាត់ក៏និយាយរឿងរបស់គាត់ប្រាប់ខ្ញុំថា គាត់ត្រូវឪពុកម្តាយបង្ខំឲ្យរៀបការ ពេលការហើយភ្លាម អត់បានផ្សំដំណេកទេក៏រត់មករៀបការជាមួយខ្ញុំតែម្តង។ ពួកយើងទាំងពីររស់នៅជាមួយគ្នាមួយខែ ពោរពេញទៅដោយសេចក្តីសុខ និងសុភមង្គលល្អណាស់។
ក្រោយមកគាត់សុំលាខ្ញុំទៅធ្វើការនៅប្រទេសថៃវិញ ហើយប្រាប់ថា អត់បានផ្ញើប្រាក់ឲ្យទេ ព្រោះផ្សំប្រាក់ឲ្យម៉ែសងថ្លៃបណ្ណាការគេសិន ព្រោះគេប្តឹងទារសងជំងឺចិត្តចំនួនប្រាំលានរៀល អូនទ្រាំរស់នៅជាមួយឪពុកសិនទៅ ក្រោយពេលសងគេរួចបងនឹងផ្ញើប្រាក់ឲ្យចាយហើយ ដូច្នេះហើយ ទើបខ្ញុំស៊ូទ្រាំលំបាកវេទនាសិនចុះ ចាំថ្ងៃក្រោយពួកខ្ញុំនឹងមានសុភមង្គលល្អមិនខានឡើយ នេះជាជីវិតពិតដ៏កម្សត់របស់ខ្ញុំដែលជាកម្មករសំណង់ឆ្លងប្រទេស…។
នេះពិតជារឿងមួយដ៏ពិបាកណាស់ អ្នកណាអាចជួយនាងបាន ឬ ក៏រង់ចាំមើលនាងជួបវាសនាអាក្រក់ ឬល្អ សម្រេចទៅលើព្រហ្មលិខិតកំណត់។ ដូចពាក្យចាស់លោកថា ឃើញភ្លាមស្រឡាញ់ភ្លែតនេះ ជានិស្ស័យស្នេហ៍ដែលឥតព្រាងទុកស្គាល់គ្នាតែមួយសប្តាហ៍តាមរយៈទូរស័ព្ទក៏តាមមករៀបចំតាមប្រពៃណីខ្មែរទៅ។ នាង មុយ គុំ និយាយថា “សូមកុំចោទខ្ញុំថាដណ្តើមប្តីគេឲ្យសោះ ព្រោះខ្ញុំមិនបានដឹងថាគេរៀបការនោះឡើយដល់ពេលដឹងអ្វីៗ វាហួសពេលអស់ទៅហើយ ដូច្នេះហើយទើបបណ្តោយឲ្យអ្វីៗទៅតាមពេលវេលាទៅចុះ ព្រោះនេះជារឿងមួយដែលមិននឹកដល់ ហើយក៏គ្មានអ្នកណាម្នាក់ចង់ជួបនូវរឿងរ៉ាវបែបនេះដែរ”៕