បឹង​ទន្លេសាប​កាន់តែ​រាក់​ទៅៗ ជា​កង្វល់​សម្រាប់​ក្រុម​អ្នករត់​ទូក​ដឹក​ភ្ញៀវទេសចរ​

, , Leave a comment

​ខេត្តសៀមរាប : ក្រុម​អ្នករត់​ទូក​ទេសចរណ៍​នៅ​តំបន់​ចុង​ឃ្នៀ​ស​ខេត្តសៀមរាប​បង្ហាញ​ពី​ក្តីកង្វល់​ខណៈដែល​ផ្ទៃ បឹង​ទន្លេសាប​កាន់​តែមាន​សភាព​រាក់​ទៅៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដែល​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​ដឹក ជញ្ជូន​ភ្ញៀវ​របស់​ពួកគាត់​។​

 

​តាម​ប្រសាសន៍​ពី​ម្ចាស់​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​ម្នាក់​នៅ​ចុង​ឃ្នៀ​ស​តាំងពី​ឆ្នាំ​១៩៩៨​មក​នោះ បាន​ឲ្យ​រៀបរាប់ថា នៅក្នុង​មុខរបរ​ជា​អ្នក​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​បឹង​ទន្លេសាប​អស់​រយៈពេល​ជិត​២០​ឆ្នាំ​កន្លងមកនេះ គាត់​កត់សម្គាល់ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ផ្ទៃ​បឹង​ទន្លេសាប​មាន​សភាព​កាន់តែ​រាក់​ទៅៗ ដោយសារ​កំណើន​ដីល្បាប់​ហូរ​ចូលក្នុង​បឹង​នេះ​។​

 

​លោក​បញ្ជាក់ថា ការប្រកបមុខរបរ​ដឹក​ភ្ញៀវ​នេះ​គឺ​រកចំណូលបាន​ខ្ពស់​នៅ​រដូវ​ទឹក​ឡើង​ពោលគឺ ខែវស្សា ដោយសារ​មាន​ភ្ញៀវ​មក​កម្សាន្ត​នៅ​តំបន់​នេះ​ច្រើន ប៉ុន្តែ​ចំពោះ​រដូវ​ទឹកសម្រក​ពិសេស​ខែប្រាំង​ពុំ​សូវ​ជាមាន​ភ្ញៀវ​ច្រើន​ប៉ុន្មាន​ទេ ព្រោះថា​ផ្ទៃ​បឹង​មាន​ជម្រៅ​រាក់​ពិបាកធ្វើ​ដំណើរ​។​

 

លោក​ថា​៖ «​បើសិន​រាជរដ្ឋាភិបាល​មានលទ្ធភាព​អាច​ស្តារ​បាន​ក៏​ល្អ​ដែរ​ដើម្បី​កាត់​ភាព​កកស្ទះ ដល់​ការធ្វើ​ចរាចរណ៍​របស់​បងប្អូន​យើង​ទាំង​ទូក​ក្តី និង​ទាំង​ប្រជាជន​ដែល​ធ្វើដំណើរ​ទៅមក​ក្តី​» ។​

 

លោក​លើកឡើងថា ក្នុង​រដូវ​ទឹក​ឡើង​លោក​អាច​រកចំណូលបាន​ពី​៣ ទៅ​៤​ម៉ឺន​រៀល​ក្នុង​មួយ​ជើង ប៉ុន្តែ​ពេល​ដល់​រដូវ​ទឹក​ស្រក​ការរកចំណូល​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ នៅ​រដូវប្រាំង​បឹង​ទន្លេសាប​មាន​ទំហំ​តូច​ប្រហែល​២៧០០​គីឡូម៉ែត្រ​ការ៉េ​។ ចំណែក​នៅ​រដូវវស្សា​វិញ បឹង​ទន្លេសាប​មាន​ទំហំ​១៦០០០​គីឡូម៉ែត្រ​ការ៉េ​។​

 

​ចំណែក​លោក​អ៊ុំ ម្នាក់ទៀត​ដែលមាន​វ័យ​ប្រមាណ​ជាង​៦០​ឆ្នាំ ប្រកបមុខរបរ​រត់​ទូក​ដឹក​អ្នកដំណើរ​នៅ​តំបន់​ទេសចរណ៍​ចុង​ឃ្នៀ​ស បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​រដូវប្រាំង​ការរត់​ទូក នៅទីនេះ​មានការ​លំបាក​ជាខ្លាំង​ដោយសារ​ទូក​ត្រូវ​ជាប់​គឿង​ព្រោះតែ​ផ្ទៃ​បឹង​មាន​ជម្រៅ​រាក់​ដោយ​កន្លែង ហើយ​មាន​ចំណុច​ខ្លះ​ត្រូវ​ជាប់​គឿង​ទូក​ពី ៣០០ ទៅ ៤០០​ម៉ែត្រ ឯនោះ​។​

 

លោក​និយាយថា​៖ «​ប៉ះពាល់​ខ្លាំង​ហើយ​បញ្ហា​ហ្នឹង​។ ខែប្រាំង​ឡើង​ចាប់ពី​ខែ​មួយ រហូត​ចូលដល់ ខែ​ប្រាំ​មួយទៀត​ទឹក​កាន់ តែ​រាក់​ឡើង​។ ទន្លេសាប​យើង​កាន់តែ​រីង​ឡើងៗ​ខាងក្នុង​ព្រែក​នេះ ឯកឧត្តម​គាត់​អភិវឌ្ឍន៍​បានល្អ​បោះ​គាត់​ហើយ តែ​នៅ​ខាង​ទន្លេសាប​វា​កាន់តែ​រាក់​»​។​

 

ទោះជា​យ៉ាងណា​លោក​ចង់​ឲ្យ​មានការ​ស្តារ​នូវ​ចំណុច​ខ្លះ​ដែលជា​កន្លែង​ទូក​រត់​ឆ្លងកាត់ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ភ្ញៀវ ព្រោះថា​ប្រសិនបើ​មានការ​ស្តារ​ច្រើន​វា​អាច​នឹង​ប៉ះពាល់​ដល់​ធនធានធម្មជាតិ​រស់នៅក្នុង​ទឹក ដូចជា​មច្ឆា​ជាតិ និង​ជីវៈចម្រុះ​ផ្សេងៗ​ជាដើម​។​

 

​ជុំវិញ​បញ្ហា​នេះ​តំណាង​សមាគម​ទូក​ចុង​ឃ្នៀ​ស​អះអាងថា កន្លងមក​ខាង​សមាគម ធ្លាប់​បានស្នើ ទៅខាង​អាជ្ញាធរខេត្ត​ក៏ដូចជា​ក្រុមហ៊ុន​ស៊ូ​ជី​ង ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​កំពង់ផែ​ចុង​ឃ្នៀ​ស ជួយ​ស្តារ​បន្ថែម​ដែរ ប៉ុន្តែ​រហូតមកទល់​ពេលនេះ មិនមាន ការឆ្លើយតប​អ្វី​នោះទេ​។ សព្វថ្ងៃ​សមាគម​ទូក​ទេសចរណ៍​ចុង​ឃ្នៀ​សមាន​ទូក​សរុប​ចំនួន ៤២១​គ្រឿង និង​មាន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ជា​មធ្យម​ក្នុង​មួយថ្ងៃ​ប្រហែល ១៥០០​នាក់​។​

 

ភ្ញៀវទេសចរ ចូលទៅ​ទស្សនា​បឹង​ទន្លេសាប​គឺ​ដើម្បី​មើល​ផ្ទៃ​បឹង ព្រៃ​លិច​ទឹក ភូមិ​បណ្តែត​ទឹក ជីវភាព​រស់នៅ​របស់​អ្នកភូមិ ផ្សារ ប​ណ្តែ​ក​ទឹក បែរ​ចិញ្ចឹម​ត្រី និង​បែរ​ក្រពើ ជាដើម​។ តាម​តំណាង​សមាគម​ឲ្យ​ដឹង​ទៀតថា ពលរដ្ឋ​ដែលជា​សមាជិកសមាគម​នេះ ប្រមាណ ១១១២​គ្រួសារ ដែល​ពួកគាត់ សុទ្ធសឹង​ពឹង​ផ្នែក​លើ​របរ​នេសាទ​ត្រី និង រត់​ទូក ទេសចរណ៍​ដឹក​អ្នកដំណើរ​។ ពួក គាត់​យល់ដឹង​ពី​ការចូលរួម ថែរក្សា​ព្រៃ​លិច ទឹក ដើម្បី​ជា​ប្រយោជន៍ សម្រាប់​ជម្រក​ត្រី និង​ទាក់ទាញ​ទេសចរណ៍​ផងដែរ​៕

03-8-2015 03-8-2015 (1) 03-8-2015 (2)

 

Leave a Reply

(*) Required, Your email will not be published