មិនថាលោកអ្នកជាមនុស្សដែលចិត្តល្អយ៉ាងណាទេ ក៏លោកអ្នកនៅតែមានមនុស្សដែលខ្លួនធុញទ្រាន់ដែរ ហើយតែងតែមិនចង់បង្កបញ្ហាជាមួយឡើយ។ ដូច្នេះលោកអ្នកត្រូវតែហ្វឹកហាត់ចិត្តគំនិត និងព្យាយាមបើកចិត្តឲ្យទូលាយដើម្បីដោះស្រាយជាមួយនឹងមនុស្សទាំងនោះ។
១-រក្សាភាពស្ងប់ស្ងាត់
វិធីសាស្ត្រដ៏ល្អ ដើម្បីដោះស្រាយជាមួយនឹងមនុស្សដែលគួរឲ្យស្អប់ គឺលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ជានិច្ច។ លោកអ្នកមិនត្រូវបង្ហាញចំណាប់អារម្មណ៍ណាមួយទៅលើពួកគេឡើយ ដូច្នេះពួកគេក៏មិនព្យាយាមមកទាក់ទងយើងដែរ។
២-ផ្លាស់ប្ដូរការយល់ឃើញ
នៅពេលដែលមាននរណាម្នាក់បង្កើតបញ្ហាដល់លោកអ្នក។ លោកអ្នកត្រូវព្យាយាមស្វែងរកឫសគល់ថា ហេតុអ្វីបានជាមនុស្សទាំងនោះចូលចិត្តបង្កតែបញ្ហាឲ្យអ្នកដទៃ ដោយចាប់ផ្ដើមផ្លាស់ប្ដូរគំនិតទុទិដ្ឋិនិយមទៅលើពួកគេ ហើយវិនិច្ឆ័យបញ្ហានោះទៅកាន់ចំណុចផ្សេងទៀតដែលអាចឲ្យលោកអ្នក ស្វែងយល់ពីបញ្ហាបានជ្រៅជ្រះជាងមុន។
៣-កុំបន្ទាបខ្លួនឯង
វិធីសាស្ត្រដ៏ល្អមួយទៀតដែលលោកអ្នកអាចជៀសឆ្ងាយពីមនុស្សដែលគួរឲ្យស្អប់ពិសេស គឺជម្លោះបាន គឺមិនត្រូវយកខ្លួនឯងទៅប្រឡាក់ប្រឡូកនឹងកម្រិតពួកគេឡើយ។ មនុស្សម្នាក់ៗ តែងតែមានកំហឹង ហើយកំហឹងទាំងនោះ នឹងនាំពួកគេនូវល្បិចកល និងកំហុសជាច្រើន ដូច្នេះបើសិនជាពួកគេព្យាយាមបង្កជម្លោះនោះ យើងមិនត្រូវធ្វើឲ្យខ្លួនពាក់ព័ន្ធនឹងមនុស្សទាំងនោះឡើយ ដើម្បី កុំឲ្យបញ្ហាវាកាន់តែធ្ងន់ធ្ងរជាងនេះ។
៤-ត្រូវយល់ថាបញ្ហារបស់គេ មិនមែនបញ្ហារបស់យើង
ក្នុងពេលដែលមនុស្សទាំងនោះបង្កើតបញ្ហាជាច្រើន លោកអ្នកមិនគួរចូលពាក់ព័ន្ធនឹងបញ្ហារបស់ពួកគេឡើយ។ មូលហេតុដែលយើងមិនគួរទៅរួមចំណែកក្នុងបញ្ហារបស់គេ គឺបញ្ហាទាំងនោះអាចក្លាយជាទុក្ខដ៏ធ្ងន់ ដូចចាស់ពោលថា “សាច់មិនបានស៊ី យកឆ្អឹងព្យួរក” ជាដើមនោះ។ ដូច្នេះ អ្នកណាបង្កើតបញ្ហា អ្នកនោះត្រូវតែជាអ្នកដោះស្រាយដោយខ្លួនឯង។
៥-កុំឲ្យគំនិតរបស់ពួកគេប៉ះពាល់ដល់យើងឲ្យសោះ
ពាក្យសម្ដីអាចធ្វើឲ្យមនុស្សឈឺចាប់បានបើសិនជាវាមានឥទ្ធិពល។ ដើម្បីឲ្យខ្លួនឯងរឹងមាំ លោកអ្នកត្រូវមានជំនឿលើខ្លួនឯងមិនថាអ្នកណាគិតអ្វីលើខ្លួន និយាយអ្វីប៉ះពាល់ដល់ខ្លួនឡើយ ដែលប្រការទាំងនេះអាចធ្វើឲ្យមនុស្សទាំងនោះលែងហ៊ាននិយាយផ្ដេសផ្ដាស ទៀត។
៦-ត្រូវឃ្លាតឲ្យឆ្ងាយពីមនុស្សទាំងនោះ
ជីវិត នឹងប្រសើរជាងមុនបើសិនជាលោកអ្នកអាចជៀសឲ្យឆ្ងាយពីមនុស្សដែលមាន ចរិតគួរឲ្យធុញ និងគួរឲ្យស្អប់ទាំងនោះបាន។ សូមកុំខ្លាចនឹងបាត់បង់មិត្តឲ្យសោះ បើសិនជាលោកអ្នកខ្លាច នោះពួកគេនឹងនៅតែជាបញ្ហាជាប់រហូត៕