បងខុស​អ្វី ទើប​ស្រី​ថ្លៃ​រត់ចោល​

, , Leave a comment

31-7-2015 (1)

​ទឹកមុខ​ស្លេកស្លាំង​ប្រកបដោយ​ភាព​តែលតោល និង​អស់សង្ឃឹម​នៅក្នុង​ជីវិត ដោយសារ​ប្រពន្ធ​ដ៏​ស្រស់ស្អាត​របស់ខ្លួន​មាន​សហាយ​រត់តាម​ប្រុស​ក្មេង​ចោល​ខ្លួន​បាត់​។ បុរស​កម្សត់​នោះ​មានឈ្មោះ ពិសិដ្ឋ អាយុ​ម្ភៃ​ប្រាំបី​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប ត្រូវបាន​ប្រពន្ធ​ដាក់​មេ​ប្រូច​រត់​ទៅតាម​ប្រុស​ថ្មី​បាត់ស្រមោល​ធ្វើ​ឲ្យ​គេ​តាម​ដើររក​ប្រពន្ធ​តាំងពី​ខេត្តសៀមរាប កំពង់ចាម ប៉ៃលិន ខេត្ត​ព្រះសីហនុ​… រហូតដល់​ខេត្តបន្ទាយមានជ័យ​។​

 

​ជាមួយនឹង​សម្តី​ខ្សាវៗ ពិសិដ្ឋ បាន​បាន​បន្លឺ​ថា “​ខ្ញុំ​បាន​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់​មាន ឈ្មោះ ស្រី​ពៅ អាយុ​ម្ភៃ​ឆ្នាំ មាន​លំនៅឋាន​នៅ ខេត្តសៀមរាប ពួក​ខ្ញុំ​បាន​រៀបការ​បាន​រយៈពេល​ពី​រ​ឆ្នាំកន្លងមក​ហើយ​ហើយ​ពួក​ខ្ញុំ​នៅ​ពុំទាន់​មានកូន​នៅឡើយ​ទេ ។ ខ្ញុំ​រត់​តាក់ស៊ី​ដឹក​ភ្ញៀវ​នៅតាម​ក្រុមហ៊ុន​ដាក់​តាម​សណ្ឋាគារ ស្រី​ពៅ ប្រពន្ធ​ខ្ញុំ​លក់​បង្អែម​នៅ​ផ្សារ​ភូមិភាគ​អាច​រកប្រាក់​កម្រៃ​បានល្អ​បង្គួរ​។​

 

​តាម​ធម្មតា​នៅ​ហាង​របស់​ប្រពន្ធ​ខ្ញុំ​មាន​មនុស្ស​ជាច្រើន​ដែលជា​មិត្តភក្តិ​ខ្ញុំ​មកជួយ​ហូប​បង្អែម​ជា​រៀងរាល់ថ្ងៃ ហើយ​ក៏មាន​ភ្ញៀវ​ខ្លះ​ប្លែក​មុខ​ដែរ​មក​ញ៉ែ និង​និយាយ​លេង​ជាមួយ​ប្រពន្ធ​របស់ខ្ញុំ មាន​អ្នកខ្លះ​ក៏​សុំ​ស្នេហ៍​នាង​ទៀត​ក៏មានដែរ​។ ក្នុងនាម​យើង​មាន​មុខរបរ​រកស៊ី​បើទោះបី​ជាមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក្តី ក៏​ខ្ញុំ​មិនមាន​អ្វី ដើម្បី​ធ្វើការ​កត់សម្គាល់​ប្រពន្ធ​របស់ខ្ញុំ​ដែរ​។ ថ្ងៃមួយ​នាង​បាន​និយាយប្រាប់​ខ្ញុំ​ថា បង​អើយ​ខ្ញុំ​ឥឡូវនេះ​មាន​មនុស្ស​ម្នាក់​គេ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ ហើយ​គេ​នៅ​ក្មេង​គេ​ថា គេ​ស្រឡាញ់​ខ្ញុំ គេ​ចង់​នាំ​ខ្ញុំ​ទៅ​នៅ​ប្រទេស​កូរ៉េ ម៉េច​បង​ព្រម​ឲ្យ​ប្រពន្ធ​ខ្លួនឯង​ឲ្យ​ទៅ​គេ​ទេ​បង​?”​។​

 

​ពិសិដ្ឋ បាន​និយាយថា “​អូន​ឯង​បែប​ស្រឡាញ់​គេ​ហើយ​មើល៍ទៅ​? កុំ​និយាយ​បែប​ចង្រៃ​យ៉ាងនេះ​ធ្វើ​អ្វី​។ ប្តី​ឯណា​ទៅ​ឆ្កួត​ឲ្យ​ប្រពន្ធ​ខ្លួន​ដែល​ស្រឡាញ់​ស្មើនឹង​ជីវិត​ឲ្យ​ទៅ​គេ​នោះ បង​មិនមែនជា​តួអង្គ​ព្រះ​វេស្សន្តរ​នោះទេ ទៅ​មិន​រួច​ទេ​”​។ តាំងពី​ពេលនោះ​មក ពិសិដ្ឋ ក៏​មិនដែល​ប្រចណ្ឌ​ប្រពន្ធ​ដាក់​អ្នកនេះ​អ្នកនោះ​ឡើយ ព្រោះ​អ្នក​ដែល​មក​ហូប​បង្អែម​ប្រពន្ធ​របស់ខ្លួន ភាគច្រើន​ជា​មិត្តភក្តិ​ទាំងអស់​។ ពិសិដ្ឋ បន្តទៀតថា “​នៅ​យប់​មួយ​ខ្ញុំ​មាន អារម្មណ៍​ចម្លែក​យ៉ាងខ្លាំង​ចំពោះ​ប្រពន្ធ​របស់ខ្ញុំ ដោយ​នាង​បាត់​ពី​បន្ទប់​គេង​យ៉ាងយូរ​ប្រហែល​ជិត​មួយ​ម៉ោង គឺ​នាង​ចេញទៅ​និយាយ​ទូរស័ព្ទ​ទាក់ទង​គ្នា​ជាមួយ​ប្រុស​ក្មេង​នៅ​ពាក់​កណ្តាលអធ្រាត្រ​។ ខ្ញុំ​មិន​នឹកស្មានថា នាង​ចូលក្នុង​បង្គន់​ឡើយ ពេល​ខ្ញុំ​ភ្ញាក់ឡើង ខ្ញុំ​បាន​រាវរក​ប្រពន្ធ​ស្រាប់តែ​បាត់​មិនឃើញ ខ្ញុំ​ក៏​ដើររក​នាង​បានឮ​នាង និយាយ​រអ៊ូៗ​នៅក្នុង​បន្ទប់​បង្គន់ ហើយ​បិទទ្វារ​ជាប់​និយាយ​ទូរស័ព្ទ ពេល​ខ្ញុំ​បានឮ​សំឡេង​នាង​ខ្ញុំ​ហាក់​មិន​ភិតភ័យ​ទេ ព្រោះ​ខ្ញុំ​ក្រែងតែ​នាង​និយាយ​ទៅលេង​នឹង​បងប្អូន​របស់​នាង​នៅឯ​ផ្ទះ​។ ពេល​នាង​និយាយ​ចប់​ខ្ញុំ​ក៏​សួរ​នាង​ថា​អូន និយាយ​ទូរស័ព្ទ​ទៅរក​អ្នកណា​ថ្មើរនេះ ? នាង​ថា ខ្ញុំ​និយាយ​លេង​ជាមួយ​មិត្តភក្តិ​ដែល​ទើបតែ​ចេញពី​ធ្វើការ​ពី​សណ្ឋាគារ​។​

 

​លុះ​ព្រឹក​ឡើង​នាង​និយាយថា បងអូន​អស់កម្លាំង​ណាស់ អូន​មិនសូវ​ស្រួលខ្លួន​ទេ សូម​បង​កុំទៅ​ធ្វើការ​អី ! អូន​ចង់​ឲ្យ​បង​ជូន​អូន​ទៅ​គ្លីនិក ដើម្បី​ឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព​”​។ ពិសិដ្ឋ​ក៏​និយាយថា “​ថ្ងៃនេះ​បង​ជាប់រវល់​ខ្លាំងណាស់ បង​មិនសូវមាន​ពេលទំនេរ​ទេ អូន​អាច​ទៅ​គ្លីនិក​តែឯង​ក៏បាន​ដែរ​។ ក្រោយពី​នាង​បាន​ទៅ​មន្ទីរពេទ្យ​រួចមក​នាង​ក៏​ប្រាប់​ខ្ញុំ​ថា នាង​ខ្វះ​ជាតិ​ប្រូតេអ៊ីន ខ្វះ​ឈាម ពេទ្យ​ឲ្យ​នាង​សម្រាក​ឲ្យ​បាន​ច្រើន​ម៉ោង​ហូបចុក​អាហារ​ដែល មានគុណ​ភាពល្អ​ថា ហើយ​នាង​ក៏​ចូលទៅ​សម្រាក​ក្នុង​បន្ទប់ ចំណែក​ខ្ញុំ​ក៏​ទៅ​ផ្សារ​ទិញ​ផ្លែឈើ​ឲ្យ​ប្រពន្ធ រួច​ទៅធ្វើ​ការបាត់​ទៀត​។ ពេលយប់ឡើង​ខ្ញុំ​ក៏​ប្រាប់​នាង​ថា អូន​មិនចាំបាច់​លក់​ទៀត​ទេ ព្រោះ​អូន​នៅ​មិនទាន់មាន​កម្លាំង គ្រប់គ្រាន់​នៅឡើយ​ទេ ចាំ​ពេលណា​អូន​មាន​សុខ​ភាពល្អ​ដូចដើម​វិញ ចាំ​អូន​លក់​វិញ​ក៏បាន​ដែរ​។ មិន​នឹកស្មានថា នាង​ធ្វើ​ពុត​ជា​ឈឺ​សោះ​នាង​គិតតែ​ពី​លាប​ឡេ​ថែ​ស្បែក ទៅ​ហាង​កែ​សម្ផស្ស​ស្ទើរតែ​រាល់ថ្ងៃ ដើម្បី​ឲ្យ​មាន​សម្រស់​កាន់តែ​ស្អាត​។ ខ្ញុំ​ក៏​ថា “​អូន​ឯង​ឥឡូវ នេះ​ចេះ​តែងខ្លួន​ណាស់​ហ្ន៎​!” នាង​និយាយថា “​ខ្ញុំ​ស្រឡាញ់​ខ្លួន​ខ្ញុំ មិនចេះ​ទុក​ខ្លួន​ឲ្យ​ទ្រុឌទ្រោម​ទេ ព្រោះ​អូន​នៅ​មិនទាន់​ចាស់​ឯណា​បងហើយ​អូន​ក៏​នៅ​មិនទាន់​មានកូន​មួយ​ផង​”​។​

 

​នាង​និយាយថា ម៉េច​បង​ឯង​ចង់​ឲ្យ​ប្រពន្ធ​បាក់សាច់ ដូច​លោកយាយ​ម៉ែ​ម៉ឺន ទើប​សម​មុខ​បង​? ខ្ញុំ​ទៅ​មិន​រួច​ទេ ព្រោះ​ខ្ញុំ​នៅ​ស្រឡាញ់​ខ្លួន​ខ្ញុំ​នេះ​មិនមែន​ដូច​បង​ឯង​ទេ​ធ្វើខ្លួន​ដូចជា​មនុស្ស​ចាស់ !”​។ ពិសិដ្ឋ និយាយថា “​បើ​អូន​ចង់បាន​អ្វី​ស្រេច​តែ​ចិត្ត​អូន​ចុះ​មិនចាំបាច់​ប្រាប់​បង​ទេ​។ ក្រោយមក​ក៏មាន បុរស​ម្នាក់​ឈ្មោះ ទិន អាយុ​ម្ភៃ​ឆ្នាំ បើករថយន្ត​កាមរី ស៊េរី​២០០២ មកលេង​នាង​ដោយនិយាយ​ប្រាប់​ខ្ញុំ​ថា គេ​ធ្លាប់​ស្គាល់​នាង​តាំងពី​យូរណាស់​មកហើយ​។​

 

​ក្រោយមក​ពេល​ខ្ញុំ​ទៅធ្វើ​ការ​ស្រាប់តែ​មនុស្ស​ប្រុស​ឈ្មោះ ទិន នោះ​មកលេង​ជាមួយ​នាង​នៅ​នឹង​ផ្ទះ ហើយក៏​បបួល​នាង​ទៅលេង​ភ្នំ​គូលែន​បាត់​មួយថ្ងៃ​ទើប​វិល​មកវិញ​។ មិនយូរប៉ុន្មាន​នាង​រត់ ទៅតាម​គេ​ទៅ​ខេត្តកំពង់ចាម ខ្ញុំ​ក៏​ទៅតាម​នាង​ដល់​ខេត្តកំពង់ចាម​គេ​ថា នាង​ទៅ​ខេត្ត​ព្រះសីហនុ ខ្ញុំ​ទៅតាម​នាង​ដល់​ខេត្ត​ព្រះសីហនុ​ទៀត គេ​ថា នាង​ទៅ​ខេត្តបាត់ដំបង ព្រោះ​ជា​ខេត្ត​ដើមកំណើត​របស់​នាង ខ្ញុំ​ក៏​ទៅរក​នាង​ឯ​ខេត្តបាត់ដំបង​ទៀត ស្រាប់តែ​ម្តាយមីង ស្រី​ពៅ ប្រាប់ថា ស្រី​ពៅ ទៅ​នៅ​ខេត្ត​ប៉ៃលិន ខ្ញុំ​ទៅរក​នាង​នៅ​បរ​ប៉ៃលិន​ទៀត​ដូចដែល​គេ​បាន​ប្រាប់​ខ្ញុំ​។ ពេល​ដល់ផ្ទះ​នាង​នៅ​ម្តាយ​នាង​ប្រាប់​ខ្ញុំ​ថា ស្រី​ពៅ មក​តែម្នាក់ឯង​ទេ នាង​ថា នាង​មិន​នៅ​ជាមួយ​ប្តី​ទៀត​ទេ ព្រោះ​ប្តី​នាង​ចូលចិត្ត​វាយ​ធ្វើបាប​។ នេះ​ជាស​ម្តី​ដែល​នាង​និយាយប្រាប់​ម្តាយ​របស់​នាង ម្តាយ​នាង​ប្រាប់​ឲ្យ​ខ្ញុំ​ទៅរក​នាង​នៅ​ទីក្រុង​ប៉ោយប៉ែត​នោះ​នឹង​បានឃើញ​ហើយ​ម្តាយ​នាង​និយាយទៀតថា ស្រី​ពៅ មិនសូវ​សប្បាយចិត្ត​នាង​ថា ទៅ​នៅ​ប៉ោយប៉ែត​ដើម្បី​រក​ការងារ​ធ្វើ​នៅ​កាស៊ីណូ​គ្រាន់​បាន​ប្រាក់ខែ​ច្រើន ហើយ​ណាមួយ​នៅក្នុង​ម៉ាស៊ីនត្រជាក់​ទៀត​”​។ ឮដូច្នេះ ពិសិដ្ឋ ក៏​ដើររក​នាង​នៅ​ប៉ោយប៉ែត​តែរ​កនាង​មិនឃើញ​ឡើយ​។​

 

​ពិសិដ្ឋ​ក៏​អស់តម្រិះ ក្នុង​ការតាមរក​ប្រពន្ធ និយាយថា ពេល នេះ​ខ្ញុំ​ត្រូវ​គិត​យ៉ាងណា បើ​នាង​យក របស់របរ​មក​តាម​ខ្លួន​អស់ ហើយ​ខ្ញុំ​នៅ មិនទាន់​អស់ចិត្ត​ពី​នាង​សោះ ខ្ញុំ​ចង់​គ្រាន់តែ​ប្រាប់​នាង​ថា តើ​ខ្ញុំ​ខុស​អ្វី​ហេតុអ្វី​ទើប​នាង​ក្បត់ចិត្ត​ខ្ញុំ តើ​មាន​ស្រី ប៉ុន្មាន​នាក់​ទៀត ដែលមាន​ចិត្ត​ដូចជា រូបនាង​ទៀត​?”៕

31-7-2015 (2)

 

Leave a Reply

(*) Required, Your email will not be published