រាជធានីភ្នំពេញ : បុរសម្នាក់ត្រូវកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះជួលលេខ១៨១ ផ្លូវ៨៦ សង្កាត់ស្រះចក់ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខាន់ ផល្លា ភេទប្រុស អាយុ៤៥ឆ្នាំ និងមុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងនគរបាលមន្ទីប្រឆាំងគ្រឿង បានដាក់កម្លាំងតាមដានជាយូមកហើយ លុះដល់ថ្ងៃខាងលើក៏ឃាត់ខ្លួន ឆែកឆេរឃើញមាន សារធាតុញៀន ក្រាមសថ្លា នៅក្នុងផ្ទះជួលចំនួន២កញ្ចាប់តូច និងកប់នៅក្រោមដីចំនួន៣កញ្ចាប់តូចទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវកម្លាំងមន្ទីប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃនាំយកទៅសួរនិងឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕