យុវវ័យ​គួរ​មាន​ស្នេហា​បែប​ថ្លៃថ្នូរ​

, , Leave a comment

29-7-2015

រាជធានី​ភ្នំពេញ : ស្នេហា​របស់​យុវជន​ក្នុងសម័យ​ទំនើប​បច្ចុប្បន្ននេះ មិនមែនជា​បញ្ហា​សាមញ្ញ​ឡើយ វា​កំពុង​បង្ហាញ​អំពី​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ផ្នែក​ផ្នត់គំនិត​របស់​យុវជន ឬក៏​អាចជា​បដិវត្ត​នៃ​ប្រពៃណី​របស់​ខ្មែរ​ផង ពីព្រោះ​យុវជន​សម័យ​ទំនើប​នេះ មាន​អារម្មណ៍​មោទនភាព​ខ្លាំង នឹង​បង្ហាញ​ជា​សាធារណៈ​ថា ខ្លួន​មាន​ដៃគូ​ស្នេហា​។​

 

​សម្រាប់​យុវនារី​វិញ​ក៏​ដូចគ្នា​ដែរ ដោយ​យុវនារី​ភាគច្រើន​ក៏​មិនបាន​រួញរា​ប្រកាស និង​បង្ហាញថា ខ្លួន​មាន​សង្សារ ដែល​នេះ​ជា​ទិដ្ឋភាព​សង្គម​ខ្មែរ​មិន​ធ្លាប់​ជួបប្រទះ ហើយ​ជាពិសេស​ទិដ្ឋភាព​បែបនេះ​កំពុងតែ​ធ្វើអោយ​ឪពុកម្តាយ​របស់​យុវជន​ទាំងនោះ​ហាក់​មិន​សប្បាយចិត្ត នឹងមាន​ករណីខ្លះ​ឈានទៅដល់​ការឈ្លោះទាស់ទែង​រវាង​ឪពុកម្តាយ និង​កូនប្រុស​ស្រី​របស់​ពួកគេ​ទៀតផង​។​

 

​នាពេល​បច្ចុប្បន្ននេះ​សិស្សានុសិស្ស​តាំងពី​ថ្នាក់​អនុវិទ្យាល័យ ពួកគេ​បាន​ផ្តើមនិយាយ​ពី​ស្នេហា ដោយ​ពួកគេ​និយាយ​សរុប​ជា​ពាក្យ​មួយ​ឃ្លា​ដោយ​ពន្យល់ថា ពីមុន​យុវជន​មាន​អារម្មណ៍​ខ្មាស់​នឹង​ការ​មាន​ស្នេហា ប៉ុន្តែ​សម័យនេះ បើ​គ្មាន​ស្នេហា វា​គឺជា​រឿង​គួរ​ឲ្យ​ខ្មាស់​គេ​ទៅវិញ​។​

 

​កត្តា​ដែល​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទម្លាប់ ផ្នត់គំនិត ឬក៏​ការកើត​ថ្មី​នៅក្នុង​ចំណោម​យុវជន ក្នុង​វិស័យ​ស្នេហា​នេះ វា​អាចមកពី​ការ​ផ្តិត​ចម្លង​ទាំងស្រុង​នូវ​ចម្រៀង និង​ភាពយន្ត​បរទេស​តាមរយៈ​ការសម្ដែង​របស់​តារា​ខ្មែរ ដែល​បង្ហាញ​ច្រើន​លើសលប់​តែ​អំពី​រឿងរ៉ាវ​ស្នេហា នឹង​ទិដ្ឋភាព​នៃ​យុវជន​ប្រុស​ស្រី ឱបថើប​គ្នា​នៅតាម​ទីសាធារណៈ​ទៀត​នោះ​វា​បាន​ជំរុញ យុវវ័យ ខ្មែរ​មិនអាច​ទៅណា​ឆ្ងាយ​ពី​បញ្ហា​ស្នេហា​របស់​មនុស្ស​ប្រុស​ស្រី​នោះឡើយ​។​

 

​និយាយ​អំពី​បរិបទ​សង្គម គេ​មិនអាច​ឃាត់ឃាំង និង​រារាំង យុវជន​មិន​ឲ្យ​មាន​ស្នេហា​បានឡើយ ប៉ុន្តែ​គេ​ត្រូវ​អប់រំ​យុវជន​ឲ្យ​មាន​សេចក្តីស្នេហា​តាមបែប​ថ្លៃថ្នូរ និង​មាន​សីលធម៌ ដែល​ការអប់រំ​នេះ​អាចមាន​មកពី​សាលារៀន និង​ឪពុកម្តាយ​ដែល​នៅផ្ទះ​។ មានន័យថា គេ​ត្រូវ​បើកចំហរ​ឲ្យ​យុវជន​មាន​ស្នេហា ប៉ុន្តែ​គេ​ត្រូវ​បំប៉ន​ការអប់រំ​ឲ្យ​ខ្លាំង​ផ្នែក​សីលធម៌ និង​ប្រពៃណី ដែល​អាច​និយាយបានថា ពួកគេ​អាចមាន​ស្នេហា​បាន ប៉ុន្តែ​ពួកគេ​ត្រូវគោរព​ប្រពៃណី ឬ​មិនត្រូវ​បង្ហាញ​អក​ប្ប​កិរិយា​ជា​ចំហរ​ដែល​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​របស់​ខ្លួនឯង​កិត្តិយស​គ្រួសារ និង​សង្គមជាតិ​៕

29-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published