ជំងឺថប់អារម្មណ៍កើតមានច្រើនជាងគេក្នុងចំណោមជំងឺផ្លូវចិត្តដទៃទៀត ជាពិសេសតែងមានលើស្ត្រីភេទច្រើនជាងបុរស។ ជំងឺនេះបណ្តាលមកពីលោកអ្នកជួបញ្ហាអាក្រក់ៗម្តងហើយម្តងទៀតពីអតីតកាលដូចជា ការគំរាមសម្លាប់ ភ្លើងឆេះផ្ទះ សង្គ្រាម ការបំបែកបំបាក់ អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាផ្សេងទៀតក្នុងខ្សែជីវិត។
ជំងឺថប់អារម្មណ៍ ឬបញ្ហាផ្លូវចិត្តនេះមិនមែនកើតឡើងចំពោះតែយុវវ័យសម័យថ្មីនោះទេ តែមានគ្រប់សម័យកាលទាំងអស់តាំងពីសម័យមុន និងបច្ចុប្បន្ន ហើយទៅអនាគតក៏បញ្ហាផ្លូវចិត្តនៅតែកើតមានឡើងដែរ។ បញ្ហាផ្លូវចិត្តដែលកើតមានបណ្តាលមកពីកត្តាមួយចំនួន ដូចជា វប្បធម៌ បច្ចេកវិទ្យា ការអប់រំ និងសង្គមជាដើម។
ជាការពិតក្នុងពេលដែលពួកគេមានបញ្ហាផ្លូវចិត្ត ឬជំងឺផ្លូវចិត្តនោះនឹងបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើយុវជនខ្លួនឯង គ្រួសារ និងសង្គម។ ផលប៉ះពាល់ចំពោះយុវវ័យមានពីរដំណាក់កាល គឺរយៈពេលខ្លី និងរយៈពេលវែង។ ក្នុងរយៈពេលខ្លីបញ្ហាផ្លូវចិត្តធ្វើឲ្យយុវជនបាត់បង់ឱកាសក្នុងការក្រេបយកចំណេះវិជ្ជា និងខាតពេលវេលា ធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ ហើយករណីខ្លះបញ្ហាផ្លូវចិត្តធ្វើឲ្យយុវជនប្រើប្រាស់គ្រឿងញៀនគំហុក ដែលនាំឲ្យបាត់បង់ជីវិត ដោយសារគាំងបេះដូង និងការពុលខ្លាំងពេក។ ចំណែកការប៉ះពាល់យូរអង្វែងវិញអាចធ្វើឲ្យបាត់បង់អនាគត និងបាត់បង់អស់បំណងដែលចង់ធ្វើ។
ករណីខ្លះទៀត អ្នកមានបញ្ហាផ្លូវចិត្តបានផឹកស្រា និងគ្រឿងស្រវឹង ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងកើតជាជំងឺផ្សេងៗ ដូចជារលាកក្រពះ ពោះ វៀនក្រិនថ្លើមជាដើម និងអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ហើយក៏វិវត្តទៅដល់ជំងឺផ្លូវចិត្តរ៉ាំរ៉ៃមួយជីវិត។
យុវវ័យដែលមានបញ្ហាផ្លូវចិត្តខ្លួនឯងផ្ទាល់ គួរមានផែនការប្រតិបត្តិយ៉ាងត្រឹមត្រូវ និងស្វែងយល់ឲ្យបានច្បាស់អំពី មូលហេតុ និងផលប៉ះពាល់ដែលបណ្តាលឲ្យមានបញ្ហាផ្លូវចិត្ត។ យុវវ័យមិនគួរជ្រើសរើសដំណោះស្រាយទាំងឡាយណាដែលនាំឲ្យមានផលប៉ះពាល់ ឬផ្តល់នូវគុណវិបត្តិសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម។ គួរទៅពិគ្រោះយោបល់ជាមួយនឹងអ្នកឯកទេស ជំនាញផ្លូវចិត្ត ដើម្បីស្វែងរកដំណោះស្រាយ និងព្យាបាលបញ្ហាផ្លូវចិត្ត៕