រាជធានីភ្នំពេញ : សកម្មភាពរៃអង្គាសប្រាក់តាមទីសាធារណៈ នៅពេលនេះ កំពុងបានកើតមានឡើងច្រើនមុនពេលចូលព្រះវស្សា។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគួរ តែជួយពន្យល់ប្រាប់ពួកគាត់ឲ្យបានដឹងពីពេលនេះទៅ ដើម្បីឈានទៅលប់បំបាត់ទង្វើមិនល្អបែបនេះនោះ។ សព្វថ្ងៃនេះទោះបីសកម្មភាពរៃអង្គាសប្រាក់ក្នុងរូបភាពដើម្បីត្រៀមទំនុកបម្រុងដល់ព្រះសង្ឃដែលនឹងត្រូវគង់ចាំព្រះវស្សារយៈពេល៣ខែ នាពេលខាង មុខនោះក៏ដោយក៏សកម្មភាពនេះបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែរ ពិសេសប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋធ្វើចរាចរណ៍ និងឈានទៅការក្លែងបន្លំយកធ្វើជាមុខរបរ ដែលធ្វើឲ្យធ្លាក់ចុះនៃតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនាព្រោះសាសនាជារបស់រដ្ឋ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ក្រសួងធម្មការ និងសាសានានា មិនបានអនុញ្ញាតច្បាប់គណៈកម្មការអាចារ្យវត្តណាមួយក្នុងការដើររៃអង្គាសប្រាក់នៅតាមទីសាធារណៈនោះឡើយ ហើយរាល់ការរៃអង្គាសបច្ច័យ ឬប្រាក់នៅតាមទីសាធារណៈរាល់ពិធីបុណ្យនានា នេះគឺវាខុសទៅនឹងច្បាប់រដ្ឋ និងច្បាប់សាសនា ទាំងស្រុងដែលធ្វើឲ្យមតិមហាជនមានការរិះគន់ និងវាយតម្លៃមកលើសង្គម ពិសេសថ្នាក់ដឹងនាំថាមិនចេះមើលបញ្ហានេះ។
អ្នកនាំពាក្យក្រសួងធម្មការ បានបន្ថែមឲ្យដឹងថា កន្លងមកក្រសួងបានណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនាទាំងអស់ឲ្យចាត់វិធានការ និងត្រួតពិនិត្យតាមតំបន់របស់ខ្លួន ដើម្បីទប់ស្កាត់បញ្ហានេះ ដើម្បីឲ្យអ្នករៃទាំងអស់ ឈប់ធ្វើសកម្មភាព និងឲ្យបានយល់ពីតម្លៃពុទ្ធសាសនា បានទូលំទូលាយ និងស៊ីជម្រៅ។ លោកក៏បានសំណូមពរផងដែរ ដល់មន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរដែនដីទាំងអស់ជួយសហការដោយធ្វើការណែនាំអប់រំពីច្បាប់របស់រដ្ឋ និងច្បាប់សាសនា ដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ដើម្បីបញ្ឈប់សកម្មភាពនេះ។
មន្ត្រីធម្មការ និងសាសនារាជធានីភ្នំពេញ បានបញ្ជាក់ថា បញ្ហាដើររៃអង្គាសប្រាក់ ឬបច្ច័យនៅតាមទីសាធារណៈក្រោមរូបភាពយកលេសចូលព្រះវស្សាជាខែល ឬពិធីបុណ្យផ្សេងៗ មន្ទីរបានរៀបចំណាត់វិធានការ និងបានប្រាប់ទៅធម្មការខណ្ឌហើយដែរ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងដើម្បីលប់បំបាត់វប្បធម៌ រៃអង្គាសប្រាក់នៅពេលមានពិធីបុណ្យទានធំៗឈប់ឲ្យកើតមានបន្តទៀត៕