ដើម្បីបំពេញកាមតណ្ហារបស់ខ្លួន បុរសម្នាក់ដែលមានចិត្តជាសត្វតិរិច្ឆានបានប្រព្រឹត្តអំពើដ៏លាមកបំផុតទៅលើប្រពន្ធរបស់ខ្លួន ដោយចាប់ប្រពន្ធចងជើងរួចរំលោភទាំងកំរោល ទោះបីជាប្រពន្ធរបស់ខ្លួនមានជំងឺប្រចាំកាយយ៉ាងណាក្តី ក៏គេមិនមានការអនុគ្រោះឡើយ។ រឿងហេតុនៃអំពើហិង្សាផ្លូវភេទនេះ បានកើតឡើងនៅក្នុងគ្រួសារដែលមានជីវភាពទ័លក្រមិនមានមុខរបរ ច្បាស់លាស់ ដើរស៊ីឈ្នួលធ្វើការឲ្យគេដើម្បីបានកម្រៃបន្តិចបន្តួចយកមកដោះស្រាយជីវភាពប្រចាំថ្ងៃ។ ថ្ងៃនេះសារព័ត៌មានកំណើតថ្មី ចង់បង្ហាញប្រិយមិត្តអ្នកស្តាប់ អ្នកអាន ស្វែងយល់ពីដំណើររឿងដូចខាងក្រោម។
ដោយសារចំណងដៃនៃជីវិតអាពាហ៍ពិពាហ៍អស់រយៈពេលជាងម្ភៃឆ្នាំមកនេះ ស្រីនាង[ឈ្មោះអ្នកនិពន្ធដាក់ឲ្យ] និងប្តីកំហូចរបស់គាត់បានបង្កើតកូនចំនួនប្រាំនាក់ (ស្រីបួននាក់ និងប្រុសម្នាក់)។ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ចុងក្រោយរបស់ ស្រីនាង គឺជាជីវិតដ៏ឈឺចាប់បំផុតដែលត្រូវបានប្តីធ្វើបាបលើរាងកាយ និងផ្លូវភេទគ្រប់បែបយ៉ាង ដើម្បីបម្រើកិលេសរបស់ខ្លួន។
នៅក្នុងខ្ទមកម្សត់ ស្រីនាង បានរៀបរាប់ថា ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធមក ប្តីរបស់នាងខ្ញុំ មិនមានចិត្តកាចសាហាវដូចជាពេលនេះនោះទេ គាត់ទើបតែមានចរិតប្លែករយៈពេលជាងមួយឆ្នាំនេះទេដោយកន្លងមកបន្ទាប់ពីគាត់មកពីផឹកស្រាវិញ គាត់តែងតែវាយធ្វើបាបនាង ខ្ញុំពេលខ្លះរហូតដល់នាងខ្ញុំសន្លប់ក៏មាន។ ទង្វើបែបនេះ គឺមានជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែលើកចុងក្រោយនេះជាទង្វើដែលនាងខ្ញុំអត់ទ្រាំមិនបាន។ នៅល្ងាចមួយបន្ទាប់ពីនាងខ្ញុំវិលត្រឡប់មកពីស៊ីឈ្នួលធ្វើចម្ការឲ្យគេវិញ នាងខ្ញុំបានរៀបចំធ្វើម្ហូបអាហារពេលល្ងាច លុះដល់ពេលនាងខ្ញុំចម្អិនអាហាររួចអស់ហើយ នាងខ្ញុំក៏ដួសបាយ និងសម្លដាក់ចានឲ្យប្តីនិងកូនៗហូប។ ចំណែកនាងខ្ញុំក៏ទៅដងទឹកយកមកទុកសម្រាប់ថ្ងៃស្អែក ប៉ុន្តែនៅពេលហូបបាយរួច ប្តីរបស់នាងខ្ញុំបានទៅផឹកស្រាជាមួយក្រុមក្មេងស្ទាវរហូតដល់ម៉ោងប្រាំបួនយប់ ទើបត្រឡប់មកផ្ទះវិញទាំងអាការស្រវឹងជោកជាំ។
នៅពេលប្តីរបស់នាងខ្ញុំត្រឡប់មកដល់ផ្ទះវិញ គាត់មិនទាន់ចូលទៅដេកនោះទេ ដោយគាត់នៅអង្គុយមើលកូនរៀនសិន លុះដល់ម៉ោងដប់យប់ ទើបគាត់ចូលទៅដេក។ នៅពេលដេកបានបន្តិចគាត់បានរួមភេទជាមួយនាងខ្ញុំ ទោះបីជានាងខ្ញុំមានជំងឺប្រចាំកាយដែលត្រូវគ្រូពេទ្យហាមមិនឲ្យរួមភេទក្នុងរយៈពេលបី ឬបួនខែ ដើម្បីលេបថ្នាំ ព្យាបាលសិន ពីព្រោះនាងខ្ញុំមានក្រួសនៅក្នុងស្បូន។ ក្នុងនាមជាប្រពន្ធរបស់គេមិនដឹងជាធ្វើយ៉ាងម៉េច បើប្តីត្រូវការហើយគឺត្រូវតែបំពេញបំណងឲ្យប្តីដោយមិនគិតថាខ្លួនឯងមានការឈឺចុកចាប់យ៉ាងណានោះទេ។ បន្ទាប់ពីរួមភេទបានម្តងរួចមក មិនយូរប៉ុន្មានគាត់ក៏បានបង្ខំនាងខ្ញុំរួមភេទម្តងទៀត រួចក៏នាំគ្នាដេកលក់មួយសន្ទុះប្រហែលជាជិតម៉ោង១២យប់ គាត់មកដេកសង្គ្រុបពីលើនាងខ្ញុំដើម្បីរួមភេទម្តងទៀត ប៉ុន្តែលើកទីបីនេះដោយសារនាងខ្ញុំអស់កម្លាំងខ្លាំងពេកមិនអាចទ្រាំទ្រជាមួយគាត់បាន នាងខ្ញុំក៏បានសំពះអង្វរគាត់ ដើម្បីឲ្យគាត់លើកលែងឲ្យ។
ទោះបីជារូបនាងខ្ញុំសំពះអង្វរយ៉ាងណាក៏ដោយ ក៏ប្តីកំហូចម្នាក់នេះនៅតែមិនលើកលែងឲ្យនាងខ្ញុំឡើយ ដោយគេនិយាយគំហកខ្លាំងៗមកឲ្យ នាងខ្ញុំវិញថា “របស់អ្វីក៏ដោយ បើគេស៊ីមិនឆ្អែត គឺមិនឈប់នោះទេ”។ នៅពេលនាងខ្ញុំឮសម្តីប្តីនាងខ្ញុំនិយាយដូច្នេះ នាងខ្ញុំបានស្រក់ទឹកភ្នែកដោយមិននឹកស្មានថា ប្តីរបស់នាងខ្ញុំនិយាយមករកនាងខ្ញុំដូច្នេះឡើយ។ នៅពេលគេដឹងថា នាងខ្ញុំរើបម្រះប្រុងរត់ចេញគេបានយកខ្សែគោមកចងជើងទាំងពីររបស់នាងខ្ញុំពេលនោះនាងខ្ញុំខំ រើបម្រះយ៉ាងខ្លាំង រហូតដល់ចំណងជើងនោះបានរបូតហើយនាងខ្ញុំក៏បានរត់ចេញពីប្តីកំហូចរូបនោះ។
ដោយខ្លាចនាងខ្ញុំរត់ចុះពីលើផ្ទះ ប្តីកំហូចរបស់នាងខ្ញុំបានកាន់កាំបិតផ្គាក់ទៅឈរជិតមាត់ទ្វារ ដើម្បីកុំឲ្យនាងខ្ញុំរត់ចេញ ហើយបន្ទាប់មកគេ បានទៅវាយបំបែកពាងទឹក និងទូរទស្សន៍បែកអស់។ ដោយសារតែមិនអាចទ្រាំទ្រ និងរស់នៅជាមួយគ្នាតទៅទៀតបាន លុះដល់ព្រឹកឡើង នាងខ្ញុំបានទៅប្តឹងសមត្ថកិច្ចដើម្បីឲ្យចាប់ប្តីកំហូចរូបនេះដាក់គុក។ ឥឡូវនេះ គាត់អស់ចិត្តអត់ធ្មត់ជាមួយប្តីគាត់ទៀតហើយ គឺស៊ូទ្រាំដើរស៊ីឈ្នួលគេតែម្នាក់ឯងមិនថាខ្លួនមាន ជំងឺអ្វីឡើយ ដើម្បីយកប្រាក់មកចិញ្ចឹមកូនៗបានទៅរៀនសូត្រដូចគេឯង៕ ដោយ ស្រស់ ស្រពោន