រាជធានីភ្នំពេញ : យុវជន៦នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០១៥ ដោយ សារតែក្រុមយុវជនទាំងនោះបាននាំគ្នា តវ៉ានៅមុខរដ្ឋសភា ក្នុងរាជធានីភ្នំពេញ ដោយស្លៀកពាក់សម្លៀកបំពាក់ជាអ្នកទោស និងដាក់ច្រវាក់ជើងដៃខ្លួនឯងប្រឆាំងទៅនឹងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតរបស់អង្គការលីកាដូបានប្រាប់ឲ្យដឹង កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ថា ក្រុមយុវជនទាំងនោះត្រូវបានសមត្ថកិច្ចអាជ្ញាធរធ្វើការចាប់ខ្លួន ខណៈដែលពួកគេបាននាំគ្នាជួបជុំតវ៉ាជំទាស់ទៅនឹងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅមុខរដ្ឋសភា។ ក្រុមយុវជនដែលតុបតែងខ្លួនធ្វើជាអ្នកទោស ដែលជាប់ខ្នោះច្រវ៉ាក់ទាំងនោះត្រូវបានកងរាជអាវុធហត្ថនាំខ្លួនយកទៅខណ្ឌចំការមន។
លោកបញ្ជាក់ថា “មិនដឹងអាជ្ញាធរចោទប្រកាន់ពិបទអ្វី បើនិយាយពីក្លែង ឯកសណ្ឋានច្បាប់នេះអត់និយាយពីសម្លៀកបំពាក់អ្នកទោសទេមានតសម្លៀកបំពាក់កងកម្លាំងប៉ូលីស ប៉េអឹម ទាហាន ជាដើម ទើបមានទោស។ លោក អំ សំអាត បានបញ្ជាក់ដែរថា ការបញ្ចេញមតិ ឬការតវ៉ារបស់ពួកគាតមានលក្ខណៈប្លែកៗគ្នា ជួនកាលគាត់ចង់ធ្វើឲ្យមានលក្ខណៈប្លែកៗ ហើយតាមការសួរនាំទៅថា ហេតុអីបានធ្វើបែបហ្នឹង គាត់ថា តវ៉ាប្រឆាំងទៅនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពីព្រោះពួកគាត់សព្វថ្ងៃធ្វើការចូលរួមនៅក្នុងសង្គមដោយមិនបានចុះបញ្ជីទេ ហើយបើច្បាប់នោះចេញ មកពួកគាត់មិនអាចអ្វីបានទៀតទេ បើមិនបានចុះបញ្ជី។ យុវជនទាំង៦នាក់ដែល ត្រូវបានចាប់ខ្លួននោះរួមមាន ទី១-លោក មួង សូនី ទី២-លោក ជុំ ហួរ ទី៣-លោក ជុំ ហួត ទី៤-អ្នកស្រី មាស លក្ខិណា ទី៥-លោក ពិណ សិន និងទី៦-លោក រៀន មករា។ ក្រុមយុវជនទាំងនោះមកពីចលនាមហានគរ និងក្រុមផ្សេងទៀតដែលមិនសូវស្គាល់ឈ្មោះ។
សូមបញ្ជាក់ថា ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មកដល់ពេលនេះត្រូវបានឆ្លងកាត់រដ្ឋសភា និងព្រឹទ្ធសភារួច ហើយដោយរដ្ឋសភាបានលើកយកទៅពិភាក្សា និងអនុម័តកាលពីថ្ងៃទី១៣ ខែកក្កដា ដោយសំឡេង៦៨ លើ៦៨ ប៉ុន្តែសមាជិកសភាសំឡេងភាគតិចចំនួន ៥៥ នាក់ មកពីគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរួមអនុម័ត។ រីឯព្រឹទ្ធសភា បានលើកយកទៅពិនិត្យ និងអនុម័តថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ដោយសំឡេង ចំនួន៤៤លើ៤៤ ដោយសមាជិកមកពីគណបក្ស សម រង្ស៊ី ក៏បានធ្វើពហិការដែរ។
លោក ម៉ម ប៊ុននាង ជាអ្នកនាំពាក្យ ព្រឹទ្ធសភា មានប្រសាសន៍ថា ការបង្កើត ច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមានគោលបំណង ដើម្បីការពារ ភាពស្របច្បាប់របស់ NGO និងការពារ ទ្រព្យសម្បត្តិរបស់ NGO ទាំងអស់នៅ កម្ពុជាដែលមានអង្គការសមាគមជាតិនិង អន្តរជាតិមានចំនួនជិត៥០០០ពាន់ ដែលច្បាប់នេះស្របតាមគោលការណ៍នីតិរដ្ឋ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕