ពេល​បង​គ្មាន​តម្លៃ ស្រី​ថ្លៃ​ផិតក្បត់ រត់តាម​ប្រុស​

, , Leave a comment

​បុរស​វ័យ​កណ្តាល​រូបនេះ​សុខចិត្ត​បូម​ឈាម​លក់​ឲ្យ​អ្នកដទៃ ដើម្បី​យកប្រាក់​ឲ្យ​ភរិយា​ធ្វើ​សោហ៊ុយ ចូល​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តែ​នៅ​ទីបំផុត​បាន​ចូលដល់​ដី​ថៃ ស្រី​ថ្លៃ​លែង​វិលវៃ​បង្កើត​ស្នេហា​ទី​ពីរ ក្បត់​ផិត​ស្វាមី​គ្មាន​ក្តី​អាល័យ​បន្តិច​សោះ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ឈឺចាប់​កកឈាម​រហូត​ធ្លាក់ខ្លួន​មាន​ជំងឺ​ជា​ទម្ងន់​។​

 

​កំពុង​ដេក​ដណ្តប់ភួយ​នៅលើ​រាន​ក្រាល ដោយ​រនាបឫស្សី​ក្នុង​ខ្ទម​កំសត់​តូច​មួយ​ដែលមាន​ជញ្ជាំង​តែ​ពីរ​ជ្រុង​តាម​បណ្តោយ​ផ្លូវលំ បុរស​វ័យ​កណ្តាល​ម្នាក់​ម្នីម្នា​ក្រោក​អង្គុយ​ធ្វើ​គារវកិច្ច ខណៈដែល​ឃើញ​ភ្ញៀវ​ចូលទៅ​ដល់​។ លោក សំណាង [​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​] តែ​ខ្សែជីវិត​មិនបាន​ដូច​ឈ្មោះ វ័យ​សែសិប​ប្រាំបួន​ឆ្នាំ និង​ជា​បុរស​ពោះម៉ាយ ស្តាយ​ស្នេហ៍ ដោយ​ប្រពន្ធ​ផិត​រត់តាម​ប្រុស​ថៃ​បណ្តាល​ឲ្យ​ឈឺចាប់​ក្អួត​ឈាម​ទាំង​ដុំៗ កំពុងតែ​ដេក​ឈឺ​តាម​យថាកម្ម បាន​រៀបរាប់​ពី​ដំណើរ​ជីវប្រវត្តិ និង​រឿងរ៉ាវ​ក្បត់​ផិត​របស់​ភរិយា​ដោយ​ឥត​លាក់លៀម ថា លោក​បានចាប់កំណើត​នៅក្នុង​ត្រកូល​កសិករ​មួយ​នៅក្នុង​ស្រុក​បាធាយ ខេត្តកំពង់ចាម មាន​បងប្អូន​ចំនួន​ពីរ​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ និង​ជា​កូនពៅ​ដែល​បងស្រី​ស្លាប់​កាលពី​ជំនាន់ ប៉ុលពត​។​
​ក្នុងនាម​ជា​កូនទោល​ត្រូវ​មើលថែ​ពុក​ម៉ែ​ចាស់ៗ ទើប​ខ្លួន​ពុំបាន​រៀនសូត្រ​ជ្រៅជ្រះ បានត្រឹមតែ​ចេះ​អាន និង​សរសេរ​ប៉ុណ្ណោះ​។ ដោយសារ​រវល់​តែ​មើលថែ​លោកអ្នក​មានគុណ ភ្លេច​គិត​បញ្ហា​គូស្រករ​បានធ្វើ​ឲ្យ​លោក​ក្លាយ​ជាក​ម្លោះ​ចាស់​ប្រចាំ​ភូមិ រហូតដល់​អាយុ​សាមសិប​បួន​ឆ្នាំ​ទើប​លោក​រៀបការ​។​

 

​បុរស​រូបនេះ​បាន​រំឭក​អំពី​ប្រវត្តិ​ស្នេហា​របស់ខ្លួន​ថា កំណើត​ស្នេហ៍​របស់លោក​បាន​ដុះ​ពន្លក​នា​រដូវ​បុណ្យចូលឆ្នាំថ្មី ខណៈដែល​ទៅ​វត្ត​លេង បុណ្យ​ក៏​ជួប និង​ផ្តើម​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​នាងក្រមុំ​ម្នាក់​ឈ្មោះ បុប្ផា ដែលមាន​អាយុ​ប្អូន​លោក​ត្រឹម​ពីរ​ឆ្នាំ និង​នៅ​ភូមិ​ស្រុក​ជាមួយគ្នា​។ បន្ទាប់ពី​យល់ចិត្ត​ថ្លើម​ក្លាយជា​គូសង្សារ​ពួកគេ តែង​ណាត់​ស្កាត់​ជួបគ្នា​បង្កើត​អនុស្សាវរីយ៍​រាប់​ពុំ​អស់ រហូត​ជ្រុលជ្រួស​ប្រព្រឹត្ត​ហួស​គន្លង​ប្រពៃណី​ដោយ “​ទុំ​មុន​ស្រគាល​” ទៀតផង​។ នៅពេល​អង្ករ​ក្លាយជា​បាយ​ផ្អើល​ដឹងឮ​ដល់​ឪពុកម្តាយ​ទាំងសងខាង​នោះ អស់លោក​មេបា​ចាស់ទុំ​ក៏​ផ្សំផ្គុំ​រៀបការ​។​

 

​លើក​ត្រឡោក​ទឹក​ថ្នាំ (​បុរាណ​) ហូប​ដើម្បី​ផ្សើម​បំពង់ ក បន្តិច​ទើប​វាចា​បន្តទៀតថា ក្រោយ​ចាប់ដៃគ្នា​ក្លាយជា ស្វាមីភរិយា​គ្រួសារ​របស់លោក​មាន​ភា​ព​សុខសាន្ត​ណាស់ ក្នុងនាម​ជា​អ្នកស្រែ​ដែល​ពឹង​លើ​របរ​កសិកម្ម ហើយ​ប្រពន្ធ​បាន​បង្កើតបាន​កូនប្រុស​បីនាក់​ជា​ចំណង អាពាហ៍ពិពាហ៍​ទៀតផង​។ ដោយរ​បរជាកសិករ​ធ្វើស្រែ​ចម្ការ​ពុំ​សូវ​កាក់កប លោក​ក៏​ពិគ្រោះ​ជាមួយ​ភរិយា​សម្រេច​លក់​ដីស្រែ​រួមទាំង​ផ្ទះ​ទៅ​រស់​នៅឯ​បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង ប្តូរ​មករក​ស៊ី​នេសាទ​វិញ​ម្តង គឺ​បាន​សមប្រកប​ដូច​បំណង​មែន​ធ្វើ​ឲ្យ​ជីវភាព​ធូរធារ​រស់នៅ​យ៉ាង​សមរម្យ​។​
​ដោយ​សន្តាន​ចិត្តល្អ​ឆាប់​ជឿទុកចិត្ត​គេ​ពេក​នោះ លោក​ត្រូវ​ប្អូនធម៌​បោក ប្រាស់​អស់ទ្រព្យ​សម្បត្តិ គ្មាន​សល់​ថែមទាំង​ជំពាក់​គេ​វ័ណ្ឌ ក ថែម​ទៀតផង​។ ខ្មាស​គេ​ពេក​លោក​ក៏​នាំ​ប្រពន្ធ​កូន​គេច​ទៅ​រស់​សំងំ​លាក់ខ្លួន​នៅ​ព្រំដែន​ខ្មែរ​-​ថៃ (​ក្រុង​ប៉ោយប៉ែត​) ដោយ​ប្រពន្ធ​ទៅរក​នៅ​ស៊ីឈ្នួល រុញ​ទំនិញ​ឲ្យ​ឈ្មួញ​នៅ​ប៉ោយប៉ែត ក្នុងនាម​ជា​កម្មករ​ពនេចរ រក​មួយថ្ងៃ​សម្រាប់តែ​មួយថ្ងៃ​ប៉ុណ្ណោះ​។ ជាមួយគ្នា​នោះ​ហេតុតែ​ចង់បាន​ប្រាក់ លោក​តែង​ឆ្លៀត​លួច​ចូលទៅក្នុង​ទឹកដី​ថៃ​ជាមួយ​កម្មករ​ឯទៀត ដឹកជញ្ជូន​អីវ៉ាន់​គេចពន្ធ​ឲ្យ​ថៅកែ​ចូល​តាម​ច្រករបៀង​ផងដែរ ដើម្បី​បង្គ្រប់​ការខ្វះខាត​។ មាន​ថ្ងៃមួយ​រូបលោក​ត្រូវ​ក្រុម​ទាហាន​ថៃ​ស្ទាក់​ចាប់បាន​វាយ​ទាត់​ធាក់​រហូត​សន្លប់​ពួកវា​ក៏​ទុកចោល​កណ្តាល​ព្រៃ ដោយ​ស្មានថា​លោក​ស្លាប់ លុះ​ត្រូវ​ទឹកសន្សើម​ដឹងខ្លួន​ខំ​ប្រវេប្រវា​លូន​ចូលមក​ដី​ខ្មែរ​វិញ​។ ចាប់តាំងពី​ពេល​នោះមក​រាងកាយ​របស់​លោក​ក៏​គ្រាំគ្រា​ទ្រុឌទ្រោម​រហូត​។​

 

​ពោល​ទាំង​អួល​ដើម​-​ក លោក សំណាង បាន​រៀបរាប់​ទៀតថា បើតាម​ការចងចាំ​បាន​នា​ពាក់កណ្តាល​ឆ្នាំ​២០០៨ ហើយ​ជា​រដូវវស្សា​ផង​នោះ ភរិយា​ក៏​ពិគ្រោះ​សុំ​លោក​ទៅធ្វើ​ការ​នៅ​ស្រុក​សៀម គ្រានោះ​លោក​បាន​បដិសេធ​ដែរ តែ​ប្រពន្ធ​មិន​ព្រមស្តាប់​ក៏​បណ្តោយ ព្រោះ​កំពុងតែ​ពិបាក​ផង​នោះ ដោយសារតែ​ខ្លួន​មាន​រោគ​គ្រាំគ្រា​ប្រចាំកាយ​ពុំ​អាចធ្វើ​ការ​ដូច​មុន​បាន​។ លោក​បន្តថា លក្ខខណ្ឌ​ដែល​ចេញទៅ​គឺ​តម្រូវ​បង់ប្រាក់​ជាមុន​ឲ្យ​មេខ្យល់​ក្នុង​ម្នាក់​បី​ពាន់​បាត​(​ប្រាក់​ថៃ​)​។ ដោយនៅ​ក្នុងផ្ទះ​មាន​ប្រាក់​ចំនួន​តែមួយ​ពាន់​បាទ​ប៉ុណ្ណោះ ពុំ​ដឹង​ជា​ទៅរក​ប្រាក់​ឯណា​មក​បង្គ្រប់ ដើម្បី​ឲ្យ​ប្រពន្ធ​ចេញទៅ​នោះ​ក៏​សម្រេច​បូម​ឈាម​លក់​ដោយ​បូម​មួយ​លើក​បាន​កម្រៃ​មួយ​ពាន់​បាត​។ ហេតុតែ​ចង់បាន​ប្រាក់​ពេក បូម​រួច​បានតែ​បី​ថ្ងៃ​លោក​ក៏​ទៅ​បូម​ឈាម​មួយដង​ទៀត​ឲ្យ​អ្នកផ្សេង ដោយ​កុហក​គ្រូពេទ្យ​ថា ខ្លួន​ពុំ​ធ្លាប់​ដែល​បូម​ឡើយ​។ នៅពេល​បាន​ប្រាក់​ពីរពាន់​បាត​ក៏ ស្រូត​ដំណើរ​យកមក​ឲ្យ​ប្រពន្ធ ដើម្បី​បង់​ឲ្យ​មេខ្យល់​រួច​ក៏​ជូន​ដំណើរ​ភរិយា​ទៀតផង​។​

 

​លោក​បាន​បន្តថា ពេល​ភរិយា​ចេញទៅ​បាត់​រាងកាយ​របស់ខ្លួន​កាន់តែ​ទ្រុឌទ្រោម ដោយសារ​ការ​បូម​ឈាម​ហួស​កម្រិត និង​គួបផ្សំ​ជាមួយ​រោគ​គ្រាំ​ក្នុង​ផង​នោះ តែ​ទោះជា​យ៉ាងណា​ក៏​លោក​នៅតែ​តស៊ូ​រែក​ផ្លែឈើ​ឆ្លងដែន​ឲ្យ​ឈ្មួញ​រក​កម្រៃ​ចិញ្ចឹម​កូនៗ​ដែរ​។ ពេល​ចេញទៅ​ប្រពន្ធ​បាន​ផ្តែផ្តាំ​កុំ​ឲ្យ​លោក​ប្រឹង​ធ្វើការ​ពេក ព្រោះ​ខ្លួន​មាន​ជំងឺ​ចាំ​នាង​ផ្ញើ​ប្រាក់​ឲ្យ​រាល់​ខែ​តែ​ធាតុពិត សូម្បី​តែមួយ​បាត​ក៏​គ្មាន​ផង​។ ថ្ងៃខែ​ចេះតែ​កន្លងផុតទៅ​ពុំដែល​បានទទួល​ដំណឹង​ពី​ប្រពន្ធ សូម្បីតែ​បន្តិច​ឡើយ​រហូត​ចុងឆ្នាំ​២០០៨ ទើប​អ្នក​ដែល​ចូលទៅ​ជាមួយគ្នា​នោះ គេ​ត្រឡប់មក​ស្រុក​វិញ​ប្រាប់ថា ភរិយា​របស់លោក​មាន​ប្តី​ថ្មី​ទៀត ហើយ​ប្តី​នោះ​ជា​ជនជាតិ​សៀម ដែលជា​មេខ្យល់​នោះឯង និង​កំពុង​រស់​នៅឯ​ក្រុង​ថេប (​បាងកក​) ឯណោះ​។ គ្រាន់តែ​ឮ​ភ្លាម​ស្ទើរ​គាំងបេះដូង​ស្លាប់ ព្រោះ​ស្លុត​ស្មារតី​ពុំ​នឹកស្មានថា ប្រពន្ធ​ដែល​ស្រឡាញ់​ស្មើនឹង​ជីវិត​នោះ​ក្បត់​ផិត​ខ្លួន​ឡើយ​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា ដំបូង​ខ្លួន​ពុំ​សូវ​ជឿ​ទេ តែ​ដោយ​អ្នក​ដែល​ចេញទៅ​ជាមួយ​វិល​មកវិញ ជា​បន្តបន្ទាប់​និង​និយាយ​ដូចៗ​គ្នា​នោះ​ទើប​ជឿ​។​

 

​គ្រានោះ​ហើយ​ដែល​អាការរោគ​របស់លោក​ក៏​រើ​ឡើង​គួបផ្សំ​នឹង​ជំងឺ​ឈឺចិត្ត​ផង​នោះ បណ្តាល​ឲ្យ​រូបលោក​ក្អក​ធ្លាក់ឈាម​ទាំង​ដុំៗ ធ្វើការ​លែងកើត​ដេក​នៅតែ​លើ​កន្ទេល​រស់​ដោយសារ​កូនចិញ្ចឹម​។ រយៈពេល​ជិត​កន្លះ​ឆ្នាំ​រូបលោក​រស់ ដោយសារ​កូនៗ​ដើរ​រើស​អេតចាយ និង​សុំទាន​ចិញ្ចឹម ខណៈដែល​ខ្លួន​ដេក​ឈឺ​។ លុះ​សន្សំ​ប្រា​ក់បាន​៧០០​បាត លោក​ក៏​សម្រេចចិត្ត​នាំ​កូនៗ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​។ ជា​អកុសល​មកដល់​ស្រុក​វិញ​លោកឪពុក​ក៏​ស្លាប់ចោល​ទៀត​។ លោក​បន្តទៀតថា​ហេតុតែ​ចង់​ឲ្យ​កូន​ជាសះស្បើយ ម្តាយ​បាន​លក់​ដីស្រែ​កេរ្តិ៍​អាករ​ផ្ទះសម្បែង​គ្មាន​សល់​យកប្រាក់​ព្យាបាល​រូបលោក​។ ផ្ទុយទៅវិញ​អាការរោគ​របស់ខ្លួន​កាន់តែ​ធ្ងន់​ទៅៗ​គឺ​មិនអាច​ក្រោក​ដើរ បានឡើយ​បានត្រឹមតែ​រំកិល​តិចៗ​តែប៉ុណ្ណោះ​។ ខ្ទម​ដែល​កំពុងស្នាក់នៅ​នេះ គឺជា​រោង​លក់​ចាប់ហួយ​របស់​អ្នកភូមិ គេ​អាណិត​ឃើញ​អត់​ផ្ទះ​នៅ​ក៏​ឲ្យ​ខ្ចី​ស្នាក់​រហូតមក​បន្ទាប់ពី​រូបគាត់​លក់​ផ្ទះ​ព្យាបាល​កូន​អស់នោះ​។ ខ្សែ​ជី​វត​ខាងលើនេះ​ជា​បទពិសោធ​មួយ​ដែល​សារព័ត៌​មានកំណើត​ថ្មី​ចង់បង្ហាញ​ប្រិយមិត្ត​អ្នកអាន​ទាំងអស់ ដើម្បី​ស្វែងយល់ និង​ពិចារណា​៕

27-7-2015

 

Leave a Reply

(*) Required, Your email will not be published