តាមការសិក្សាស្រាវជ្រាវថ្មីៗនេះ បានឲ្យដឹងថា ស្ត្រីដែលកើតមហារីកនៅសុដន់(ដោះ) ម្ខាងហើយ ការកាត់សុដន់តែម្ខាងនោះចោល មិនបានជួយបន្ថយការប្រឈមនឹងការកើតរោគមហារីកនោះទេ ដោយការសិក្សាស្រាវជ្រាវពី Eramus Medical Center នៅទីក្រុងរ៉តធើរដាម (Rotterdam) ប្រទេសហុល្លង់ដ៍ បានធ្វើការសិក្សាទៅលើស្ត្រី៣៩០នាក់ ដែលកើតមហារីកសុដន់ខាងណាមួយហើយស្ត្រីក្នុងក្រុមនេះចំនួន១៣៨នាក់ បានសម្រេចចិត្តកាត់សាច់ជាលិកាសុដន់ ចេញទាំងអស់ ឬហៅថា ការវះកាត់សុដន់ចេញ ដើម្បីការពារមិនឲ្យមហារីកសុដន់ កើតចំពោះសុដន់ម្ខាងទៀត (Preventive Mastectomy)។
ប៉ុន្តែអ្នកស្រាវជ្រាវបែរជារកឃើញថា អត្រាដែលមហារីក ត្រឡប់មករាលដាលម្តងទៀត និងអត្រាការរួចជីវិតពីគ្រោះថ្នាក់បែរជាដូចគ្នា នឹងក្រុមស្ត្រីដែលមិនបានវះកាត់។ យ៉ាងណាការកាត់សុដន់ម្ខាងដែលកើតមហារីកចោលនោះ ក៏មានប្រយោជន៍ជួយបន្ថយគ្រោះថ្នាក់នៃជំងឺនេះបានខ្លះដែរ៕