រាជធានីភ្នំពេញ : សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី២២កក្កដា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ ២០១៥ វេលាម៉ោង៨:០០ព្រឹក បន្តសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៣។
របៀបវារៈដែលនឹងលើកយកមកពិនិត្យពិភាក្សា គឺ១-ការប្រកាសទទួលស្គាល់ សមាជិកព្រឹទ្ធសភាថ្មី និង២-ពិនិត្យ និងឲ្យ យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមាន៩ជំពូក និង៣៩មាត្រា មានគោលបំណងធានាការពារសិទ្ធសេរីភាព និងលើកកម្ពស់ចលនាបង្កើតសមាគមអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាមួយរាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកថា សមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូប បានឆ្លងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយឯកបក្សជាឯកច្ឆន្ទ កាលពីព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា បើទោះបីអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៥រូប ធ្វើពហិការមិនចូលរួមពិភាក្សានិងអនុម័តក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភានេះ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលឡើងមកការពារច្បាប់នេះបានថ្លែងថា ច្បាប់នេះមិនមានការរឹតបន្តឹងសេរីភាពអង្គការសង្គមស៊ីវិលឡើយ ផ្ទុយទៅវិញត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងក្របខណ្ឌនីតិរដ្ឋ និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈក្នុងការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យតាមគោលការណ៍ប្រជាធិបតេយ្យ។
ទោះជាបែបនេះក្តីសម្តេចក្រឡាហោម បានបញ្ជាក់ថានឹងអាចមានធ្វើវិសោធនកម្មលើច្បាប់នេះប្រសិនបើការអនុវត្តមានភាពខ្វះចន្លោះ និងមានភាពប៉ះពាល់ខ្លាំង៕