រាជធានីភ្នំពេញ : តារាសម្តែងកញ្ញា ដួង ស្រីពេជ្រ ដែលទើបតែឡើងកូដនាឆ្នាំនេះ ត្រូវមហាជនស្គាល់ច្បាស់ចាប់តាំងពីធ្លាយរូប ថតបង្ហាញសម្រស់សុដន់នៅលើទំព័រហ្វេសប៊ុកនាថ្ងៃខួបកំណើតតារាភេទទី៣ម៉ាដូណា។ ក្រោយពេលធ្លាយរូបភាពនោះមក ដួង ស្រីពេជ្រ ហាក់មានទីផ្សារសិល្បៈខ្លាំង។
កញ្ញា ដួង ស្រីពេជ្រ ដែលមុននេះរងការរិះគន់ខ្លាំងរឿងបញ្ចេញសុដន់នោះ នាងមានជំហរមិនដកថយរឿងបញ្ចេញភាពសិចស៊ីទេ ដរាបណានាងស្ថិតនៅក្នុងនាមជាតារាសម្តែង។ ដោយសារតែ ស្រីពេជ្រ ហ៊ានសម្តែងដោយមិនខ្មាសអៀន និងមិនខ្លាចកាមេរ៉ា តារាថ្មីរូបនេះត្រូវផលិតករមួយចំនួនទាក់ទងឲ្យសម្តែងជាច្រើនរឿង។ គិតតែឆមាសទី១ នៃដើមឆ្នាំ២០១៥នេះ ស្រីពេជ្រ មានតួលេខក្នុងការសម្តែងជិត១០រឿង។ ហេតុនេះហើយទើប ស្រីពេជ្រ កំណត់យ៉ាងច្បាស់ក្នុងការដាក់កាលវិភាគកុំឲ្យជាន់គ្នាទៅតាមពេលវេលាសម្តែងនៃរឿងនីមួយៗ។
ដួង ស្រីពេជ្រ បានបញ្ជាក់ថា រយៈពេល៣ថ្ងៃដែលគេរិះគន់ ខ្ញុំមានអារម្មណ៍ក្តុកក្តួលក្នុងចិត្តណាស់ ប៉ុន្តែមានមួយចំនួនធំគេគាំទ្រខ្ញុំ ហើយនៅតាមខេត្តវិញគេអត់ស្គាល់នាងខ្ញុំទេ ស្គាល់តែនៅភ្នំពេញ។ លុះពេលមានរឿងហ្នឹងមកសឹងថា ទូទាំងប្រទេស ប្រជាជនខ្មែរស្គាល់នាងខ្ញុំ និងកាន់តែសម្បូរមិត្តនៅក្នុងហ្វេសប៊ុករាប់ពាន់នាក់។ ដូចនេះហើយមួយរយៈនេះនាងខ្ញុំទទួលបានការងារច្រើនជាងមុនឆ្ងាយ ណាស់តាំងពីច្រៀងតាមប៉ុស្តិ៍ ឡើងសម្ភាសន៍ តាមស្ថានីយទូរទស្សន៍ផ្សេងៗ ថតស្ប៉តធំៗ ខារ៉ាអូខេ បូករួមទាំងចុះកិច្ចសន្យា៤រឿងក្នុងខែនេះនៅ MyTV, CTN និងទូរទស្សន៍ផ្សេងទៀត។ ភាពសិចស៊ីគឺតម្រូវតាមអ្នករៀបចំ បើគាត់ចង់ឲ្យយើងសិចស៊ីខ្លាំង គឺយើងធ្វើឲ្យមើល។ បើគាត់ថាល្អនៅលើគាត់មិនមែនជាចិត្តយើងទេ ពោលគឺតាមមេកើយ។ សិល្បៈយើងមិនអាចតម្រូវចិត្តមនុស្សបានទាំងអស់ទេ គឺនាងខ្ញុំយកចិត្តតែខាងអ្នកដឹកនាំប៉ុណ្ណោះ ព្រោះសិល្បៈត្រូវសម្តែងឲ្យគ្រប់ទម្រង់។
ទម្រាំនាងខ្ញុំបានមកដល់ចំណុចនេះនាងខ្ញុំលះបង់ច្រើនណាស់ ពេលខ្លះនាងខ្ញុំទៅអង្គុយចាំគេថតមួយម៉ោង ឬពីរម៉ោង ។ ដល់ពេលគេឃើញយើងអត់ធ្មត់ចេះតែអាណិត។ បើនិយាយពីរូបសម្បិត្តវិញយើងមិនជាស្អាតល្អ១០០ភាគរយទេ បានតែ៧០ទៅ៨០ភាគរយប៉ុណ្ណោះ ប៉ុន្តែសំខាន់គឺការគោរពពេលវេលា ជាផលមួយជួយឲ្យយើងទៅមុខបានបើស្រឡាញ់សិល្បៈ៕