រាជធានីភ្នំពេញ : លោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ បានប្រកាសសាលក្រមផ្តន្ទាទោសសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះ១១នាក់ ដាក់ពន្ធនាគារពី៧ ទៅ២០ឆ្នាំ លើសំណុំរឿងក្តី ព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋរបស់សកម្មជនជាប់ចោទគណបក្សសង្គ្រោះជាតិចំនួ១១នាក់ ក្នុងនោះ រួមមាន លោក មាជ សុវណ្ណារ៉ា ដែលជាគណៈកម្មការនាយកទទួលបន្ទុកព័ត៌មានវិទ្យារបស់គណបក្សសង្គ្រោះជាតិ និងជាប្រធានសារព័ត៌មាន និងជាប្រធានវិទ្យុ ខ្មែរប៉ុស្តិ៍ នៅសហរដ្ឋអាមេរិកដែលជាប់ចោទពីបទ«ដឹកនាំកុបកម្ម និងអំពើចូលរួមក្នុងអំពើ កុបកម្ម» ប្រព្រឹត្តកាលពីឆ្នាំមុននៅឯទីលានប្រជាធិបតេយ្យ បណ្តាលឲ្យមានមនុស្សរងរបួស ទាំងកងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងក្រុមបាតុករនោះ។ តុលាការបានសម្រេចផ្តន្ទាទោសលោក មាជ សុវណ្ណារ៉ា, លោក អឿ ណារិន និងឈ្មោះ ឃិន រឿន ដាក់ ពន្ធនាគារម្នាក់ៗ កំណត់២០ឆ្នាំពីបទ «ដឹកនាំធ្វើកុបកម្ម» ចំណែកឯជនជាប់ចោទ៨នាក់ទៀតនោះដាក់ពន្ធនាគារម្នាក់ៗកំណត់ ឆ្នាំពីបទ «ចូលរួមធ្វើកុបកម្ម» នៅទីលានប្រជាធិបតេយ្យដែលអូសបន្លាយពេលជាច្រើនខែហើយចុងក្រោយផ្ទុះនូវហិង្សា។
លោក លឹម មករន្ទ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងសំណុំរឿង ក្តីនេះជនជាប់ចោទមានចំនួន១១នាក់ ដែលជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ។ ជនជាប់ចោទទាំង១១នាក់នេះរួមមាន ៖ ទី១- ឈ្មោះ មាជ សុវណ្ណរ៉ា ទី២-ឈ្មោះ អឿ ណារិន និងទី៣-ឈ្មោះ ឃិន រឿន ហៅ “ឃិន ចំរើន”។ អ្នកទាំង៣នាក់នេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗកំណត់២០ឆ្នាំពីបទ «ដឹកនាំធ្វើកុប្បកម្ម»។ ចំណែកជនជាប់ចោទទី៤ឈ្មោះ នាង សុឃុន ទី៥-ឈ្មោះ សាន គឹមហេង ទី៦-ឈ្មោះ ស៊ុំ ពុទ្ធី ទី៧-ឈ្មោះ កែ ឃីម ហៅ “វិន ឌី” ទី៨-ឈ្មោះ ទេព ណារិន ទី៩- ឈ្មោះ អាន បឋម ហៅ “សុខុម” ទី១០-ឈ្មោះ សាន សីហៈ និងទី១១- ឈ្មោះ អ៊ុក ពេជ្រសំណាង ត្រូវបានតុលាការសម្រេចដាក់ ពន្ធនាគារម្នាក់ៗកំណត់៨ឆ្នាំពីបទ«ចូលរួមធ្វើកុបកម្ម»។ ឆ្លងកាត់អង្គសវនាការដែលស្ថិតក្នុងស្ថានភាពប្រញាប់ប្រញាល់ នោះតុលាការក៏បានបង្គាប់ឲ្យចាប់ខ្លួនពួកគេទាំង១១នាក់ និងបញ្ជូន ទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសវិញ បន្ទាប់ពីពួកគេខ្លះក្នុងចំណោមនោះបានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ននាពេលកន្លងទៅ។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទទាំង១១នាក់នេះត្រូវបានជាប់ចោទពីបទ«ដឹកនាំកុបកម្ម និងអំពើចូលរួមក្នុង អំពើកុបកម្ម» ជាប់ពាក់ព័ន្ធនឹងករណីអំពើ ហិង្សាដ៏ឃោរឃៅមួយនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោក ចេង ប៉េងហាប់ មេធាវីការពារក្តីឲ្យជនរងគ្រោះបានមានប្រសាសន៍ថា ៖ នៅក្នុងរឿងក្តីនេះមានដើមបណ្តឹងចំនួន ៣៩នាក់ដែលភាគច្រើន គឺជាកងសន្តិសុខ នៃសាលាខណ្ឌដូនពេញ។ ពួកគេទាំង៣៩នាក់បានប្តឹងទាមទារថ្លៃជំងឺចិត្តម្នាក់ៗ ចំនួនពី៥០០០(ប្រាំពាន់) ទៅ១០០០០មួយម៉ឺន ដុល្លារអាមេរិកពីជនជាប់ចោទខាងលើ។
ទាក់ទងនឹងការសម្រេចរបស់តុលាការនេះជនជាប់ចោទទាំង១១នាក់ខាងលើ មិនអាចទាក់ទងដើម្បីសុំព័ត៌មានបានឡើយកាលពីម្សិលមិញដោយពេលចប់សវនាការភ្លាមកងកម្លាំងសមត្ថកិច្ចដែលមានសភាពគគ្រឹកគគ្រេង និងអនុរក្សពន្ធនាគារបានរុញជនជាប់ចោទទាំង១១នាក់ បញ្ចូលទៅក្នុងរថយន្តគុកព្រៃសរួចហែហម ចេញទៅភ្លាមៗដែរ៕