ច្បាប់​ចរាចរណ៍​ថ្មី​នឹងដាក់​អនុវត្ត​ឆ្នាំ ២០១៦ ដោយ​ពិន័យ​គុណ ៥​ដង

, , Leave a comment

22-7-2015 (2)

​រាជធានី​ភ្នំពេញ : ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ទាក់ទង​នឹង​ការផាកពិន័យ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព និង​ពាក់​ខ្សែ ក្រវាត់​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ នេះ​តទៅ​ដោយ​ការពិន័យ​គុណ​នឹង​៥​ដង​លើស​ពីមុន​។​

 

​ការមិន​ពាក់មួក​សុវត្ថិភាព​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​ដោយ​ទោចក្រយានយន្ត​នឹងត្រូវ​នគរបាល​ចរាច​រណ៍​ពិន័យ ចំនួន​១៥០០០​រៀល រីឯ​អ្នកបើកបរ​រថយន្ត​ធុន​ស្រាល​មិន​ពាក់​ខ្សែក្រវាត់​ត្រូវ​ពិន័យ​២៥០០០​រៀល ហើយ​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ត្រូវ​ពិន័យ​ចំនួន​៥០០០០​រៀល​។ នេះ​បើតាម​សេចក្តីព្រាង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តីពី «​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍ ផ្លូវគោក​»​។​

 

​លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹងថា​សេចក្តីព្រាង​អនុក្រឹត្យ​ដែល​រៀបចំ​រួចរាល់​នេះ នៅ​រង់ចាំ​ការចុះហត្ថលេខា​ពី​នាយករដ្ឋមន្ត្រី នៅក្នុង​ខែកក្កដា​នេះ ជា​អនុក្រឹត្យ​ដែល​តម្រូវ​ឲ្យ​ធ្វើការ «​អប់រំ និង​បង្កើន​ការយល់ដឹង​» ពី​ច្បាប់​ចរាចរណ៍​ថ្មី​មុននឹង​ដាក់​ឲ្យ​អនុវត្ត​ការផាកពិន័យ​នៅ​ខែមករា ឆ្នាំក្រោយ​។​

 

​លោក​ថា ៖ «​ឥឡូវ​ហ្នឹង​យើង​នៅ​ប្រើប្រាស់​ច្បាប់​ចាស់​នៅឡើយ​សម្រាប់​ការផាកពិន័យ​លើ មិន​ពាក់មួក​គឺ​៣​ពាន់​រៀល និង​មិន​ពាក់​ខ្សែក្រវាត់​៥​ពាន់​រៀល​។ តែ​ចាប់ពី​ខែមករា ឆ្នាំ​២០១៦ ការ​ផាក​នឹង​កើន​៥​ដង​។ ច្បាប់​ថ្មី​នេះ​គឺ​តម្រូវ​ឲ្យ​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​ទាំង​កុមារ​ត្រូវ​ធ្វើការ​ពាក់មួក​ឲ្យ​បាន​គ្រប់គ្នា »​។​

 

​លោក​បន្តថា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បានចែង​ឲ្យ​អ្នក​អង្គុយ​ក្នុង រថយន្ត​ត្រូវតែ​ពាក់​ខ្សែក្រវាត់​ទាំងអស់គ្នា តែ​ជាគោលការណ៍​ការអនុវត្ត​នោះ​នគរបាល​នឹងធ្វើ​ការផាកពិន័យ​តែ​អ្នក អង្គុយ​នៅខាងមុខ​នោះទេ​។​

 

​សេចក្តីព្រាង​អនុក្រឹត្យ​ដែលមាន ៤ មាត្រា និង​១៣ ជំពូក​ក៏បាន​សរសេរ​នូវ​ចំណុច​ជាច្រើន​ទាក់ទង​នឹង​ការផាកពិន័យ​នូវ ទឹកប្រាក់​ដូចគ្នា​ចំពោះ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ដែល​ល្មើសច្បាប់ រួមមាន​អ្នកបើកបរ​មិន​យក​ជាប់​ខ្លួន​នូវ​ប័ណ្ណបើកបរ ប័ណ្ណ​សម្គាល់​យានយន្ត​អ្នកបើក​បរដាក់​កុមារ​ក្រោម​១០​ឆ្នាំ អង្គុយ​នៅ​កៅអី​ខាងមុខ​នៃ​រថយន្ត អ្នកបើកបរ​បើក​យាន​យន្ត​ដោយ​កុង​ទ័​រ​ល្បឿន​មិន​ដំណើរការ និង​អ្នកបើកបរ​យានយន្ត ប្រើប្រាស់​ទូរស័ព្ទ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់ ទំនាក់ទំនង​ជាដើម​។​

 

​ការបើកបរ​បង្ហោះ រេ​ចុះឡើង ឆាប ឬ​កៀរ នឹងត្រូវ​ផាកពិន័យ​២០០០០​រៀល​ចំពោះ​ទោចក្រយានយន្ត ផាក ៤០០០០ រៀល​ចំពោះ​យានយន្ត​ធុន​ស្រាល និង​៧៥០០០ រៀល​ចំពោះ​យានយន្ត​ធុន​ធ្ងន់​។ ចំណុច​នេះ​ក៏ត្រូវ​អនុវត្ត​ចំពោះ​ការបើក​យានយន្ត​ដែល​ម៉ាស៊ីន​បញ្ចេញ សំឡេង​ខ្លាំង ឬ​ផ្សែង​ច្រើន​ខុស​បទដ្ឋាន បើកបរ​យានយន្ត​ដែល​គ្មាន​ដំណើរការ​នៃ​ផ្លិត​ជូត​កញ្ចក់​មុខ​ផងដែរ​។​

 

​អ្នកជំនាញ​ខាង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មានប្រសាសន៍ថា ការពន្យារពេល ដល់​ឆ្នាំ​២០១៦ ដើម្បី​អនុវត្ត​ការផាកពិន័យ​អាចជា​រយៈពេល «​យូរ​បន្តិច​» ដែល​មន្ត្រី​អនុវត្ត​គួរតែ​ធ្វើការ​អនុវត្ត​ឲ្យ​បាន​ឆាប់​ក្នុង​រូបភាព​ឃាត់ និង​អប់រំ​តាម​ដងផ្លូវ​ជាការ​ប្រសើរ​។​

 

​លោក​ថា​៖ «​ការបង្កើន​កម្រិត​ផាកពិន័យ​អាចជួយ​ទប់ស្កាត់​ការកាត់បន្ថយ​គ្រោះថ្នាក់ ឲ្យ​មនុស្ស​គោរព ព្រោះ​គាត់​ខ្លាច​ប្រឈម​ការផាកពិន័យ​ខ្ពស់​។ ការបង្កើន​អាចធ្វើ​ឲ្យ​មនុស្ស​រាងចាល ខ្លាចរអា​ជាង​មុន​។ ពីមុន​តែ ៣០០០ គាត់​មិនសូវ​ខ្វល់​ប៉ុន្មាន​ដែរ​»​។​

 

​លោក​យល់ថា​នគរបាល​អាច​នៅតែ​ឆ្លៀត​រក​ក្រៅ ផាក​ដាក់​ហោប៉ៅ​ដែល​មិនអាច​ចៀសបាន​ដូច​រាល់ថ្ងៃ​ដែលជា «​ការប្រព្រឹត្ត​អំពើពុករលួយ​» តែ​សំខាន់​ច្បាប់​ចរាចរណ៍​ថ្មី​ដែលមាន​ស្រាប់​ត្រូវអនុវត្ត​ឲ្យ​បាន​គ្រប់ ចំណុច​ដើម្បី​ឲ្យ​ការអនុវត្ត​មាន​តម្លាភាព​។​

 

​លោក​ថា​៖ «​បើសិនជា​គាត់​រៀបចំ​បាន​ត្រឹមត្រូវ ឬ​ផ្តល់​ការលើកទឹកចិត្ត​ដល់​មន្ត្រី​អនុវត្តបាន​សមរម្យ​មានការ​តាមដាន ត្រួតពិនិត្យ​ដាក់ពិន័យ​ទៅលើ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស​នោះ​នឹង​អាច មាន​ភាពប្រសើរ​ឡើងជា​ង​មុន​ព្រោះ​ច្បាប់​មានចែង​ពី​ការប្រព្រឹត្ត​ខុស​របស់​មន្ត្រី​»៕

22-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published