រាជធានីភ្នំពេញ : កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងពីស្ត្រីកម្មការិនីដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីមេខ្យល់បោកបញ្ឆោតយកទៅលក់ជួញដូរនៅប្រទេសចិន។
តាមប្រសាសន៍ពីម្តាយក្មេងស្រីរងគ្រោះឈ្មោះ ក្រេវ ម៉ាក អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គ្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាកម្មការិនីរោងចក្របានរៀបរាប់ទាំងអួលដើម ក លាយលំជាមួយទឹកភ្នែកថា កូនស្រីរបស់គាត់មានឈ្មោះ ហ៊ុន ស្រីនុត ទើបតែមានអាយុ១៥ឆ្នាំប៉ុណ្ណោះ នាងបានបាត់ខ្លួនពីផ្ទះតាំងអំឡុងខែមិថុនា ឆ្នាំ២០១៥មកម្ល៉េះ។
ប្រភពដដែលបានបន្តទៀតថា រូបគាត់បានស្នាក់នៅផ្ទះជួលម្តុំឫស្សីកែវ គីឡូម៉ែត្រលេខ៦ ហើយធ្វើការនៅរោងចក្រកាត់ ដេរក្បែរនោះ។ មុនពេលកូនស្រីគាត់បាត់ខ្លួននោះ នាងបានមកយកសៀវភៅគ្រួសារនៅផ្ទះ។ ក្រោយមករូបគាត់ក៏បានដើរ រកកូនស្រីរបស់គាត់គ្រប់ទីកន្លែងអស់ហើយនៅមិនឃើញ។
ស្រាប់តែនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ កូនស្រីគាត់ទូរស័ព្ទមកពីប្រទេសចិនប្រាប់ថា ម៉ែ..!ខ្ញុំនៅស្រុកចិន។ គ្រាន់តែឮបែបអ្នកស្រី [ក្រេវ ម៉ាក] មានក្តីងឿងឆ្ងល់ សួរថា កូនឯងទៅស្រុកចិនរបៀបម៉េច?។ ខ្ញុំមកស្រុកចិនតាមរយៈមេខ្យល់ ហើយមេខ្យល់នោះរស់នៅម្តុំទួលគោក។
ក្រោយទទួលបានដំណឹងពីកូនស្រីបែបនេះ ទើបរូបគាត់មកដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ជួយដល់កូនស្រីរបស់គាត់ ដែលត្រូវបានមេខ្យល់ បោកបញ្ឆោតយកកូនទៅលក់ជួញដូរដល់ប្រទេសចិន៕