ពេជ្រ សូលី​កា ៖ រស់នៅ​ជាមួយ​ប្ដី​ផ្កាយ​ពីរ គ្មាន​សល់​អ្វី មានតែ​ក្តី​ឈឺចាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​តូច​ច្រឡឹង​មុខ​មាន​មន្ត​ស្នេហ៍ ពេជ្រ សូលី​កា នៅតែ​ត្រូវបាន​គេ​ចាប់អារម្មណ៍​តាម​ហ្វេ​ស​ប៊ុ​ក បើទោះជា​អាជីព​សិល្បៈ​នាង​ហាក់​បញ្ចប់​ក្តី ដោយសារតែ​មុននេះ សូលី​កា ហ៊ឺហា​ខ្លាំង ប្រៀបបាន​ជំទាវ​តូច មាន​ឡាន​ថ្លៃៗ​ជិះ​និង​មាន​អង្គរក្ស​ការពារ​ទៀត​។ តែ​ថ្មីៗ​នេះ គេ​ចាប់អារម្មណ៍​ថា អតីត​តារា​រូបនេះ​មិនឃើញ​ជិះឡាន​ថ្មី​ទំនើប Lexus LS 460 ពណ៌​ទឹកសមុទ្រ តម្លៃ​១១​ម៉ឺន​ដុល្លារ​នោះ​ទៀត​ទេ ឃើញ​ជិះ​តែ​ឡាន​កញ្ចាស់ Lexus RX 300 ពណ៌​ស តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​។ អាច​និយាយបានថា នេះ​ជា​លើក​ទី​១ ហើយ​សម្រាប់​តារាចម្រៀង​ធ្លាប់មាន​ល្បីឈ្មោះ​ល្បី​ដល់​កំពូល កញ្ញា ពេជ្រ សូលី​កា ដែល​បាន​ទម្លាយ ការឈឺចាប់​ពេល​រស់នៅ​ជាមួយនឹង​ប្ដី​លួចលាក់ ជា​អ្នកមានអំណាច ហើយ​បាន​យក​អំណាច​នោះ មក​គាបសង្កត់ ធ្វើ​ឲ្យ​នាង​រស់នៅ​ស្ថានភាព​មួយ គ្មាន​សេរីភាព បើទោះជា​មាន​លុយ​ចាយ សប្បាយ​ហ៊ី​ហា​ពេញៗ​ដៃ​ក្ដី​។​

 

​ទឹកមុខ​នាង ពេជ្រ សូលី​កា ប្រុស​ណា ដែល​ឃើញ​ហើយ​មិន​សរសើរ​ថា ស្អាត​មិន​បានទេ ហើយ​បើ​និយាយ​ពី​ការសម្តែង​កាយវិការ​ខារ៉ាអូខេ វិញ គឺ​ធ្វើ​បានល្អ​តែម្តង ដោយសារ​តែមាន​ទេពកោសល្យ ស្រាប់ មិនចាំបាច់​ពិបាក​អ្នកដឹកនាំ​រឿង​ឈឺក្បាល ក្នុងការ​ណែនាំ​នាង​ច្រើន​ទេ ហើយ​ប្រុស​ចាស់​ស្ទាវៗ បាន​ចាប់អារម្មណ៍​នាង​ជាខ្លាំង​ថា បើ​បាន​នាង​តូច​ច្រមក់ នេះ​មក​ថ្នាក់ថ្នម មិនដឹង​ជាមាន​សេចក្តីសុខ​យ៉ាងណា ទេ​?…​។​

 

​ប៉ុន្តែ​នោះ គ្រាន់តែ​ជាការ​ស្រមៃ​ប៉ុណ្ណោះ ព្រោះ​តាម​ព័ត៌មាន​ថា ស្រី​ស្រស់​តូចតន់​នេះ មិនមែន​បេះដូង​នៅ​ទំនេរ​ទេ គឺមាន​ម្ចាស់​ចិត្ត​លោក​ផ្កាយ​២ បាន​ឃុំគ្រង​ទៅហើយ សូម្បីតែ​អាជីព​សិល្បៈ​ដែល សូលី​កា បាន​ផ្តាច់ខ្លួន​ចេញ​នោះ គេ​ល្បី​ថា លោក​ផ្កាយ​២ មិន​ឲ្យ​ស្រី​ថ្លៃ លេង​អាជីព​រកប្រាក់​ល្អិត​នេះ​ទៀត ទើប​គេ​មិនដែល​ឃើញ​នាង​ពេជ្រ សូលី​កា កាន់​ក្បាល​មីក្រូ ឡើង​បញ្ចោ​ញ​រាង​លើ​ឆាក​តន្ត្រី​ទៀតឡើយ ហើយ​ស្រី​ស្អាត​រូបនេះ​តែង​ប្រកាសថា ឈប់​ពី​សិល្បៈ​ហើយ និង​ជួនកាល​ថា នឹង​វិល​វិញ​ហើយ​ការនិយាយ​ត្រឡប់ត្រឡិន​បែបនេះ មិនដឹងថា មួយណា​ឲ្យ​ប្រាកដ​ទេ ទើប​អ្នកខ្លះ​អស់ជំនឿ​លើ​នាង​ពេជ្រ សូលី​កា តែម្តង​។​

 

​គួររម្លឹកថា ពេជ្រ សូលី​កា អំឡុងពេល​ច្រៀង​នៅ​ផលិតកម្ម ស្រី​ស្រស់​ទងវង នេះ​ជិះឡាន​អា​ថ្លៃ Lexus LS 460 ពណ៌​ទឹកសមុទ្រ តម្លៃ​១១​ម៉ឺន​ដុល្លារ ធ្វើ​ឲ្យ​តារា​រួម​អាជីព​បាន បើកភ្នែក​ធំៗ តែ​គ្រប់គ្នា​ខ្សឹបខ្សៀវ​គ្នា គឺ​គូស្នេហ៍​នាង​ជា​អ្នក​នៅ​ពីក្រោយ​ភាព​ហ៊ឺហា​ឡូយឆាយ​នេះ​។ ប៉ុន្តែ​អំឡុង​ពេលដែល ពេជ្រ សូលី​កា ផ្តាច់ខ្លួន​ពី​អាជីព​ចម្រៀង​ជិត​២​ឆ្នាំនេះ គេ​មិនដែល ឃើញ​ស្រី​ស្រស់​ទងវង​ជិះឡាន​ទំនើប​នោះ​ទៀត គឺ​ជិះ​តែ Lexus RX 300 ពណ៌​ស កញ្ចាស់ តម្លៃ​មិន​ដល់​១​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ទើប​នាំ​ឲ្យ​មាន​ពាក្យ​ខ្សឹបខ្សៀវ​ថា ពេជ្រ សូលី​កា ឥឡូវ​ធ្លាក់​កាលី​ប ហើយ​មិន​ដូច​មុន​ទេ ជិះឡាន​សាមញ្ញ​ហ្នឹង មិន​សមជា​ជំទាវ​សោះ​…​។​

 

​តាម​ប្រភពពី​តារា​រួម​អាជីព​បាន​ខ្សឹប​ប្រាប់ថា ពេជ្រ សូលី​កា នៅតែ​សម្ងំ​រស់នៅ​វីឡា​ដ៏​ប្រណីត តម្លៃ​ជិត​១​លាន​ដុល្លារ ក្បែរ​វិទ្យាល័យ​ឥន្ទ្រ​ទេវី នោះ​ដដែល​ទេ ហើយ​យូរៗ​គេ​ឃើញ​នាង​ជិះឡាន​ចេញ​ម្តង មិនមាន​កង​អង្គរក្ស​ការពារ​ឆ្វេង​ស្តាំ​អី​ទេ សូម្បីតែ​ឡាន​ក៏​មិនសូវ​ទំនើប ដូច​មុន​ដែរ ហើយ​សូលី​កា ពេលនេះ​គីឡូ​នៅតែ​មិនទាន់​ស្រក​ចុះ នៅឡើយ ធ្វើ​ឲ្យ​ស្រី​ស្អាត​ឡើង​ចង់​ខូច​រាង​អស់ រហូតដល់​អ្នកខ្លះ​សង្ស័យថា នាង​មាន​ផ្ទៃពោះ​ទៀតផង​តែ​ម្តាយ​នាង​បាន​ខឹង​ជាខ្លាំង ព្រមទាំង​បាន​ច្រានចោល​ដំណឹង​នេះ​។​

 

​ពេជ្រ សូលី​កា ឬ គង់ ស្រី​ពេជ្រ បើ​មិន​ប្រញាប់​វិល​ចូល សិល្បៈ​ចម្រៀង​ទេ ច្បាស់​ជា​ឈ្មោះ​នាង​អាច​ត្រូវបាន​គេ​បំភ្លេច ជាមិនខាន ព្រោះតែ​តារាចម្រៀង​គីឡូ​ប្រហាក់ប្រហែលគ្នា​មាន ទេព បូ​ព្រឹក្ស​, យូ​រី​, អ៊ី​វ៉ា កំពុង​តែមាន​សន្ទុះ​ល្អ​នៅ​ឆ្នាំនេះ​ទៅវិញ​។

 

​យ៉ាងណាមិញ​ថ្មីៗ​នេះ ក្នុង Accuont Facebook របស់​តារាចម្រៀង ពេជ្រ សូលី​កា ត្រូវបាន​គេ​ប្រទះឃើញ​សារ ដ៏​គួ​ឲ្យ​ភ្ញាក់ផ្អើល​ថា «​រស់នៅ​ជាមួយគ្នា​២​ឆ្នាំ បានត្រឹមតែ​ឈឺចាប់ រង​ការ​មាក់ងាយ ប្រច័ណ្ឌ​ឥត​ស្រាកស្រាន្ត តាមដាន​ឥតឈប់ឈរ សូម្បីតែ​ឡាន​មួយគ្រឿង ក៏ត្រូវ​ដកហូត​វិញ​ដែរ​..» ។ ភ្ជាប់​ជាមួយ​សារ ខ្លី​តែមាន​ន័យ​ជ្រៅ អាច​ស្ដាប់​បាន​នេះ ក៏មាន​ដាក់​រូប​របស់​ម្នាក់ ជា​មន្ត្រី​យោធា មាន​ឋានៈ​ធំ ដែល​គេ​ស្គាល់​ថា ឈ្មោះ សៀ សម្បត្តិ ។​

 

​តាមរយៈ​សារ​ខ្លី តែ​មានន័យ​យ៉ាងច្បាស់​នេះ បានបង្ហាញ​ឲ្យ​ឃើញថា ការពិត​ដែល ពេជ្រ សូលី​កា ខំប្រឹង​លាក់បាំង​ពី​ក្រសែភ្នែក​មហាជន អស់​រយៈពេល​២​ឆ្នាំ​នោះ ត្រូវបាន​ផ្ទុះឡើង ព្រោះតែ​គំនាប​ស្នេហា ធ្វើ​ឲ្យ​នាង​ទ្រាំ​នឹង​ការឈឺចាប់​លែង​បាន ជាពិសេស​គឺ​ការ​ទ្រាំ​រស់នៅ ក្នុង​ភាព​គេ​ពេបជ្រាយ​គ្រប់ពេល ការ​ប្រច័ណ្ឌ និង​ការ​បំបិទ​សិទ្ធិសេរីភាព ជាដើម​៕

22-7-2015

 

Leave a Reply

(*) Required, Your email will not be published