ខេត្តកំពង់ឆ្នាំង : យុវសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងម្នាក់ បានប្តឹងលោកអធិការ ស្រុកកំពង់ត្រឡាច ឈ្មោះ ហ៊ុល វាសនា ហៅ ជ្រុយ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវរហូតបានសម្រេចកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រឡាច។
ប្រភពព័ត៌មានពីក្រុមគ្រួសារនារីរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះ អាយុ ១៩ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្នាក់នៅផ្ទះជួល ម្តាយឈ្មោះ ឌី ឡៃហេង និងឪពុកឈ្មោះ ពិន សុផាត មានទីលំនៅភូមិគជ្រុំ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
យោងតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា ដើមហេតុនៃការទំនាក់ទំនងនេះ កើតចេញតាមរយៈទូរសព្ទនៅក្នុងពិធីដង្ហែក្បួន ទិវាប្រឆាំងគ្រឿងញៀន ហើយដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ លោកអធិការបានហៅនាង មកហូបបាយថ្ងៃត្រង់ នៅពេលនោះ។ ក្រោយមកក៏មានការលូងលោម ដោយឲ្យម៉ូតូមួយគ្រឿង ជិះសម្រាប់ទៅរៀន រួមនិងសម្ភារៈមួយចំនួនផងដែរដោយមានបញ្ហានឹងគ្នា ក្មេងស្រីរងគ្រោះ បានឲ្យប្អូនជិះម៉ូតូយកទៅឲ្យលោកអធិការស្រុកវិញ។
លុះដល់ថ្ងៃទី១១ ខែក្កដា ឆ្នាំ២០១៥ ដែលជាថ្ងៃកើតហេតុ លោកអធិការនគរបាលស្រុក បានទូរស័ព្ទឲ្យមកយកម៉ូតូជិះម្តងទៀត វាចំពេលដែលជីដូនរបស់នាងឈឺ នៅឯស្រុកនាងក៏ដាច់ចិត្ត ជិះម៉ូតូឌុបទៅយកម្នាក់ឯង។ ពេលទៅដល់លោកអធិការនគរបាលស្រុក បានប្រើនាងឲ្យចូលយកទូរស័ព្ទនៅក្នុងបន្ទប់ ភ្លាមនោះលោកអធិការ បានចូលតាមក្រោយ រួចទាញទ្វារបិទ ហើយចាប់ឱបពីក្រោយ យកដៃខ្ទប់មាត់រុញទៅលើគ្រែ គាត់ថា ស្រឡាញ់នាងតែនាងបានប្រកែកថា លោកពូមានប្រពន្ធហើយ ភ្លាមនោះលោកអធិការបានយកអាវុធខ្លី ភ្ជង់ ហើយវាយនឹងអាវុធ ចំលើថ្ងាស និងទះកំផ្លៀងនាង២ដៃ បើហ៊ានប្រាប់គេ គាត់នឹងបាញ់ទាំងគ្រួសារ។
យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៩និង៣០ នាទី លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច និងត្រូវឪពុកមា លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានច្រានចោល ការចោទប្រកាន់ថា វាមិនមានករណីដូចការចោទប្រកាន់រំលោភនាងឡើយ និងមិនបានវាយលើរូបនាង និងកាំភ្លើង។ ក្នុងនោះលោកអធិការនគរបាល ស្រុកកំពង់ត្រឡាច បានបញ្ជាក់បន្ថែមថា លោកបានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ហើយការទំនាក់ទំនង គឺមានរយៈពេលជាង១ខែ រហូតនាង បានចេញចូលកន្លែងធ្វើការ របស់លោក ហើយថែមទាំង បានធ្វើការស្បថស្បែនិងគ្នា ដោយលោកអធិការបានបញ្ជាក់ថា ការរស់នៅជាមួយគ្នាសឹងដូចជាប្តីប្រពន្ធទៅហើយ មិនគួរណាកើតមានរឿងអីចឹងសោះ។
នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ លោក ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត បានប្រាប់ឲ្យដឹងថា លោកពិតជាបាន ទទួលពាក្យបណ្តឹង របស់ជនរងគ្រោះមែន និងបានឲ្យជំនាញពាក់ព័ន្ធ នៃស្នងការខេត្ត ធ្វើការសាកសួរ ទៅជនរងគ្រោះ និងបានធ្វើកំណត់ហេតុបន្ទាន់ ស្តីពីបណ្តឹងខាងលើនេះ ហើយក៏បានរាយការណ៍ ជូនទៅលោក អភិបាលខេត្ត និងក្រសួងមហាផ្ទៃ រួចហើយ ដើម្បីស្នើសុំបើកការស៊ើបអង្កេត លើករណីនេះ ហើយលោកបានបន្ថែមថា លោកបានរាយការណ៍ ជូនថ្នាក់លើមួយជំហានរួចហើយ លោកស្នងការថា បុគ្គលណាប្រព្រឹត្ត គឺត្រូវទទួលទោសតាមផ្លូវច្បាប់ បើការស៊ើបអង្កេតទៅ ពិតជាដូចបណ្តឹង របស់ជនរងគ្រោះមែន។
ចំណែកមន្ត្រីសម្របសម្រួល របស់អង្គការអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា បានបញ្ជាក់ឲ្យដឹងថា លោកក៏បានទទួល នូវពាក្យបណ្តឹងផ្ទាល់មាត់ របស់ជនរងគ្រោះ ឈ្មោះ យសភ នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ហើយលោកនិងរកមេធាវី ឲ្យជនរងគ្រោះ ដើម្បីការពារក្តីនេះ និងថែមទាំងជួយរៀបចំ ពាក្យបណ្តឹងទៅកាន់លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង និងក្រសួងមហាផ្ទៃ ផងដែរដើម្បី សុំឲ្យផ្តល់ ភាពយុត្តិធម៌ដល់រូបនាង។បច្ចុប្បន្ននេះ ក្មេងស្រីរងគ្រោះ ដែលជាសិស្ស មានការភ័យខ្លាចយ៉ាងខ្លាំង ពីសុវត្ថិភាព សន្តិសុខផ្ទាល់ខ្លួន ក៏ដូចក្រុមគ្រួសាររបស់នាង ពីព្រោះលោកអធិការ ហ៊ុល វាសនា ធ្លាប់បានគំរាមក្រោយពេល ធ្វើការំលោភនាងរួចហើយថា បើហ៊ានតែធ្វើឲ្យ បែកធ្លាយរឿងនេះ ឬក៏ធ្វើការប្តឹងរូបខ្លួន និងបាញ់សម្លាប់ចោល ទាំងក្រុមគ្រួសារ រូមទាំងរូបនាងផងដែរ នេះបានពិតជាសាហាវមែន៕