ខេត្តកណ្តាល : យុវជនម្នាក់ បានក្លាយជាជនល្មើស ត្រូវតុលាការខេត្តកណ្តាលផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬរំលោភសេពសន្ថវៈតាមមាត្រា២០៥នៃក្រមព្រហ្មទណ្ឌ។
នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ លោកស្រី ចាន់ ម៉ាឌីណា ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមតុលាការថ្នាក់ក្រោមទុកជាបានការដដែល។ យុវជនរូបនេះឈ្មោះ ធឿន នី អាយុ២៣ឆ្នាំ ជាកសិករ។ ចំណែកជនរងគ្រោះឈ្មោះ ផន ស្រីនាង អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រ។
គួររម្លឹកថា ហេតុការណ៍ឃាតកម្មដ៏ព្រៃផ្សៃនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចខាងក្រោយភូមិគោល ឃុំឈ្វាំង ស្រុកពញាឮ។ លុះព្រឹកឡើងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ គេប្រទះឃើញសពនារីរងគ្រោះ ដោយឃាតកកាច់មែកឈើ និងស្លៀកខោពីមុខទៅក្រោយ ពីក្រោយមកមុខ របៀបប្រញាប់ប្រញាល់។ ការរកឃើញសពនារីរងគ្រោះ គឺដំបូងប្រទះឃើញខោក្នុង២នៅលើមែកឈើដែលគេស្គាល់ ទើបមានការរុករកក៏ប្រទះឃើញសព។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះ និងជនល្មើស ពីមុនធ្លាប់ស្រឡាញ់គ្នា និងឲ្យចាស់ទុំចូលស្ដីដណ្ដឹងភ្ជាប់ពាក្យនឹងគ្នា តែបានប្រមាណ៣ខែក្រោយមក ចាស់ទុំខាងស្រីផ្ដាច់ពាក្យវិញ ដែលគ្មានប្រភពណាអះអាងពីមូលហេតុបែបណាទេ។ ទោះបីជាបែបណាក្តី រវាងនារីរងគ្រោះ និងឃាតក នៅតែទាក់ទងគ្នាដដែលតែមិនផ្អែមល្ហែមដូចមុនទេ។ ដោយសារការផ្ដាច់ពាក្យពីចាស់ទុំ ទើបជនល្មើសរកឱកាសល្បួងនារីរងគ្រោះនាំយកទៅរំលោភនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចខាងក្រោយភូមិ ខណៈដែលមានពិធីបុណ្យដារលាន។
ប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារតែព្រឹកឡើង គេប្រទះឃើញសពនារីរងគ្រោះ ហើយមានសមត្ថកិច្ចច្រើនទៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវទំនងជា ធឿន នី ភិតភ័យពីអំពើរបស់ខ្លួន ខ្លាចលាក់មិនជិតរហូតដល់ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ក៏លេបថ្នាំប៉ងសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចក៏បែកការណ៍ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ និងរួចផុតពីសេចក្ដីស្លាប់ តែគេចមិនផុតពីសំណាញ់ច្បាប់ឡើយ៕