រាជធានីភ្នំពេញ : ពិធីភ្ជាប់ពាក្យនៅភូមិគ្រឹះមួយកន្លែងត្រូវបានអាក់ខាន ដោយសារបងប្រុសរបស់ខាងភាគីកូនក្រមុំ យកសោមកចាក់របងទ្វារដោយអះអាងថា សាមីកូនកំលោះធ្លាប់មានប្រពន្ធ និងកូន ដោយមិនទាន់លែងលះគ្នាដាច់ស្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិគ្រឹះខាងស្រីតាមបណ្តោយផ្លូវឧកញ៉ាម៉ុងប្ញទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បងប្រុសកូនក្រមុំដែលមកអុកឡុកនោះឈ្មោះ ប៉ែន រិទ្ធី អាយុជាង៤០ឆ្នាំ ដោយពេលនេះត្រូវបានអាជ្ញាធរមូលដ្ឋានហៅទៅដោះស្រាយនៅសង្កាត់ភ្នំពេញថ្មី។ ចំណែកឯកូនកំលោះឈ្មោះ ឡេង ប៊ុនឡុង អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី និងកូនក្រមុំឈ្មោះ ចាន់ រ័ត្ននា អាយុ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។
ប្រភពដដែលបានបន្តទៀតថា ភាគីខាងប្រុស និងភាគីខាងស្រី បានព្រមព្រៀងគ្នារួចរាល់អស់ទៅហើយដោយកំណត់ថ្ងៃភ្ជាប់ពាក្យនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៥ នេះ ព្រមទាំងមានការសង់រោងរួចរាល់ទៀតផងនៅក្នុងបរិវេណផ្ទះខាងស្រី។ ស្រាប់តែនៅវេលាម៉ោងប្រមាណ៦ព្រឹក ខណៈដែលភាគីខាងកូនកំលោះនាំយកគ្រឿងបណ្តារការសម្រាប់ភ្ជាប់ពាក្យមកដល់ខាងមុខផ្ទះកូនស្រី ស្រាប់តែបងប្រុសខាងកូនស្រី យកច្រវ៉ាក់មកចាក់សោរទ្វាររបងមិនអនុញ្ញាតឲ្យខាងកូនប្រុសចូលនោះឡើយ រហូតដល់មានការជួយអន្តរាគមន៍ពីសមត្ថកិច្ច។
ចំណែកប្រភពពីបងប្រុស កូនក្រមុំបានបញ្ជាក់ថា តាមពិតខ្លួនមិនហាមឃាត់មិនឲ្យពួកគេរៀបការនោះទេ តែដោយសារគាត់បារម្ភពីប្អូនស្រី ខណៈដែលគាត់ដឹងថា ប្រវត្តិកូនលោះមិនសូវល្អ ដោយចង់សុំពន្យារពេល៣ខែទៀត ដើម្បីរង់ចាំស៊ើបសួរពីប្រវត្តិកូនកំលោះឲ្យបានច្បាស់លាស់សិន ព្រោះកូនកំលោះធ្លាប់មានប្រពន្ធកូនរួចហើយ។
តែយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់ភាគីខាងកូនកម្លោះថា កូនប្រុសនោះគឺបានលះលែងប្រពន្ធរួចហើយ ដោយមានទាំងសាលក្រមស្ថាពរទៀតផង៕