ខេត្តកណ្តាល : ឥទ្ធិពលនៃភ្លើងប្រច័ណ្ឌ បានធ្វើឲ្យស្ត្រីម្នាក់គិតខ្លី សម្រេចផឹកថ្នាំពុលធ្វើអត្តឃាតខ្លួនកាលពីវេលាម៉ោង២២និង៣០នាទី យប់ថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៥ នៅចំណុចផ្ទះជួលក្រុមហ៊ុន 7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យកំណើតថ្មីដឹងថា ជនរងគ្រោះមានឈ្មោះ រី ធីតា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរកម្មកររោងចក្រ និងប្ដីឈ្មោះ ចន្នី នូរ៉ា អាយុ២៥ឆ្នាំ។
ប្រភពសដដែលបានបន្តទៀតថា រយៈពេលជាច្រើនខែកន្លងមកហើយ ជនរងគ្រោះ និងប្តី បានទៅជួលផ្ទះនៅក្រុមហ៊ុន7.N.G ស្នាក់នៅធ្វើជាកម្មកររោងចក្រកាត់ដេរ។ ជារឿយជនរងគ្រោះឧស្សាហ៍ឈ្លោះជាមួយប្ដី ព្រោះតែប្រចណ្ឌ។ លុះដល់ថ្ងៃកើតហេតុ ប្ដីបានឡើងមកផ្ទះនៅភូមិព្រែកតាទេព ឃុំព្រែកលួង ចំណែកជនរងគ្រោះនៅធ្វើការ ហើយដល់ពេលយប់ ជនរងគ្រោះបានដេក នៅផ្ទះជួលម្នាក់ឯង បានយកថ្នាំសម្លាប់សត្វកណ្ដុរ។
ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើកោសល្យវិច្ច័យ ថាជនរងគ្រោះបានផឹកថ្នាំសម្លាប់ខ្លួនមែន ហើយសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី៕