រាជធានីភ្នំពេញ : ក្រោយពេលដែលតារាសម្ដែងវ័យក្មេងនាង គង់ សូនីតា បានទទួលចំណងស្នេហ៍ឥតខាន់ស្លាពីតារាសម្តែងលោក វ៉ាន់ រ៉ាវត្ថិ ដោយបន្សល់នូវតំណត់ឈាមជាកូនស្រី និងរស់នៅក្នុងនាមជាស្រីមានកូនស្រីម្នាក់ដែលគ្មានប្តី។ បន្ទាប់ពីការបែកធ្លាយនូវព័ត៌មានជុំវិញការផ្តាច់សម្ព័ន្ធភាព ស្នេហាក្រៅឆាករវាងតារាសម្តែង គង់ សូនីតា ជាមួយលោក វ៉ាន់ រ៉ាវត្ថិ ដោយសារតែការមិនព្រមទទួលស្គាល់យកកូនខ្លួនឯងនេះដែរគេក៏បានដឹងដែរថា បច្ចុប្បន្នតារាសម្តែង គង់ សូនីតា ហាក់មានយីអ៊ុនស្នេហ៍ឡើងវិញ ខណៈដែលមានបុរសអ្នកជំនួញក្រៅស្រុកពីរផ្សេងគ្នាកំពុងប្រជែងចង់ល្បងស្នេហ៍ ស្តួចយកបេះដូងរបស់អ្នកមេម៉ាយកូនមួយរូបនេះ។ ប៉ុន្តែផ្ទុយទៅវិញនាងបែរជាឆ្លើយបដិសេធ មិនទាន់ទទួលយកស្នេហានេះ។
អ្នកមេម៉ាយសាច់ខ្ចីវ័យ២២ឆ្នាំ គង់ សូនីតា បាននិយាយដោយលើកហេតុផលទៀតថា ខ្ញុំមិនទាន់បានគិតរឿងនេះទេ ដោយសារតែកន្លងមកធ្លាប់ជួបប្រទះនូវរឿងរ៉ាវឈឺចាប់ម្តងមកហើយ នេះព្រោះកាលនោះខ្ញុំខ្វះការគិតឲ្យបានដិតដល់ ទើបខ្ញុំមកស្រឡាញ់ប៉ះចំមនុស្សប្រុសអន់ចរិតបោកប្រាស់បែបនេះ។ ដូច្នេះមុននឹងខ្ញុំសម្រេចជ្រើសរើសយកនណាម្នាក់ជាថ្មីឡើងវិញ គឺត្រូវប្រើពេលវេលាមើលចិត្តគេឲ្យបានយូរសិន។
នាង គង់ សូនីតា បានបន្ថែមទៀត៖«ខ្ញុំនឹងខំប្រឹងចូលការងារសិល្បៈវិញ ដើម្បីកូនស្រីខ្ញុំ។ ខ្ញុំឈប់គិតពីមនុស្សម្នាក់នោះ(លោក វ៉ាន់ រ៉ាវត្ថិ) ទៀតហើយ។ ដើម្បីកូនស្រីខ្ញុំត្រូវធ្វើការងារចិញ្ចឹមកូន។ ខ្ញុំនឹងទទួលធ្វើការងារសិល្បៈវិញទាំងអស់ ពីព្រោះតាំងពីខ្ញុំត្រូវបុរសនោះចុះចោលខ្ញុំ ទុកឲ្យម្នាក់ឯងនិងបង្កើតកូនម្នាក់មក ខ្ញុំបានបាត់បង់កិត្តិយសនិងការងារខ្ញុំ។ ប៉ុន្តែមួយរយៈមានអ្នកគាំទ្រនិងមិត្តភ័ក្រជាច្រើនបានផ្តល់កម្លាំងចិត្តខ្ញុំ និងលើកទឹកចិត្តខ្ញុំឡើងវិញ ឲ្យធ្វើការងារសិល្បៈឈប់គិតរឿងសង្សារ ដែលបោះបង់ចោលនោះទេ។ ពេលខ្ញុំមើលមុខកូនស្រីម្តងៗខ្ញុំអាណិតកូនណាស់។ ខ្ញុំតស៊ូឡើងវិញ ដើម្បីកូន”។ ពេលនេះចូលសិល្បៈនាងព្រមទទួលថតនិងសម្តែងទាំងអស់ឡើងវិញ។
ក្រោយពីសម្រេចចិត្តចូលសិល្បៈវិញ កូនស្រីសំណព្វចិត្តរបស់ត្រូវបានម្តាយរបស់នាងយកមើលថែជំនួសនាង។ ក្រុមគ្រួសាររបស់នាងលើកទឹកចិត្តឲ្យធ្វើការងារឡើងវិញនិងឈប់ខូចចិត្ត ទៀតត្រូវតស៊ូដើម្បីកូនស្រីនាង។ តារាសម្តែងកូនមួយនាងគង់ សូនីតា បានបន្ថែមថា សព្វថ្ងៃជីវិតរបស់នាងនិងកូនហាក់មានភាពឯកកា និងកំសត់ខ្លាំងណាស់ ហើយមានពេលខ្លះនាងដេកសម្រក់ទឹកភ្នែកទៀតផង ព្រោះអាណិតកូន។ បទពិសោធរបស់នាង គង់ សូនីតា គឺជាមេរៀនមួយសម្រាប់ស្ត្រីទូទៅ កុំឲ្យរហស័ឡើងគ្រែជាមួយសង្សារ។ តែបើឡើងក៏ត្រូចចេះការពារខ្លួនផង កុំឲ្យខូចឈ្មោះដូចនាង គង់ សូនីតា បើទោះបីអាចថា នាងចង់បោក ឬចងជើងប្រុសរបស់នាងលោក វ៉ាន់ រ៉ាវត្ថិ ក៏ដោយ៕