ខេត្តកណ្តាល : បុរសម្នាក់ត្រូវបានត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ដែលស្ថិតនៅសាលាបឋមសិក្សាក្បាលជ្រោយ ស្ថិតក្នុងភូមិ ក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ថា ប៊ុនថន (ហៅ ដាវ ) អាយុ២៥ឆ្នាំ មុខរបរជាកម្មកររែងថ្ម មានស្រុកកំណើតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ចំណែកនារីរងគ្រោះ អាយុ ២២ឆ្នាំ មុខរបរលក់ដូរ ទីលំ(ផឹកកាហ្វេ) នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបន្តទៀតថា ដំបូងឡើយជនសង្ស័យបានមកធ្វើជាកម្មករធ្វើផ្លូវជាតិលេខ១១០ មានទីតាំងនៅសាលាឃុំ ឈើខ្មៅចាស់ ហើយឧស្សាហ៍ទៅផឹកកាហ្វេ នៅផ្ទះជនរងគ្រោះដែលជាអ្នកលក់។ ក្រោយមកពួកគេបាននិយាយទូរស័ព្ទទាក់ទងគ្នាលេងសើចញឹកញាប់ រហូតដល់រំលោភសេពសន្ថវៈបានសម្រេចចំនួន១លើក។ លុះដល់ថ្ងៃទី៧ ខែកក្កដា ឆ្នា២០១៥ ជនសង្ស័យបានលួងលោម នារីរងគ្រោះ ឲ្យទៅអង្គុយលេងនៅលើសាលារៀន ហើយក៏បានរំលោភ១លើកទៀត។
តាមការរៀបរាប់ពីម្តាយនារីរងគ្រោះបានបញ្ជាក់ថា ដោយមានការសង្ស័យចំពោះកូនស្រីដែលមិនព្រមចុះមកជួយលក់កាហ្វេ គាត់ក៏បានហៅធ្វើការសួរនាំ ទើបដឹងថាឈ្មោះ ថា ប៊ុនថន បានចាប់រំលោភកូនស្រីគាត់តែម្តង។ ទើបម្តាយជនរងគ្រោះ បានមកប្តឹងប៉ុស្តិ៍រដ្ឋបាល ដើម្បីចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី៕