ខេត្តស្វាយរៀង : បន្ទាប់ពីកិច្ចប្រជុំមួយ ដែលរៀបចំរវាងអាជ្ញាធរខេត្តស្វាយរៀង ជាមួយតំណាងរបស់លោក រៀល ខេមរិន្ទ្រ គឺលោក សុភ័ណ្ឌ ឡារី អតីតអ្នកសម្តែងវីដេអូ និងខារ៉ាអូខេ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ម្សិលមិញនេះ។ អាជ្ញាធរខេត្តស្វាយរៀង បានអនុញ្ញាតឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនាំមនុស្សតែ១០០នាក់ប៉ុណ្ណោះ ដើម្បីចុះមើលក៏ដូចជាពិនិត្យបង្គោលព្រំដែន កម្ពុជា-វៀតណាម លេខ២០២ និង ២០៣ នៅភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បន្ទាប់ពីលោក រៀល ខេមរិន្ទ្រ បានស្នើសុំទៅអាជ្ញាធរខេត្តស្វាយរៀង ដើម្បីដឹកនាំយុវជន និងពលរដ្ឋ ដឹកនាំយុវជន និងពលរដ្ឋចំនួន១០០០នាក់ទៅពិនិត្យមើលព្រំដែននៅចំណុចស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងនៅថ្ងៃទី១៩ ខែ កក្កដា ខាងមុខនេះ។ ប៉ុន្តែតំណាងរាស្ត្រថា មិនតាមការកំណត់របស់អាជ្ញាធរទេ ហើយនឹងធ្វើតាមគម្រោងដែលបានគ្រោងទុក។
យោងតាមកំណត់ហេតុនៃកិច្ចប្រជុំបានឲ្យដឹងថា អាជ្ញាធរខេត្តបានសម្រេចឲ្យ តំណាងរាស្ត្ររួមជាមួយនឹង ពលរដ្ឋតែ ១០០នាក់ប៉ុណ្ណោះ ចូលទៅដល់បង្គោលព្រំដែន ហើយសល់ប៉ុន្មានត្រូវឈប់នៅត្រង់ចំណុចដែលសមត្ថកិច្ចបានគូសទីតាំង ឲ្យឈរជើង ដែលមានចម្ងាយពីបង្គោល ព្រំដែនប្រមាណ៥០០ម៉ែត្រ។ កំណត់ហេតុ បន្តថាភាគីក្រុមការងារចង់បានចំនួនពលរដ្ឋ ចំនួន៥០០ នាក់ទៅពិនិត្យផ្ទាល់នៅចំណុច បង្គោលព្រំដែន ហើយចំណុចនេះនៅមិនទាន់ឯកភាពគ្នានៅឡើយ។
បើតាមកំណត់ហេតុនោះ អាជ្ញាធរហាមមិនឲ្យទៅពិនិត្យមើលកន្លែងផ្សេងទៀតឡើយ ហើយនៅ ពេលទៅមើលបង្គោលព្រំដែនហាមដាច់ខាតឡើងឈរលើបង្គោលព្រំដែន និងធ្វើ ឲ្យប៉ះពាល់ខូចខាតបង្គោលព្រំដែន ផលដំណាំកសិកម្ម ទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិផ្សេងៗរបស់ពលរដ្ឋនៅ តាមតំបន់ព្រំដែន។
នៅក្នុងកំណត់ហេតុដដែលនោះបានបញ្ជាក់បន្ថែមទៀតថា ពលរដ្ឋ មិនត្រូវយកទៅជាមួយនូវអាវុធ ដំបង និងឧបករណ៍ផ្សេងៗ ទៀតដែលអាចបង្កគ្រោះថ្នាក់ មិនត្រូវប្រើពាក្យសម្តីអសុរោះ ស្រែកឡូឡា ជេរប្រមាថ មើលងាយមើលថោក រើសអើងជាតិសាសន៍។ ក្រុមការងារត្រូវស្តាប់ការណែនាំរបស់សមត្ថកិច្ចឈរជើងនៅព្រំដែន ជាពិសេសមិនត្រូវឆ្លងចូលដីវៀតណាមជាដាច់ខាត។ បើគ្មានការអនុញ្ញាតពីសមត្ថកិច្ច ការពារ ព្រំដែនទាំងពីរ (កម្ពុជា-វៀតណាម) ក្នុងករណីនៅតែមានការឆ្លងចូលទៅខាងទឹកដីវៀតណាម មានបញ្ហាអ្វីកើតឡើងត្រូវទទួលខុសត្រូវដោយខ្លួនឯង អាជ្ញាធរ និងសមត្ថកិច្ចពុំទទួលខុសត្រូវឡើយ។ ការហាមឃាត់នេះ ដោយសារអាជ្ញាធរ ចង់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការពិនិត្យបង្គោលព្រំដែន ប្រព្រឹត្តទៅដោយរលូន និងបញ្ចៀស នូវអំពើហិង្សា។
លោក រស់ ផារិទ្ធ នាយករដ្ឋបាលខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា ក្នុងកិច្ចប្រជុំនេះមានការយោគយល់គ្នាច្រើន ដោយខាងលោក រៀល ខេមរិន្ទ្រ បានសម្រុះសម្រួលទាមទារ៥០០នាក់ ប៉ុន្តែយើងនៅតែប្រកាន់ជំហរអនុញ្ញាតិឲ្យតែ១០០នាក់។ លោកបញ្ជាក់ថា បើយើងអនុញ្ញាតិឲ្យទៅទាំង២០០០នាក់នោះខ្ទេចស្រូវគេអស់ហើយ។ ទោះជាយ៉ាងណាក៏លោកបានអះអាងថា ក្រៅពីចំនួនដែលអាជ្ញាធរ បានកំណត់ចំនួន១០០ នាក់នោះអ្នកផ្សេង ទៀតក៏ឲ្យទៅដែរ ប៉ុន្តែត្រូវតែមានគម្លាត ពីព្រំដែន ដែលអាជ្ញាធរបានកំណត់ទុកត្រឹម៥០០រយម៉ែត្រ ហើយខាងខេត្តនឹង រៀបចំកងកម្លាំងមានសមត្ថកិច្ច ដើម្បីការពារ សុវត្ថិភាព ដើម្បីជៀសវាងអំពើហិង្សាណាមួយកើតមានឡើង។
ចំណែកលោក រៀល ខេមរិន្ទ្រ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបញ្ជាក់កាលពីថ្ងៃរសៀលថ្ងៃទី ១៥ ខែកក្កដា ថា ជាលទ្ធផលនៃកិច្ចប្រជុំ អាជ្ញាធរខេត្តស្វាយរៀង បានអនុញ្ញាតឲ្យមនុស្សតែ៥០ ទៅ១០០ នាក់ប៉ុណ្ណោះចូល រួមតែយើងបានមានមនុស្សដល់ទៅ១៥០០ នាក់ទៅហើយ ដែលត្រូវទៅចូលរួមពិនិត្យបង្គោលព្រំដែនលេខ២០២ និង២០៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនោះ។
លោកបញ្ជាក់យ៉ាងផងដែរថា “ យើងនៅតែទៅ យើងមិនធ្វើតាមអ្វីដែលអាជ្ញាធរបានកំណត់នោះទេ ពីព្រោះយើងបានចំណាយ លុយកាក់ ហើយបងប្អូនចង់ទៅមើលដោយផ្ទាល់ភ្នែក មិនចង់មើលពីចម្ងាយនោះទេ បើមើលពីចម្ងាយ មើលតាមហ្វេសប៊ុកវិញ។ យើងកំណត់១០០០នាក់ ឥឡូវចូល ១៥០០នាក់ទៅហើយ”៕