រាជធានីភ្នំពេញ : ភាពឆោតល្ងង់មួយពេលរបស់អតីតឧកញ៉ា សុខ ប៊ុន ប្រើអំពើហិង្សាលើអតីតពិធីការិនីទូរទស្សន៍ កញ្ញាសាសា នេះ ទីបំផុតលិខិតសុំទោសជាសាធារណៈត្រូវបានចេញលិខិតបំភ្លឺ ដោយសុំការអធ្យាស្រ័យពីក្រុមគ្រួសារកញ្ញាសាសា និងបានប្រកាសលាឈប់ពីតំណែងក្រុមហ៊ុនដែលលោកគ្រប់គ្រង ព្រមទាំងងារឧកញ៉ាដែលលោកបានទទួល។
ក្នុងលិខិតបំភ្លឺរបស់អតីតឧកញ៉ា សុខ ប៊ុន ចេញផ្សាយនៅថ្ងៃអង្គារនេះឲ្យដឹងថា លោកសោកស្តាយចំពោះជម្លោះរវាង រូបលោក និងញ្ញាសាសាដែលបានកើតឡើងកាលពីថ្ងៃទី២ ខែកក្កដា និងបានបង្កឲ្យមានរបួសទាំងសងខាង។ លោកបន្តថាជម្លោះនោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កញ្ញាសាសា និងរូបលោកផ្ទាល់។ ក្នុងលិខិតនោះ លោក សុខ ប៊ុន បានប្រកាសជាសាធារណៈថាលោកសុំលាឈប់ពីប្រធានសមាគមវាយតម្លៃ អចលនវត្ថុ និងផ្ទេរសិទ្ធិទាំងស្រុកទៅឲ្យក្រុមប្រឹក្សាភិបាលវិញ។ លោក សុខ ប៊ុន ក៏បានប្រកាសលាឈប់ពីនាយកក្រុមហ៊ុនTEHO-SBG Development Co.,Ltd. ផងដែរ។ លោកក៏បានប្រកាសសុំលាឈប់ពីងារឧកញ៉ាផងដែរ។
យោងតាមលិខិតដដែល លោក សុខ ប៊ុន បានស្នើសុំចូលរួមជាវិភាគទានជួយព្យាបាលដល់កញ្ញាសាសាចំនួន ១សែនដុល្លារ និងបានស្នើសុំការយោគយល់ឈប់ប្រកាន់ និងមិនសងសឹកពីក្រុមគ្រួសាររបស់កញ្ញាសាសា។ លោកក៏បានប្រកាសសុំអធ្យាស្រ័យពីស្ថាប័នតុលាការ ដើម្បីទុកពេលឲ្យលោកព្យាបាលជំងឺស្ត្រេស ដែលលោអះអាងថាលោកមានជំងឺនេះធ្ងន់ធ្ងរ និងទុករាល់ការងារនីតិវិធីច្បាប់ជូនមេធាវីរបស់លោក។
គួរបញ្ជាក់ផងដែរ ឧកញ៉ា សុខ ប៊ុន គឺជាប្រធានក្រុមហ៊ុនTEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលត្រូវគេស្គាល់ថាជាម្ចាស់សណ្ឋាគារមួយកន្លែងចំណាយទុនអស់ កន្លះលានដុល្លារ និងបានបណ្តាក់ទុន៥០០លានដុល្លារ លើគម្រោងសាងសង់ក្រុងរណបនៅជ្រោយចង្វា។ លោកក៏គេស្គាល់ថាជាដៃមុខជំនួញធំដុំជាមួយក្រុមហ៊ុន ធំៗនៅក្នុងប្រទេសសិង្ហបុរីផងដែរ៕
ស្តាប់ហើយ អោយយោបល់ទាំអស់គ្នា !
Posted by Vannak Nara on Monday, 13 July 2015