៨​ខែ ជា​កំណត់​ដែល​ថៃ​ទុកពេល ដល់​ពលករ​ខុសច្បាប់​កម្ពុជា​បំពេញ​ឯកសារ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជាថ្មី​ម្តងទៀត​រដ្ឋាភិបាល​ថៃ​បានសម្រេច​ផ្តល់ឱកាស ជាថ្មី​ដោយ​ម្តងទៀត​ដល់​ពលករ​កម្ពុ​ជា​ចំណាកស្រុក​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ​រយៈពេល​៨​ខែ​បន្ថែមទៀត ដើម្បី​ឲ្យ​ពលករ​ចំណាកស្រុក​កម្ពុជា បំពេញ​សំណុំ​ឯកសារ​ជ្សេ​ងៗ ដើម្បី​ទទួលបាន​ភាពស្របច្បាប់​ក្នុងការ​បំពេញការងារ​នៅក្នុង​ប្រទេស​ថៃ​។ នេះ​បើតាម​ប្រសាសន៍​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៥​នៅក្នុង​ប្រទេស​ថៃ​។​

 

​លោក ហោ ណាំហុង បាន​បន្តទៀតថា រដ្ឋាភិបាល​ថៃ បានសម្រេច​ទុកពេល​៨​ខែ​ឲ្យ​ពលករ​កម្ពុជា ដែល​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ប្រមាណ​៥​ម៉ឺន​នាក់ ដោយ​ភាគី​ថៃ​យល់ព្រម​ពន្យារ​ថ្ងៃ​កំណត់​រហូតដល់​ខែមីនា ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​ពលករ​កម្ពុជា បំពេញ​សំណុំបែបបទ​ផ្សេងៗ ដើម្បី​ទទួលបាន​នូវ​ទិដ្ឋាការ​ការងារ​ស្របច្បាប់​។​

 

​យោងតាម​ប្រភពពី​ក្រសួង​ការងារ​ថៃ បាន​រាយការណ៍​មក​ថា មាន​ពលករ​បរទេស​ចូលមក​ធ្វើការ​ដោយ​ស្របច្បាប់​នៅក្នុង​ប្រទេស​ថៃ​ចំនួន​១ ៧០០ ០០០​នាក់​ក្នុងនោះ​មាន​ជនជាតិ​ភូមា​ចំនួន​១ ៣០០ ០០០​នាក់ និង​ពលករ​មកពី​កម្ពុជា​ចំនួន​៤០០ ០០០​នាក់​។ ចំណែក​ពលករ​ខុសច្បាប់​ទាំង​៣​ប្រទេស​ដែល​មកពី​ប្រទេស​ភូមា​មាន​ប្រមាណ​ជិត​១​លាន​នាក់ និង​មកពី​ប្រទេស​ឡាវ ជិត​១០​ម៉ឺន​នាក់ ហើយ​ដែល​ក្នុងនោះ​ពលករ​ខុសច្បាប់​ពី​កម្ពុជា​ពុំទាន់​មាន​តួលេខ​ពិតប្រាកដ​នោះទេ តែ​ប្រភព​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹងថា មាន​ប្រមាណ​៣០​ម៉ឺន​នាក់​។​

 

​គួររំលឹកថា​កាលពី​ឆ្នាំ​២០១៤​កន្លងទៅ ប្រទេស​ថៃ​ធ្លាប់បាន​ធ្វើការ​បណ្តេញ​ពលករ​ខុសច្បាប់​កម្ពុជា​ប្រមាណ​ជាង​១០ ម៉ឺន​នាក់​ឲ្យ​ចេញពី​ប្រទេស​របស់ខ្លួន​ក្នុង​គោលដៅ​រក្សា​សន្តិសុខ​នៅក្នុង​ប្រទេស​ខ្លួន អាជ្ញាធរ​ថៃ​គ្រោង​បញ្ជូន​ពលករ​ជនជាតិ​ភូមា ឡាវ កម្ពុជា ចំនួន​ប្រមាណ​ជាង​១​លាន​នាក់​ចេញពី​ប្រទេស​របស់ខ្លួន​ទៅកាន់​ប្រទេស​កំណើត​ពួកគេ​រៀងៗ​ខ្លួន​។ បើ​យោងតាម​អាជ្ញាធរ​ថៃ​ពលរដ្ឋ​ខ្មែរ​ជាង​២០​ម៉ឺន​នាក់​កំពុងធ្វើការ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​។​

 

​ពេលនោះ​មន្ត្រី​ទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ ក៏បាន​ស្នើ​ឲ្យ​មានការ​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​ឲ្យ​ចុះមក​ធ្វើលិខិត​ឆ្លងដែន​ជូន​ពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ​តែម្តង​។ ការដែល​ឲ្យ​ពលករ​កម្ពុជា​ចំនួន​ប្រមាណ​ជិត​២​សែន​នាក់​វិលត្រឡប់​ពី​ប្រទេស​ថៃ​ទៅធ្វើ​លិខិតឆ្លងដែន​នោះ​វា​ជាការ​លំបាក​ណាស់​ព្រោះ​ពលករ​កម្ពុជា​ត្រូវ​ចំណាយ​លុយកាក់ និង​ពេលវេលា ដូចនេះ​ការចាត់​បញ្ជូន​មន្ត្រី​ឲ្យ​មក​ធ្វើ​នៅក្នុង​ប្រទេស​ថៃ វា​ប្រសើរ​ជាង​ការដែល​ឲ្យ​ពលករ​ទៅធ្វើ​ដោយ​ខ្លួនឯង​។​

 

​បន្ទាប់ពី​មានការ​បណ្តេញ​ពលករ​ខុសច្បាប់​របស់​កម្ពុជា​ចេញពី​ប្រទេស​ថៃ​កាលពី​អំឡុង ខែឧសភា ឆ្នាំ​២០១៤​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ផ្តល់​លិខិតឆ្លងដែន​ជូន​ពលករ​កម្ពុជា ដែល​ចង់ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ក្នុងតម្លៃ​តែ​៤​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ដែល​៤​ដុល្លារ​នោះ គឺ​ថ្លៃ​រូបថត និង​បាន​បង្កើត​ការិយាល័យ​ធ្វើលិខិត​ឆ្លងដែន ជូន​ដល់​ពលករ​កម្ពុជា​នៅ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​កម្ពុជា​ក្នុង​ការចូលទៅ​ធ្វើការ​ដោយ​ស្របច្បាប់​នៅក្នុង​ប្រទេស​ថៃ​។ ក៏ប៉ុន្តែ​គេ​នៅតែ​សង្កេតឃើញ​មាន​ពលករ​ខុសច្បាប់​ក​ម្កុ​ជា​រាប់សែន​នាក់​នៅតែ​បន្តធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​លិខិតស្នាម​តាមច្បាប់ បើទោះបី​ត្រូវបាន​បញ្ជូន​ត្រឡប់មកវិញ​ពី​សំណាក់​អាជ្ញាធរ​ថៃ​ជា​ញឹកញាប់​ក៏ដោយ​៕

14-7-2015

 

Leave a Reply

(*) Required, Your email will not be published