ខេត្តសៀមរាប : ភ្នំបាខែង គឺជាភ្នំមួយកំពុងមានភាពពេញនិយមខ្លាំងណាស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គយគន់ និងទស្សនាសុរិយាអស្តង្គត។ នៅពេលដែលព្រះទិនករបន្ទាបកាយឆ្ងាយឯនាយជើងមេឃទាបប៉ប្រះព្រៃ មានក្រុមអ្នកទេសចរជាច្រើនបានប្រមូលផ្តុំគ្នាទៅអង្គុយរង់ចាំគយគន់ការយាងចូលក្រឡាបន្ទំរបស់ព្រះទិនករដោយមិនភ្លេចឡើយជាមួយនឹង ការថតរូបទុកជាអនុស្សាវរីយ៍ ដើម្បីអួតបង្ហាញមិត្តភក្តិ។
នៅលើភ្នំមានប្រាង្គប្រាសាទមួយដែលមានក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រឈ្មោះហៅថា ប្រាសាទភ្នំបាខែង។ បន្ទាប់ពីយើងធ្វើដំណើរទៅដល់ជើងភ្នំបាខែងហើយនោះ គឺអ្នកទេសចរត្រូវតែចំណាយពេលពី២០ ទៅ៣០នាទីទៀតក្នុងការឡើងទៅកាន់កំពូលភ្នំបាខែងដោយថ្មើរជើង ឬក៏ជិះដំរីដែលបម្រើសេវាដឹកជញ្ជូនហើយប្រសិនបើអ្នកបានអង្គុយលើយានដំរី ដែលយោលយោគចុះឡើង អ្នកអាចនឹងស្រមៃថាខ្លួនគឺជាអង្គក្សត្រា ក្សត្រិយ៍មួយអង្គ កំពុងយាងយាត្រាទៅលើវេហាស៍។ នៅពេលឡើងទៅដល់កំពូលភ្នំហើយនោះយើងនឹងមានអារម្មណ៍មួយថាហាក់បីដូចជាបានទៅដល់ឋានសួគ៌យ៉ាងដូច្នោះដែរ។
នៅកំពូលភ្នំបាខែង មានទេសភាពធម្មជាតិបញ្ចេញសម្រស់យ៉ាងស្រទន់ដែលអាចឲ្យអ្នកទេសចរប្រុសស្រីអង្គុយស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធជាមួយនឹងការគយគន់ព្រះសុរិយាអស្តង្គត មិនដាក់ភ្នែក។
អ្នកទេសចរតែងតែមានការអត់ធ្មត់ក្នុងការរង់ចាំទស្សនាថ្ងៃលិច ឯនាយជើងមេឃនៅលើកំពូលភ្នំបាខែងហើយកន្លែងនេះ (ភ្នំបាខែង) គឺជាតំបន់កម្សាន្តមួយនៅក្នុងខេត្តសៀមរាប ដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនមកទស្សនាសំណង់ប្រាសាទខ្មែរដ៏ល្អឯកនេះពិសេសការទស្សនាព្រះសុរិយាអស្តង្គតផងដែរ។
ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិដែលគេចាត់ទុកជាប្រាសាទភ្នំ មានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទភ្នំនេះ(ភ្នំបាខែង ស្ថិតនៅខាងឆ្វេងដៃ ប្រសិនបើលោកអ្នកធ្វើដំណើរចេញពីអង្គរតូចឆ្ពោះទៅអង្គរធំ ដោយប្រាសាទភ្នំបាខែងកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅក្នុងរាជព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) សម្រាប់គោរពព្រហ្មញ្ញសាសនា។ ភ្នំបាខែងមានកម្ពស់៦៥ម៉ែត្រ និងមានកំពូល១០៩ ប្រាសាទនេះតំណាងឲ្យឋានសួគ៌៧ជាន់របស់ព្រះឥន្ទ្រនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។
នៅក្បែរជណ្តើរឡើងទៅលើភ្នំបាខែងមានប្រាសាទទោសមួយឈ្មោះថា បក្សីចាំក្រុង។ នៅទីនោះភ្ញៀវទេសចរមកទស្សនាភ្នំបាខែងមិនត្រឹមតែបានគយគន់ទេសភាពថ្ងៃរៀបលិចនោះទេ គឺថែមទាំងបានទស្សនាសិក្សាស្វែងយល់ពីសំណង់ស្ថាបត្យកម្មប្រាសាទភ្នំបាខែង ថែមទៀតផងដោយប្រាសាទនេះពិតជាមានលក្ខណៈពិសេសណាស់ព្រោះប្រាង្គទាំង១០៨ មានលក្ខណៈតម្រៀបស្មើៗគ្នា គឺ១២ប្រាង្គនៅតាមថ្នាក់នីមួយៗទាំង៥ និង៤៤ប្រាង្គនៅជាន់ក្រោម និង៤ប្រាង្គ និងប្រាង្គធំកណ្តាលមួយនៅជាន់ខាងលើ ប៉ុន្តែសព្វថ្ងៃនេះមានប្រាង្គមួយចំនួនធំត្រូវបានរលំ។
បើតាមឯកសារដែលចងក្រងឡើងដោយលោក កែវ ភួង បានឲ្យដឹងថា រាល់ប្រាង្គទាំង១២នៅប្រាសាទបាខែងនៅតាមថ្នាក់នីមួយៗ គឺតំណាងឲ្យសត្វទាំង១២នៃវដ្តឆ្នាំ ហើយប្រាង្គទាំង១០៨នេះប្រហែលជានិមិត្តសញ្ញានៃចន្លោះពេលចន្ទគតិទាំង៤ដែលឃើញតែ៣៣ប្រាង្គប៉ុណ្ណោះនេះតំណាងឲ្យទេវតាទាំង៣៣នៅក្នុងព្រហ្មញ្ញសាសនា រីឯជណ្តើរឡើងប្រាសាទមានលក្ខណៈចោទខ្លាំងហើយនៅតាមជណ្តើរនៃថ្នាក់ទាំង៥មានតោឈរយាមផ្លូវ។
ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញដែលមានគោបុរៈ ក្រៅពីនេះមានកូនប្រាសាទនៅខាងជើងដែលមានតម្កល់លិង្គ២ និងមានបណ្ណាល័យ២ នៅលើភ្នំនេះមានព្រះបាទជាន់ទុកដែលស្ថិតនៅកណ្តាលនៃផ្លូវទៅកាន់ប្រាសាទ។
យោងតាមឯកសារដដែលបានបញ្ជាក់បន្ថែមថា នៅប្រាង្គកណ្តាលដើមឡើយមានតម្កល់លិង្គព្រះឥសូ។ ប្រាង្គនេះមានទ្វារចូលតាមទិសទាំង៤ ហើយប្រាង្គទាំង៤នៅជាន់ខាងលើក៏មានតម្កល់លិង្គព្រះឥសូរផងដែរ តែមានទ្វារចូលតែ២ទិសទេនៅប្រាង្គកណ្តាលមានចម្លាក់អប្សរា សិលាចារឹកមាននៅផ្នែកខាងលិចនៃទ្វារខាងជើងនៃប្រាសាទកណ្តាល។
ភ្នំបាខែង គឺស្ថិតនៅចំកណ្តាលទីក្រុងយសោធបុរៈ ត្រូវបានគេបញ្ជាក់ដោយការរកឃើញស្លាកស្នាមកំពែងចាស់របស់ទីក្រុងនៅចុងសតវត្សរ៍ទី៩ ដោយប្រាសាទបាខែង មានឈ្មោះដើមថា “យសោធបរៈគិរី” ក្រោយមកគេហៅថា ភ្នំកណ្តាលការហៅនេះប្រហែលជាគិតទៅលើការប្រៀបធៀបរវាងភ្នំបូក និងភ្នំក្រោម ហើយភ្នំបាខែង នេះនៅកណ្តាលគេបច្ចុប្បន្នគេហៅថាប្រាសាទភ្នំបាខែងដែលគេរកឈ្មោះ នេះឃើញជា លើកដំបូងនៅក្នុងសិលាចារឹករបស់ប្រាសាទនៅក្នុងសតវត្សរ៍ទី១៦។
ភ្នំបាខែងមិនត្រឹមតែជាកន្លែងសម្រាប់ទស្សនាថ្ងៃលិចរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិប៉ុណ្ណោះទេ គឺនៅលើកំពូលភ្នំបាខែងក៏នៅមានសំណង់ប្រាសាទបុរាណដែលបានបន្សល់ទុកពីស្នាដៃរបស់ស្ថាបត្យករខ្មែររាប់ជំនាន់មកហើយក្នុងលក្ខណៈបង្ហាញឲ្យឃើញពីភាពប៉ិនប្រសព្វមានក្បូរក្បាច់រចនាយ៉ាងរស់រវើក ដាប់ឆ្លាក់ជាប់នៅលើផ្ទាំងថ្មប្រាសាទគួរឲ្យស្ញប់ស្ញែងណាស់សម្រាប់អ្នកទេសចរដែលបានឡើងមកទស្សនាភ្នំបាខែងនោះ។
ប្រាសាទភ្នំបាខែងជាផ្នែកមួយនៃបណ្តាប្រាសាទដ៏អច្ឆរិយដែលជួយស្រូបទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ជាមួយនឹងប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ នូវភាពភាពអស្ចារ្យមួយក្នុងចំណោម ភាពអច្ឆរិយជាច្រើននៅលើទឹកដីខេត្តសៀមរាប ដែលជាអតីតរាជធានី នៃអាណាចក្រអង្គរដ៏មហារុងរឿង៕