សភា​អឺ​រុ​ប​គំរាម​ផ្តាច់ជំនួយ​ពី​កម្ពុជា​៧០០​លាន​ដុល្លារ ប្រសិន​កម្ពុជា​អនុម័ត​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​សហជីព​

, , Leave a comment

​រាជធានី​ភ្នំពេញ : សភា​អឺរ៉ុប​គំរាម​ផ្តាច់ជំនួយ​ពី​កម្ពុជា​រហូត ៧០០​លាន ដុល្លារ​អាម៉េរិក​សម្រាប់​ថវិកា​ប្រចាំឆ្នាំ​លើ​គម្រោង​អភិវឌ្ឍន៍​នានា បើ រាជរដ្ឋាភិបាល​មិន​ទម្លាក់ចោល​ច្បាប់​គ្រប់គ្រង​អង្គការ និង​ច្បាប់​សហជីព ខណៈ​សង្គម​ស៊ីវិល​កំពុងបើក​យុទ្ធនាការ​ប្រឆាំងនឹង​ច្បាប់​នេះ​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​សភា​អឺរ៉ុប​។​

 

​សភា​អឺរ៉ុប​បានប្រកាស​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៥ ថា​ការដែល​រាជរដ្ឋាភិបាល​កម្ពុជា​ព្យាយាម​អនុម័ត​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួមទាំង​ច្បាប់​សហជីព​ជាការ​គំរាមកំហែង​ដល់​ប្រតិបត្តិការ​មិនមែន​រដ្ឋាភិបាល​ដែល​ផ្តល់​សេវា​ដោយ​អន្តរជាតិ និង​ជាការ​បំបិទ​សិទ្ធិសេរីភាព​។​ឋ​ញត្តិ​របស់​សភា​អឺរ៉ុប​ដដែល​បាន​ថ្កោលទោស​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ពី​ការព្យាយាម​ធ្វើ​ច្បាប់​នេះ ដែល​សភា​អឺរ៉ុប​យល់ថា​ជា ច្បាប់ រឹតបន្តឹង​សេរីភាព​។​

 

​ស្ថាប័ន​ម្ចាស់ជំនួយ​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ម្លា​ក់​ចោល​ច្បាប់​ទាំងពីរ​នោះ​ដោយ​ព្រមាន​ថាបើ​ពុំ​នោះទេ​កម្ពុជា​នឹង​បាត់បង់​មូលនិធិ​គម្រោង​អភិវឌ្ឍន៍​ប្រចាំឆ្នាំ​ពី​៦០០ ទៅ​៧០០​លាន​ដុល្លារ​អាមេរិក ប្រសិនបើ​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​សហជីព ត្រូវ​រដ្ឋសភា អនុម័ត​មែន​នោះ​។​

 

​ប៉ុន្តែ​ការព្រមាន​នេះ​ត្រូវបាន​មន្ត្រី​អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ច្រានចោល​ដោយ​អះអាង​កម្ពុ​ជាមាន​អធិបតេយ្យ​ភាពមិន​ស្ថិតក្រោម​សម្ពាធ​នៃ​ប្រទេស​ណាមួយ​ឡើយ ហើយ​ការអនុម័ត​លើ​ច្បាប់​សមាគម និង​អង្គការ​សង្គម​ស៊ីវិល នឹង​ដំណើរការ​ទៅតាម​ការគ្រោងទុក​។​

 

​លោក ទិ​ត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ដំណើរការ​នៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​មានការ​ចូលរួម​នៅក្នុង​សិក្ខាសាលា​ដែលមាន​ទាំង​បណ្តា​អង្គការ​ជាតិ និង​អន្តរជាតិ និង​តំណាង​ទូត ជាច្រើន​ជា​សាក្សី ជា​ភស្តុតាង​ហើយ​បាន​ចូលរួម​យោបល់​យ៉ាងច្រើន​។ ហើយ​សេចក្តីព្រាងច្បាប់​នេះ មិនមែន​អាក្រក់​សម្រាប់​អង្គការ​មួយចំនួន ឬមួយ​ក៏​អ្នកនយោបាយ​ណា​នោះទេ គឺ​គ្រាន់តែ​ការបកស្រាយ​ខុស​ទៅលើ​អត្ថន័យ​ពិតប្រាកដ​នៃ​សេចក្តីព្រាងច្បាប់ ហើយ​ទៅជា​បំពុល​សាធារណៈមតិ​។​

 

​លោក​បាន​បន្តថា ដូច្នេះ​ដំណាក់កាល​ចុងក្រោយ​នេះ ការចេញ​ប្រតិកម្ម​ណាមួយ​របស់​សភា​អឺរ៉ុប ដែលថា នឹង​ផ្តាច់ជំនួយ​ដោយ​មានការ​បន្ទរ​សំឡេង​តាម​មេដឹកនាំ​បក្សប្រឆាំង​ខ្ញុំ​យល់ថា កម្ពុជា​គឺជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ ដូច្នេះ​មិនអាច​ប្រើប្រាស់​ឥទ្ធិពល​ណាមួយ​របស់ខ្លួន ដើម្បី​ដាក់​គំនាប​ទៅលើ​ការសម្រេចចិត្ត​របស់​អ្នកតំណាងរាស្ត្រ ហើយ​យកមក​ខ្ទាស់​នូវ​ច្បាប់​មួយ​ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស ឬក៏​ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ដូច្នេះ​ការ​មានច្បាប់​គឺជា​រឿង​ចាំបាច់​បំផុត​ពីព្រោះ ប្រទេស​នីតិរដ្ឋ គឺ​ចាំបាច់​ត្រូវមាន​ច្បាប់​។​

 

​ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​អនុម័ត​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បើទោះបីជា​សភា​អឺរ៉ុប​ព្រមាន​ផ្តាច់ជំនួយ​ពី​កម្ពុជា​ក៏ដោយ​។ លោក​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​អធិបតេយ្យ​របស់ខ្លួន​មិន​ស្ថិតនៅក្រោម​គំនាប​បរទេស​នោះទេ​។ សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បានកំណត់​ក្នុង​មាត្រា ១​ពី​គោលបំណង​នៃ​ច្បាប់​នេះ គឺ​ធានា​ការពារ​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់ខ្លួន និង​ការពារ​ផលប្រយោជន៍​សាធារណៈ​ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​រវាង​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​អាជ្ញាធរ​សាធារណៈ​។​

 

​ក្នុង​មាត្រា​២ បាន​កំណត់ថា​ច្បាប់​នេះ​មាន​គោលដៅ​កំណត់​បែបបទ​ទទួលស្គាល់​តាម​ផ្លូវច្បាប់​ដល់​សមាគម និង​អង្គការ មិនមែន​រដ្ឋាភិបាល ព្រមទាំង​កំណត់​ទំនាក់ទំនង​រវាង​ស​មាគ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​អាជ្ញាធរ​សាធារណៈ ដើម្បី​អភិវឌ្ឍ​សង្គម​កម្ពុជា​។ សេចក្តីព្រាងច្បាប់​ដដែល​ក៏បាន​កំណត់​ឲ្យ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាតិ និង​បរទេស ប្រាប់​ពី​ប្រភព​ម្ចាស់​ជំនួស​ព្រមទាំង​ត្រូវធ្វើ​របាយការណ៍​បូកសរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ ប្រចាំឆ្នាំ​បញ្ជូន​ទៅកាន់​ក្រសួងមហាផ្ទៃ​ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួងការបរទេស​។ ក្នុងនោះ​អង្គការ​សមាគម​ក្នុងស្រុក និង​បរទេស ក៏ត្រូវ​ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ ចំពោះ​គ្រប់​គណបក្សនយោបាយ​នៅ​កម្ពុជា​។​

 

​ក្រុមមន្ត្រី​សង្គម​ស៊ីវិល បាន​សម្ដែង​នៅ​ការព្រួយបារម្ភ​ថា​នៅ​មាត្រា​៥ មាត្រា​១០ មាត្រា​១៥ មាត្រា​២២ មាត្រា​៣០ និង​មាត្រា ៣២ នៃ​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល សុទ្ធតែជា​ការបារម្ភ​ខ្លាំង​ដែល​ក្នុងនោះ​មាត្រា​៣២​បានចែង​ពី​ការផាកពិន័យ​ធ្ងន់ធ្ងរ​ដល់​អង្គការ ឬ​សមាគម​ណា​ដែល​មិនបាន​បំពេញ​លក្ខខណ្ឌ​តាមច្បាប់​នោះ​ហើយ​ឈានទៅ​លុបឈ្មោះ​អង្គភាព​នោះ​ចោល​។​

 

​ទោះបី​មានប្រតិកម្ម​តបត​បែបណាក៏ដោយ​រដ្ឋ​សភាក​ម្ពុ​ជា​នៅតែ​បន្ត​ដាក់ចូល​ទៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់ខ្លួន​ដើម្បី​ពិភាក្សា និង​អនុម័ត​ទៅលើ​សេចក្តីព្រាង ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅថ្ងៃនេះ​ដូច​ការគ្រោងទុក​៕

European_flag_in_Karlskrona_2011

 

Leave a Reply

(*) Required, Your email will not be published