រាជធានីភ្នំពេញ : រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃបានសន្យាគ្នាថាមិនត្រូវធ្វើឲ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម ឬផលប្រយោជន៍ប្រទេសទាំងពីរនៅតំបន់ជាប់ព្រំដែនឡើយ ខណៈប្រទេសជិតខាងគ្នានេះគ្រោងជួបពិភាក្សា ពីការកំណត់ខ្សែបន្ទាត់ព្រំដែនដីគោល និងសមុទ្រនៅចុងឆ្នាំ២០១៥ នេះ។ ការឯកភាពគ្នានេះបានធ្វើឡើងនៅក្នុងឱកាសនៃជំនួបជួបពិភាក្សាការងារមួយរវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយនឹងលោកឧត្ដម សេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃនៅវិមានរដ្ឋាភិបាលរបស់ថៃ កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។
តាមប្រភពពីទូរទស្សន៍ក្នុងស្រុករបស់កម្ពុជាឲ្យដឹងថា ក្នុងជំនួបនោះភាគីទាំងពីរបានព្រមព្រៀងគ្នាថា នឹងជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងបើកច្រកព្រំដែនមួយចំនួនទៀតនៅជាប់ព្រំដែនកម្ពុជា ថៃ ដើម្បីទាក់ទាញចំណូលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សាដដែលបានឲ្យដឹងទៀតថា ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាឲ្យមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចង្អៀតចម្រុះនៃប្រទេសទាំងពីរជួបពិភាក្សាគ្នានៅចុងឆ្នាំ ២០១៥ នេះ ឬដើមឆ្នាំ២០១៦ តាមសំណើរបស់កម្ពុជា ដើម្បីពិភាក្សាពីការកំណត់ព្រំប្រទល់ដីគោក និងសមុទ្រ។
កន្លងទៅប្រទេសថៃធ្លាប់ដឹកនាំកម្លាំងទ័ពវាយលុកចូលទឹកដីកម្ពុជា ក្នុងតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា បន្ទាប់ពីប្រាសាទព្រះវិហាររបស់ខ្មែរត្រូវបានដាក់ បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨។ រហូតមកដល់ពេលនេះ ទៀតសាលក្រមរបស់តុលាការយុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ ប្រទេសថៃ ក៏មិនទាន់បានអនុវត្តតាមនៅឡើយដែរ ហើយប្រទេសកម្ពុជាក៏មិនទាន់ឃើញមានការ ចាត់វិធានការណាមួយផងដែរ។
ប្រភពបានឲ្យដឹងទៀតថា នៅក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃដែលបានយល់ព្រមប្រគល់វត្ថុបុរាណខ្មែរចំនួន១៦ដុំ ដែលឈ្មួញទុច្ចរិតលួចចេញពីកម្ពុជាកន្លងមកឲ្យកម្ពុជាវិញ។
ពាក់ព័ន្ធបញ្ហាពលករកម្ពុជាធ្វើការនៅ ក្នុងប្រទេសថៃភាគីទាំងពីរបានឯកភាពគ្នាថាក្រសួងការងារប្រទេសទាំងពីរគួរពិចារណាធ្វើយ៉ាងណាឲ្យមានការធានារ៉ាប់រង សុខភាពសម្រាប់ ពលករកម្ពុជាសម្រួលឲ្យពលករធ្វើការដោយស្របច្បាប់នៅថៃ និងការ បណ្ដុះបណ្ដាលឲ្យពលករមានជំនាញវិជ្ជាជីវៈ ព្រមទាំងជួយសម្រួលដល់ពលករតាមព្រំដែនដែលឆ្លងចូលមកធ្វើការតាមរដូវ និងប្រចាំថ្ងៃក្នុងប្រទេសថៃ។
ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការអភិវឌ្ឍកន្លែងណាដែលអាចធ្វើបានគួរធ្វើមុនដើម្បីផលប្រយោជន៍ប្រជាជនទាំងសងខាងដោយគ្រាន់តែបញ្ជាក់ថាការអភិវឌ្ឍនេះមិនប៉ះពាល់ដល់ការកំណត់ព្រំដែននៃប្រទេសទាំងពីរនាពេលអនាគតឡើយ។
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស : ជំរុញក្រុមការងារប្រទេសទាំងពីរពិភាក្សាលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឲ្យបានឆាប់រហ័សដើម្បីបង្កើនពាណិជ្ជកម្មនិងជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ។
ការបើកច្រកអន្តរជាតិស្ទឹងបត់ : គួរជំរុញឲ្យបានឆាប់តែក៏គួរគិតគូរការបើកច្រកនៅអូរនាងដើម្បីសម្រួលដល់ការឆ្លងកាត់ទំនិញដោយបច្ចុប្បន្នច្រកអន្តរជាតិប៉ោយប៉ែតមានការមមាញឹកខ្លាំងព្រោះមានរថយន្តដឹកទំនិញនិងទេសចរណ៍ធ្វើដំណើរឆ្លងកាត់ច្រើនព្រមទាំងបានការ ឯកភាពពិចារណាចំពោះការបើកច្រក អន្តរជាតិ៤ផ្សេងទៀត។
ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃសម្រេចបានចំនួនទឹកប្រាក់ជាង ៤ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៤។ តែក្នុងទំហំពាណិជ្ជកម្មនេះកម្ពុជាទទួលបានផលប្រយោជន៍តិចតួចប៉ុណ្ណោះ ដោយសារសមត្ថភាពផលិតរបស់កម្ពុជានៅមានកម្រិតទាបបំផុត។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មិនមានតុល្យភាពឡើយដោយក្នុងនោះកម្ពុជានាំចេញទំនិញទៅថៃតិចជាងថៃនាំចូលមកវិញប្រមាណ១០ដង។ របាយការណ៍របស់ស្ថានទូតថៃប្រចាំកម្ពុជាបានបង្ហាញថាទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ប្រមាណ៤ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០១៤តែការនាំចេញរបស់កម្ពុជាទៅប្រទេសថៃវិញមានទំហំប្រមាណជាង ៣០០លានដុល្លារអាម៉េរិកប៉ុណ្ណោះក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថាតបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ ថាណាសក្តិ ប៉ាទិម៉ាប្រាកន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេសនៃព្រះរាជាណាចក្រថៃ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជារួមមានៈលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែន,លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ,លោក ឡុង វិសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៥៕