ខេត្តក្រចេះ ៖ កាលពីវេលាម៉ោងជិត១២យប់ ថ្ងៃទី១១ ខែកក្កដា នៅចំណុចមុខសាលា SOS ក្នុងភូមិ ស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ មានករណីគ្រោះថ្នាក់ចររាចរមួយកើតឡើងគឺរថយន្ត NISSAN
ក្រុមហ៊ុនស្រាបៀរ GANZBERG បុកជាមួយរថយន្តម៉ាក LANDCRUISER រងរបួសធ្ងន់២នាក់ និង ម្នាក់រត់គេចខ្លួនបាត់ស្រមោល។
មន្រ្តីនគរបាលចរាចរក្រុងក្រចេះបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តក្រុមហ៊ុនស្រាបៀរ GANZBERGបានបើកបរពីកើតទៅលិច ក្នុងល្បឿនលឿនហើយអ្នកបើកបរទំនងស្រវឹងស្រាជោកជាំ ។លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូត ទៅបុកជាមួយនិងរថយន្តម៉ាក LANDCRUISER ដែលកំពុង បើកបរ ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្តាល អោយរងរបួសធ្ងន់ពីរនាក់គឺធ្ងន់ ១.ឈ្មោះ សុខ ម៉ារិន អាយុ៣៥ឆ្នាំ មានទីលំនៅ ក្រុងភ្នំពេញ ជាអ្នកបើកបររថយន្តម៉ាក NISSAN ពាក់ស្លាកលេខ ភ្នំពេញ 2AB-1534 របស់ក្រុមហ៊ុនស្របៀរ GANZBERG និងម្នាក់ទៀតជា បុគ្គលិកក្រុមហ៊ុន ឈ្មោះ តាំង ពៅ រស់នៅខេត្តកំពង់ចាម ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្របង្អែកខេត្ត។ចំណែកអ្នកបើកបរ រថយន្តម៉ាកLANDCRUISER ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2I-4716 បានរត់គេចខ្លួនបាត់។ ដោយឡែករថយន្តទាំង២គ្រឿង កម្លាំងនគរបាលចរាចរនាំមករក្សាទុក នៅស្នងការរដ្ឋាននគរបាលខេត្ត រង់ចាំការដោះស្រាយតាមច្បាប់ ៕ ដោយ ចែងចាំង