រាជធានីភ្នំពេញ : លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រមណ្ឌលស្វាយរៀងរបស់គណបក្សសង្គ្រោះជាតិ គ្រោងចុះទៅពិនិត្យមើលព្រំដែនលេខ២០២ និ២០៣ ដែលស្ថិតនៅ ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខ ហើយការចុះទៅពិនិត្យមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម នាពេលនោះលោក រៀល ខេមរិន្ទ្រ ក៏បានអញ្ជើញលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនទៅជាមួយផងដែរ។ នេះបើតាមលិខិតចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៥។
ឆ្លើយតបទៅនឹងលិខិតអញ្ជើញនេះលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ដោយខ្លីនៅក្រោយពេលចប់កិច្ចប្រជុំជាមួយភាគីវៀតណាមកាលពីម្សិលមិញថា លោកនឹងមិនទៅពិនិត្យបង្គោលព្រំដែននោះទេ។
នៅក្នុងលិខិតអញ្ជើញលោក វ៉ា គឹមហុង ដែលទើបទទួលបានលោក រៀល ខេមរិន្ទ្រ បានបញ្ជាក់ថា “ខ្ញុំ រៀល ខេមរិន្ទ្រ តំណាងរាស្ត្រមណ្ឌលស្វាយរៀង សូមគោរពអញ្ជើញឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង មេត្តាអញ្ជើញចូលរួមចុះទៅពិនិត្យបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ២០២ និង ២០៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខតាមការស្នើសុំរបស់ប្រជាពលរដ្ឋខ្មែរ យុវជន ព្រះសង្ឃ នៅភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ដោយឡែកតាមលិខិតស្នើសុំទៅអភិបាលខេត្តស្វាយរៀងរបស់លោក រៀល ខេមរិន្ទ្រ បានឲ្យដឹងដែរថា តាមការស្នើសុំរបស់ ពលរដ្ឋ យុវជន យុវតី និងព្រះសង្ឃ ខ្មែរជាច្រើន ឲ្យលោកជាអ្នកតំណាងរាស្ត្រចុះទៅពិនិត្យមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ២០២ និ២០៣ ដែលស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ តាមលោក រៀល ខេមរិន្ទ្រ បញ្ជាក់ថា ដំណើរទៅពិនិត្យបង្គោលព្រំដែននាពេលនេះ លោកនឹងអញ្ជើញតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា រួមទាំងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀតទៅជាមួយផងដែរ ហើយការធ្វើដំណើរទៅពិនិត្យព្រំដែនលើកក្រោយនេះជាការស្នើឡើងរបស់ ពលរដ្ឋនិងអាចមានអ្នកចូលរួមជាង១០០០នាក់ រួមមានព្រះសង្ឃ សិស្ស និស្សិត និងពលរដ្ឋ។
នាពេលនោះដែរ លោក រៀល ខេមរិន្ទ្រ បាននិយាយថា លោកនឹងទៅពិនិត្យព្រំដែននោះដដែលជាមួយនឹងពលរដ្ឋទៅតាមការគ្រោងទុក បើទោះជា លោក វ៉ា គឹមហុង បដិសេធការអញ្ជើញនោះក៏ដោយ។
សូមបញ្ជាក់ថា ការចេញដំណើរនឹងធ្វើឡើងនៅទីលានប្រជាធិបតេយ្យនាវេលា ម៉ោង៥ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ហើយទាក់ទងបញ្ហានេះ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ លោក រៀល ខេមរិន្ទ្រ បានដឹកនាំព្រះសង្ឃ និងយុវជន ទៅពិនិត្យមើលព្រំដែននៅត្រង់ចំណុចភូមិគោកធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ម្តងរួចហើយ ៕